អន្តរជាតិ
ក្រសួងការបរទេស​អា​មេ​រិ​ក យល់ព្រម​លក់​ដ្រូ​ន​ឲ្យ​តៃវ៉ាន់​តម្លៃ​៦០០​លាន​ដុល្លារ​
04, Nov 2020 , 11:35 am        
រូបភាព
​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ជូនដំណឹង​ដល់​សភា​ពី​ការយល់ព្រម​របស់ខ្លួន​លើ​សំណើ​ទិញ​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​របស់​តៃវ៉ាន់​។ នេះ​ជាការ​យល់ព្រម​លើ​គម្រោង​ទិញ​អាវុធ​មួយទៀត​របស់​ទីក្រុង​វ៉ាស៊ីនតោន បន្ថែម​ពីលើ​គម្រោង​ទិញ​អាវុធ​ជាច្រើន​មុខ​កាលពី​ខែ​មុន​។ ក៏​មិន​ខុសពី​លើក​មុនៗ​ដែរ ចិន​ប្រាកដជា​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។​

 
​ក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ថា ខ្លួន​បានផ្ដល់​ភ្លើង​បៃតង​លើ​ការទិញ​យាន​ដែល​បញ្ជា​ពី​ចម្ងាយ​ចំនួន​បួន​ប្រភេទ​ពី​សំណាក់​តៃវ៉ាន់ និង​គ្រឿង​បរិក្ខារ​ពាក់ព័ន្ធ ដែលមាន​តម្លៃ​សរុប​៦០០​លាន​ដុល្លារ​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា គម្រោង​លក់​អាវុធ​នេះ នឹង​បម្រើ​ផលប្រយោជន៍​ជាតិ សន្តិសុខ និង​សេដ្ឋកិច្ច​របស់​អាមេរិក​តាមរយៈ​ការគាំទ្រ​តៃវ៉ាន់​ក្នុងការ​បន្តធ្វើ​ទំនើបកម្ម​អាវុធ​របស់ខ្លួន និង​ដើម្បី​ធានា​សមត្ថភាព​ការពារ​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ ក្រសួង​ដដែល​បន្តថា​៖ «​គម្រោង​លក់ នឹង​ជួយ​បង្កើន​សន្តិសុខ​ប្រទេស​ដែល​ទិញ និង​ជួយ​រក្សា​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា សេដ្ឋកិច្ច និង​ដំណើរការ​ក្នុង​តំបន់​។​»  
 
​សម្រាប់​អាមេរិក ដ្រូ​ន​ទាំងនេះ ក៏​ជួយ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​តៃវ៉ាន់​តាមរយៈ​ការពង្រឹង​សមត្ថភាព​ស៊ើបការណ៍ និង​យកការណ៍ ក៏ដូចជា​ជួយ​បង្ហាញ​អានុភាព​ប្រឆាំងនឹង​សកម្មភាព​យោធា​ណាមួយ​។ ទោះ​មិន​និយាយ​ចំ អាមេរិក​ចង់​និយាយ​សំដៅ​ចិន​ដែល​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​។​
 
​ការលក់​ដ្រូ​ន​ខាងលើ ជា​គម្រោង​លក់​អាវុធ​ចុងក្រោយ​មួយទៀត​របស់​អាមេរិក​ឲ្យ​តៃវ៉ាន់​។ កាលពី​សប្ដាហ៍​មុន អាមេរិក​ទើប​ផ្ដល់​ភ្លើង​បៃតង​លក់​មី​ស៊ី​ល Harpoon ឲ្យ​តៃវ៉ាន់​តម្លៃ​២.៣៧​ពាន់​លាន​ដុល្លារ​រួចហើយ​។ វា​ក៏​កើតឡើង​ក្រោយ​ចិន​ទើប​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ផង​នោះ​៕
 
 

Tag:
 អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com