ពីនេះ ពីនោះ
សុខភាព
ស្វែងយល់​អំពី​រោគសញ្ញា​នៃ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​គ្រឿង​ស្រវឹង​
05, Nov 2020 , 6:59 am        
រូបភាព
​មនុស្ស​ភាគច្រើន​គិតថា ការខូចខាត​របស់​ថ្លើម​កើតឡើង​ដោយសារតែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ និង​ការជក់បារី​។ ប៉ុន្តែ​រឿងនេះ​មិនមែន​តែងតែ​ពិតប្រាកដ​ទាំងអស់​នោះទេ​។ អ្នកខ្លះ​អាច​នឹងមាន​ជំងឺថ្លើម​បានដែរ​ទោះបីជា​មិនបាន​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏ដោយ​។ ជំងឺ​នេះ​ហៅថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​គ្រឿង​ស្រវឹង​។ ខណៈពេលដែល​ជំងឺ​នេះ​ច្រើនតែ​អាច​រកឃើញ​តាមរយៈ​ការថត​អេកូ តែ​យក​ល្អ​គួរតែ​ស្វែងយល់​អំពី​រោគសញ្ញា​របស់​វា​ផង​។​

 
​ការ​ហើមពោះ​
​វា​គឺជា​អាកា​រៈ​ដំបូង​គេ ហើយក៏​កើតឡើង​ដោយសារតែ​ការប្រមូលផ្តុំ​ជាតិ​ទឹក​ក្នុង​ប្រហោង​ពោះ​ដែរ​។ ខណៈពេល​ដែលមាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​រឿងនេះ​មែន​នោះ តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិនមែន​គ្រឿង​ស្រវឹង​ក៏​ជា​ផ្នែក​មួយ​របស់​វា​ដែរ​។ ចាប់តាំងពី​ថ្លើម​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​មក ការដែល​ខូច​មុខងារ​ថ្លើម​គ្រាន់តែ​ធ្វើ​ឲ្យ​វា​ពិបាក​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន និង​លេច​ទឹក​ចូលទៅក្នុង​ប្រហោង​ពោះ​ប៉ុណ្ណោះ​។​
 
​រីក​សរសៃឈាម​
​ចាប់តាំងពី​ការកើនឡើង​ជាតិពុល​កើតមាន​នៅពេលដែល​មុខងារ​ថ្លើម​ថយចុះ​មក សរសៃឈាម​ក៏​ចាប់ផ្តើម​រីក​ធំ ដែលជា​ហេតុ​នាំ​ឲ្យ​យើង​មើលឃើញ​សរសៃ​រីក​ធំៗ​នៅក្រោម​ស្បែក​តែម្តង​។​
 
​សុដន់​មនុស្ស​ប្រុស​រីក​ធំ​
​ខណៈពេលដែល​អាកា​រៈ​នេះ​អាច​បង្ហាញ​ដឹង​អំពី​រឿង​ច្រើន​មែន តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារ​មិនមែន​គ្រឿង​ស្រវឹង​ក៏​ជា​ផ្នែក​មួយ​របស់​វា​ដែរ​។ បុរស​គួរតែ​សង្ស័យ​អំពី​រឿងនេះ​ផង​នៅពេល​ជួប​បញ្ហា​សុដន់​ខ្លួន​រីក​ធំ​។​
 
​អណ្តើក​រីក​ធំ​
​អណ្តើក​ដើរតួនាទី​ច្រើនណាស់​ចំពោះ​រាងកាយ​មនុស្ស បញ្ចេញ​ជាតិពុល និង​ជា​ផ្នូរ​កប់ខ្មោច​គ្រាប់​ឈាមក្រហម និង​គ្រាប់​ឈាម​ផ្សេងៗ​ទៀត​។ ការរីក​ធំ​របស់​អណ្តើ​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា ប្រពន្ធ​ភាពស៊ាំ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ហើយ​។​
 
​ស្បែក​ទៅជា​ពណ៌​លឿង​
​ការដែល​ស្បែក​ទៅជា​ពណ៌​លឿង​បែបនេះ វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺថ្លើម ហើយ​បើសិនជា​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារ​មិនមែន​គ្រឿង​ស្រវឹង ក៏​ចេញ​ជា​អាកា​រៈ​បែបនេះ​ដូចគ្នា​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com