ជាតិ
បទសម្ភាសន៍
ការប្រើប្រាស់​ឧបករណ៍​ភ្លេងខ្មែរ​កាន់តែច្រើន តែ​វត្ថុធាតុដើម និង​អ្នកចេះ​ផលិត​កាន់តែ​ថយ​
05, Nov 2020 , 7:59 am        
រូបភាព
ដោយ:
​លោក ម៉ុ​យ ប៊ុន​លាប ជា​ម្ចាស់​អាជីវកម្ម​លក់​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ដោយ​លោក​បាន​បន្ត​របរ​នេះ  ពី​ពី​លោកឪពុក​ដែលមាន​វ័យ​កាន់តែ​ចាស់​។ ទើប​កាន់ការ​ងារ​បាន​២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​វ័យ​២២​ឆ្នាំ​រូបនេះ ថា​ខ្លួន​កាន់តែ​ស្រឡាញ់ និង​ចង់​អភិរក្ស​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ បន្ត​សម្រាប់​ជំនាន់​ក្រោយ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ThmeyThmey25 លោក ប៊ុន​លាប អះអាងថា និន្នាការ​គាំទ្រ​ឧបករណ៍​ភ្លេងបុរាណ​នាពេល​បច្ចុប្បន្ន​មានការ​កើនឡើង ដែល​នេះ​គឺជា​ការលើកទឹកចិត្ត ដល់​អ្នក​ផលិត និង​អ្នក​អភិរក្ស​។ តែ​យ៉ាងណាក៏ដោយ ម្ចាស់​អាជីវកម្ម​រូបនេះ កំពុង​ព្រួយចិត្ត ពី​ការថយចុះ​នៃ​វត្ថុធាតុដើម និង​ធនធានមនុស្ស​ដែល​ចេះ​ធ្វើ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​នេះ​។​

 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា ខន ណា​រី នៃ​សារព័ត៌មាន​ThmeyThmey25 និង​លោក ម៉ុ​យ ប៊ុន​លាប ម្ចាស់​អាជីវកម្ម​ឧបករណ៍​ភ្លេងខ្មែរ ដូចតទៅ​៖
 
 
​លោក ម៉ុ​យ ប៊ុន​លាប បាន​គ្រប់គ្រង​អាជីវកម្ម​លក់​ឧបករណ៍​បុរាណ​ខ្មែរ យីហោ ម៉ាច ម៉ុ​យ ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ព្រះ​ស្រែ ស្រុក​ឧតុង្គ ខេត្តកំពង់ស្ពឺ​។ យុវជន​វ័យ​២៩​ឆ្នាំ​រូបនេះ បន្ត​របរ​ផលិត និង​លក់​ឧបករណ៍​ភ្លេងខ្មែរ ពី​លោកឪពុក​ដែលមាន​វ័យ​កាន់តែ​ចាស់ ហើយក៏​កំពុង​ផលិត និង​លក់​ឧបករណ៍​ភ្លេងខ្មែរ ប្រមាណ​១០០​ប្រភេទ​។ 
 
​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25 លោក ប៊ុន​លាប អះអាងថា លោក កាន់តែ​ស្រឡាញ់ ឧបករណ៍​ខ្មែរ​បុរាណ និង​មាន​ចង់​អភិរក្ស​ឧបករណ៍​ខ្មែរ​ទាំងនេះ ដើម្បី​អ្នកជំនាន់ក្រោយ​បាន​ស្គាល់ ក្រោយ​គ្រប់គ្រង​អាជីវកម្ម​បន្ត​ពី​ឪពុក​ប្រមាណ​២​ឆ្នាំ​មកនេះ​។ 
 
​បើតាម​លោក ប៊ុន​លាប និន្នាការ​គាំទ្រ​ឧបករណ៍​ភ្លេងបុរាណ​មានការ​កើនឡើង ដែល​នេះ​គឺជា​ការលើកទឹកចិត្ត​យ៉ាង​ធំធេង ដល់​អ្នក​ផលិត និង​អ្នក​អភិរក្ស​ឧបករណ៍​ភ្លេងខ្មែរ ក៏ដូចជា​ជួយ​សម្រួល​ដល់​ជីវភាព ពលរដ្ឋ​ដែល​ប្រកប​របរ​នេះដែរ​។  លោក ម៉ុ​យ ប៊ុន​លាប សង្ឃឹមថា សាធារណជន ពិសេស​យុវជន នឹង​នៅតែ​បន្ត​គាំទ្រ​ឧបករណ៍​ភ្លេងខ្មែរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ចូលរួម​អភិរក្ស​វប្បធម៌​ខ្មែរ​ដែរ​។​
 
​ទោះជា​យ៉ាងនេះ​ក្តី យុវជន​រូបនេះ​កំពុង​កង្វល់​រឿង​កង្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​ឧបករណ៍​ភ្លេង ជាពិសេស​ប្រភេទ​ឈើប្រណិត​ដូចជា​បេង នាងនួន ក្រញូង ដែល​កាន់តែ​ខ្សត់ និង​មានតម្លៃ​ថ្លៃ​។ ក្រៅពី​វត្ថុធាតុដើម បញ្ហា​ដ៏​សំខាន់​មួយទៀត​ដែរនោះ គឺ​អ្នក​ដែល​ចេះ​ធ្វើ​ឧបករណ៍​ភ្លេង​នេះ​តែម្តង​។ នេះ​ជាការ​ត្អូញត្អែ​របស់លោក ប៊ុន​លាប មុននឹង​ម្ចាស់​អាជីវកម្ម​វ័យ​២២​ឆ្នាំ​រូបនេះ បន្ត​ប្រាប់​ThmeyThmey25​ថា​៖«​អនាគត​អាច​នឹងមាន​បញ្ហា​ជាង​បច្ចុប្បន្ន ព្រោះ​មានការ​ថយចុះ​នូវ​វត្ថុធាតុដើម​»៕
 
 
 
 
 

Tag:
 SME
  ម៉ុ​យ ប៊ុន​លាប​
  ឧបករណ៍​ភ្លេងខ្មែរ​
 ​កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com