អន្តរជាតិ
លោកស្រី ផេ​ឡូ​ស៊ី ជាប់ឆ្នោត​ជាថ្មី ខណៈ​បក្ស​ប្រជាធិបតេយ្យ​នាំមុខ​បណ្តោះអាសន្ន​ក្នុង​សភា​តំណាង​
04, Nov 2020 , 10:59 pm        
រូបភាព
លោកស្រី Nancy Pelosi ប្រធានសភាតំណាង។ រូបភាព៖ AFP
លោកស្រី Nancy Pelosi ប្រធានសភាតំណាង។ រូបភាព៖ AFP
ដោយ:
​ប្រធានសភា​តំណាង​អាមេរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ជាប់ឆ្នោត​សារជាថ្មី​ក្នុងការ​បោះឆ្នោត​សភា​អាមេរិក​នីតិកាល​ទី​១១៧​។ លោកស្រី ផេ​ឡូ​ស៊ី ឈរឈ្មោះ​ទល់នឹង​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដូចគ្នា​។​

 
​ក្នុង​លទ្ធផល​រាប់​សន្លឹក​អាសន្ន លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ដោយ​ទទួលបាន​សំឡេង​ជាង​២២​ម៉ឺន​(៧៩​ភាគរយ​) ទល់នឹង​លោក Shahid Buttar ដែល​ទទួលបាន​ត្រឹមតែ​៥​ម៉ឺន​សំឡេង​(២០​ភាគរយ​)​ប៉ុណ្ណោះ​។ លោកស្រី ជា​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​ទី​១២ នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​
 
​ស្របពេល​ជាមួយគ្នានេះ លទ្ធផល​នៃ​ការបោះឆ្នោត​បណ្តោះអាសន្ន​ក្នុង​សភា​តំណាង​អាមេរិក បង្ហាញថា​បក្ស​ប្រជាធិបតេយ្យ​កំពុង​នាំមុខ​បក្ស​សាធារណរដ្ឋ ដោយ​ទទួលបាន​អាសនៈ​ចំនួន​១៨៩ ទល់​និង​១៨១​អាសនៈ​។ នៅសល់​អាសនៈ​ចំនួន​៦៥​ផ្សេងទៀត​ដែល​មិនទាន់​បង្ហាញ​លទ្ធផល​។ ដើម្បី​គ្រប់គ្រង​សភា​តំណាង​បាន បក្ស​ណាមួយ​ត្រូវមាន​អាសនៈ​២១៨ ក្នុង​សភា​ដែលមាន​អាសនៈ​សរុប​ចំនួន​៤៣៥៕

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com