អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចុះហត្ថលេខា​លើ​ច្បាប់​បង្កើត​ការងារ​ដ៏​ចម្រូងចម្រាស​
05, Nov 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព៖ Jakarta Globe
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព៖ Jakarta Globe
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ចូ​កូ វី​ដូ​ដូ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា បាន​ចុះហត្ថលេខា​លើ​ច្បាប់​បង្កើត​ការងារ​ថ្មី​ដ៏​ចម្រូងចម្រាស បើទោះបីជា​កម្មករ និ​យោ​ជិ​ក បានធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​លុបចោល​ច្បាប់​នេះ​ក៏ដោយ​។

 
​ច្បាប់​បង្កើត​ការងារ​ត្រូវបាន​សភា​ឥណ្ឌូណេស៊ី អនុម័ត​តាំងពី​ថ្ងៃទី​៥ ខែតុលា មក​ម្លេះ ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា និង​ទីក្រុង​ផ្សេងៗ​ទៀត​។ ថ្មីៗ​នេះ កម្មករ និ​យោ​ជិ​ក ក៏បាន​បាតុកម្ម​ជាថ្មី​នៅ​ទីក្រុង​ហ្សា​ការ​តា​ផងដែរ ដោយ​សំអាង​វា​នឹង​បន្ថយ​អត្ថប្រយោជន៍​កម្មករ និ​យោ​ជិ​ក និង​ប៉ះពាល់​បរិស្ថាន​។ 
 
​បើទោះបី​ជាមាន​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​នេះ​ក៏ដោយ ក៏​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅតែ​បន្ត​គាំទ្រ​ច្បាប់​ការងារ​ដដែល​។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី លោក Fadjroel Rachman ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ការងារ​ឆ្នាំ​២០២០​រួចហើយ​។ ទន្ទឹមគ្នានេះ លោក Rachman បាន​បន្តថា ច្បាប់​ការងារ​នេះ គឺ​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី និង​អនាគត​របស់​ឥណ្ឌូណេស៊ី​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត Jakarta Globe ច្បាប់​ការងារ​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋមន្ត្រី​ច្បាប់ និង​សិទ្ធិមនុស្ស លោក Yasonna Laoly និង​មាន​ចុះ​ក្នុង​រដ្ឋកិច្ច​ឆ្នាំ​២០២០ លេខ​២៤៥​រួចហើយ​។ បើទោះបីជា​ប្រធានាធិបតី មិន​ចុះហត្ថលេខា​ក៏ដោយ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន បន្ទាប់ពី​សភា​បានអនុម័ត​រយៈ ៣០​ថ្ងៃ​។ ការចុះហត្ថលេខា​របស់​លោក​ចូ​កូ​វី​នេះ ធ្វើឡើង​តែប៉ុណ្ណោះ​ថ្ងៃ​ប៉ុណ្ណោះ មុន​ច្បាប់​បង្កើត​ការងារ​ថ្មី​នេះ​ចូល​ជា​ធរមាន​។ 
 
​ខណៈ​ច្បាប់​នេះ ជិត​ចូល​ជា​ធរមាន វា​នៅមាន​បញ្ហា​ចម្រូងចម្រាស និង​ការភាន់ច្រឡំ​ច្រើន​រាប់ទាំង​ចំនួន​ទំព័រ​របស់​ច្បាប់​បង្កើត​ការងារ​ថ្មី​នេះ​ជាដើម​។ ច្បាប់​នេះ បើ​ទាយ​យក​ពី​វេ​ប​សាយ​របស់​សភា គឺមាន​ចំនួន ១២០៨​ទំព័រ ខណៈពេល​ច្បាប់​នេះ នៅពេល​គេ​ជជែក​ដេញដោល​ក្នុង​សភា គឺមាន​ចំនួន ៩០៥​ទំព័រ​ជាដើម​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​ច្បាប់​របស់​ប្រធានាធិបតី បាន​និយាយ​ការពារ​ថា បើទោះបី​ជាមាន​ការខុស​ទំព័រ​ក៏ដោយ ប៉ុន្តែ​ច្បាប់​នេះ គឺ​មិនមែន​ការកែប្រែ​អ្វី​ទេ​។ សូមបញ្ជាក់ថា ច្បាប់​បង្កើត​ការងារ​ថ្មី​នេះ គឺ​កើតចេញពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៧៩ ៕ 

Tag:
 ​ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com