អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ និង​លោក បៃ​ឌិន សង្ឃឹម​ឈ្នះ​ដូចគ្នា ខណៈ​លោក បៃ​ឌិន កំពុង​នាំមុខ​
04, Nov 2020 , 2:46 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងពីរ សុទ្ធតែ​មានសង្ឃឹម​ខ្ពស់​ដូចគ្នា​ក្នុង​ការទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ បើតាម​លទ្ធផល​រាប់​សន្លឹកឆ្នោត​បណ្ដោះអាសន្ន លោក បៃ​ឌិន កំពុងមាន​ចំនួន​ប្រតិភូ​ច្រើនជាង​លោក ត្រាំ តែ​លោក ត្រាំ កំពុង​នាំមុខ​លោក បៃ​ឌិន ក្នុង​រដ្ឋ​សំខាន់ៗ​ដែល​កំណត់​វាសនា​បេក្ខជន​ទាំងពីរ​។

 
​ពី​រដ្ឋ​កំណើត Delaware បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន និយាយថា លោក​កំពុង​ឈ្នះ​ក្នុងការ​បោះឆ្នោត​ដ៏​ស្រួចស្រាល​។ លោក​ប្រាប់​អ្នកគាំទ្រ​របស់លោក​ថា​៖ «​យើង​ជឿថា យើង​ស្ថិត​លើផ្លូវ​ឈ្នះ​ការបោះឆ្នោត​នេះ​។ បន្ត​ជឿជាក់​អ្នក​ទាំងអស់គ្នា យើង​នឹង​ឈ្នះ​។​»  
 
​យ៉ាងណាមិញ លោក បៃ​ឌិន ក៏​ព្រមាន​ដែរ​ថា ការបោះឆ្នោត​សំបុត្រ​ដែលជា​លទ្ធផល​នៃ​ការ​រាលដាល​ជំងឺ COVID-19 នឹងធ្វើ​ឲ្យ​ការចេញ​លទ្ធផល​ចំណាយពេល​យូរ​។ 
 
​ភ្លាមៗ​នោះ លោក ដូ​ណា​ល់ ត្រាំ ក៏​ចេញ​សារ​តាម Twitter ដោយបាន​ទស្ស​ទាយ​ពី​ជ័យជម្នះ​លោក​ដូចគ្នា​។ «​យើង​មាន​លទ្ធផល​ធំ ប៉ុន្តែ​ពួកគេ​កំពុង​ព្យាយាម​លួច​ការបោះឆ្នោត​។​» នេះ​ជា​សំណេរ​របស់លោក ត្រាំ ។​
 
​ខណៈ សន្លឹកឆ្នោត​រាប់បាន​១២០​លាន​សន្លឹក​រួចរាល់ លទ្ធផល​ព្យាករណ៍ បង្ហាញថា លោក បៃ​ឌិន នៅ​នាំមុខ​តិចតួច​ប៉ុណ្ណោះ​លើ​បេក្ខជន​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ជាមួយ​ចំនួន​ប្រតិភូ ២២៣ ទល់នឹង​២១២​។ នេះ​បើតាម​លទ្ធផល​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ។  ការ​ទៅ​ប្រកៀក​ប្រកិត​នេះ កើតឡើង​ក្រោយ​លោក ត្រាំ ឈ្នះ Texas ដែលមាន​៣៨​ប្រតិភូ ។​
 
​ការរាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ Pennsylvania, Wisconsin, Michigan, North Carolina, Nevada, និង Georgia បន្ត​ធ្វើឡើង​នៅឡើយ​។ លទ្ធផល​នៅតាម​រដ្ឋ​ទាំងនេះ នឹង​កំណត់ថា លោក ត្រាំ បន្ត​ដឹកនាំ​អាមេរិក ឬ​លោក បៃ​ឌិន ក្លាយជា​ប្រធានាធិបតី​ទី​៤៦៕ 

Tag:
 អាមេរិក​
  ចូ បៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com