ពីនេះ ពីនោះ
«​វិជ្ជាជីវៈ​អាជីព​»​មានន័យ​ពិតប្រាកដ​យ៉ាងដូចម្តេច​?
05, Nov 2020 , 7:29 am        
រូបភាព
​​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត បាន​ពន្យល់​ពាក្យ​នេះ​ដាច់ពីគ្នា​។ «​វិជ្ជាជីវៈ​» មានន័យថា មុខតំណែង​, មុខការ​របរ​សម្រាប់​ចិញ្ចឹមជីវិត​។ ឧទាហរណ៍ វិជ្ជាជីវៈ​របស់​អ្នករាជការ​។ ប្រកប​វិជ្ជាជីវៈ​ខាង​កសិកម្ម​។​ល​។

 
«​អាជីព​» មានន័យថា ដំណើរ​នៅមាន​ជីវិត ការរស់នៅ ដំណើរ​ធ្វើការ​របរ​ចិញ្ចឹមជីវិត​។ ឧទាហរណ៍ គាត់​មានការ​លក់ដូរ​ជា​អាជីព​របស់គាត់​។ 
 
​ចុះ​ពាក្យ​ពេញ​ដែល​គេ​ច្រើន​និយាយថា លោក​នេះ ឬ​លោក​នោះ ជា​អ្នក​វិជ្ជាជីវៈ​អាជីព (Professional) មានន័យ​ដូចម្តេច​ពិតប្រាកដ​? 
 
​មានការ​ពន្យល់ និង​បកស្រាយ​ផ្សេងៗ​ពីគ្នា​។ អ្នកខ្លះ ពន្យល់​ពាក្យ​«​អ្នក​វិជ្ជាជីវៈ​អាជីព​»​នេះ​ថា គឺជា​បុគ្គល​ដែលមាន​ចំណេះដឹង​ជំនាញ​អ្វីមួយ​ពិតប្រាកដ (​ឆ្លងកាត់​ការសិក្សា បូកផ្សំ​នឹង​ការអនុវត្ត​ច្រើន​ឆ្នាំ​)​។ ឧទាហរណ៍ ដូចជា អាជីព​វេជ្ជបណ្ឌិត មេធាវី ចៅក្រម អ្នកសារព័ត៌មាន​។​ល​។ អ្នក​ខ្លះទៀត បន្ថែម​អត្ថន័យ​ថា ដើម្បី​អាច​ឲ្យ​គេ​ហៅថា​«​អ្នក​វិជ្ជាជីវៈ​អាជីព​»​បាន លុះត្រាតែ​អ្នក​វិជ្ជាជីវៈ​អាជីព​ទាំងនោះ មាន​ក្រមសីលធម៌ វិន័យ និង​សីលធម៌​ប្រកាន់ខ្ជាប់​នៅក្នុង​ខ្លួន​បន្ថែមទៀត​។ 
 
​សរុបសេចក្តី​មក «​អ្នក​វិជ្ជាជីវៈ​អាជីព​» ត្រូវមាន​គុណសម្បត្តិ​មួយចំនួន ដូចជា ចំណេះដឹង ជំនាញ បទពិសោធន៍ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។ មានតែ​ចំណេះដឹង​ជំនាញ តែ​ខ្វះ​ក្រមសីលធម៌​វិជ្ជាជីវៈ ក៏​គេ​មិនអាច​ហៅ​«​អ្នក​វិជ្ជាជីវៈ​អាជីព​»​បានដែរ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com