COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ហ្វេ​ន​ហុង​គ្រី លែង​ខ្វល់ COVID-19 ​ទៅ​គាំទ្រ​ក្រុម Ferencvaros ពេលប៉ះ Juventus
04, Nov 2020 , 5:26 pm        
រូបភាព
​អ្នកគាំទ្រ​ក្រុម​ហុង​គ្រី Ferencvaros TC បានបង្ហាញ​ក្តី​រីករាយ​នៅពេល​អាច​ត្រឡប់​ចូល​ទីលាន​បាល់ទាត់​វិញ​ដោយ​មិន​ខ្វល់​ពី COVID-19 ក្នុងការ​ប្រកួត Champions League នា​ជំនួប​ដែល Ferencvaros ទទួលភ្ញៀវ Juventus នៅ​រាត្រី​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ​។​


 
​ជា​លើកដំបូង​ក្នុង​រយៈពេល​១៦​ឆ្នាំ​សម្រាប់​ក្រុម Ferencvaros ដែល​អាច​បង្ហាញខ្លួន​ក្នុង​វគ្គ​ចែក​ពូ​ល​ក្របខណ្ឌ​អឺរ៉ុប នៅ​រដូវ​កាល​នេះ ស្របពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ជំងឺ​រាតត្បាត​ដ៏​កាច​សហាវ​។ ក្នុងជំនួប​២​លើកដំបូង​ពូ​ល G ក្រុម​នៃ​លី​គ​កំពូល​ហុង​គ្រី​នេះ បាន​ប្រកួត​ចាញ់​ក្នុង​ដី Barcelona ៥-១ និង​ស្មើ​ភ្ញៀវ Dynamo Kyiv ២-២​។​
 
​សម្រាប់​ជំនួប​ទី​៣​នេះ Ferencvaros ត្រូវ​ទទួល​ក្រុម​សេះបង្កង់ Juventus នៅ​រាត្រី​ម៉ោង ៣:០០​នាទី​នេះ ដែល​រំពឹងថា​កំពូល​កីឡាករ​លំដាប់​ពិភពលោក Cristiano Ronaldo នឹង​ចូល​លេង​ផងដែរ​។ ជំនួប​នេះដែរ ក៏​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Puskas Arena បើ​ទោះ​នៅមាន​ការឆ្លង COVID-19 ក្នុងប្រទេស​នេះ​ក្តី​។​
 
«​នេះ​ជា​ឆ្នាំ​ដែល​ក្រុម Ferencvaros បង្ហាញមុខ​នៅ Champions League និង​ជា​រដូវ​កាល​សម្រាប់​អ្នកគាំទ្រ​របស់​ហុង​គ្រី​ដែរ​»​។ លោក Szebasztian Huber និពន្ធ​នាយក​គេហទំព័រ​ក្រុម​អ្នកគាំទ្រ​ដ៏​ធំ​បំផុត​នៅ​ហុង​គ្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​។​
 
​ចំនួន​អ្នក​ឆ្លង COVID-19 ថ្មី​ក្នុងប្រទេស​ហុង​គ្រី និង​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​មួយ ខណៈដែល​នាយករដ្ឋមន្ត្រី​លោក Viktor Orban មិន​អនុញ្ញាត​ឲ្យ​បិទ​ប្រទេស​នៅឡើយ​។​
 
​នេះ​ក៏​មានន័យថា​អ្នកគាំទ្រ​របស់​ហុង​គ្រី ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​បាល់​ទាត់​ដោយ​មិន​មានការ​រឹតត្បិត​ដដែល ជាពិសេស​ក្នុងជំនួប​របស់​ក្រុម​ដែលមាន​ប្រជាប្រិយ​បំផុត​របស់​ហុង​គ្រី​មួយ​នេះ​។​
 
​ជំនួប​ការប្រកួត​គូ​ដទៃ​នៅ​រាត្រី​ថ្ងៃទី​៤ ខែ​វិ​ច្ឆ​កា​៖
 
​ពូ​ល E
Chelsea Vs Rennes (​ម៉ោង ៣:០០​នាទី​)
Sevilla Vs FC Krasnodar (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល F
Zenit St. Petersburg Vs Lazio (១២:៥៥​នាទី​)
Club Brugge Vs Borussia Dortmund (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល G
Barcelona Vs Dynamo Kyiv (​ម៉ោង ៣:០០​នាទី​)
Ferencvaros Vs Juventus (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល H
Istanbul Basaksehir Vs Manchester United (១២:៥៥​នាទី​)
RasenBallsport Leipzig Vs Paris Saint-Germain (​ម៉ោង ៣:០០​នាទី​)

Tag:
 ​ទេព ពCOVID-19
  Ferencvaros
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com