ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី ៖ សំរាម ជា​បញ្ហា​បរិស្ថាន ដែល​ពលរដ្ឋ​ត្រូវ​រួមគ្នា​ដោះស្រាយ​
05, Nov 2020 , 10:21 am        
រូបភាព
លោក ហ៊ុន ម៉ានី សហស្ថាបនិកគម្រោងភ្នំពេញស្អាត ថ្លែងនៅក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០ នាថ្ងៃទី៤ ខែវិច្ឆិកា
លោក ហ៊ុន ម៉ានី សហស្ថាបនិកគម្រោងភ្នំពេញស្អាត ថ្លែងនៅក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០ នាថ្ងៃទី៤ ខែវិច្ឆិកា
​ភ្នំពេញ​៖ «​ភ្នំពេញ​ស្អាត » ជា​យុទ្ធនា​ការអប់រំ​បរិស្ថាន​ស្អាត បញ្ហា​កាកសំណល់ និង​សោភ័ណភាព​ទីក្រុង​។ យុទ្ធនាការ​នេះ ប្រ​ព្រឹ​ត្រ​ទៅ​ពេញ​មួយខែ​វិច្ឆិកា តាមរយៈ​យន្ត​នា​ការ​នៃ​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ការអប់រំ ស្ដីពី​ការ​ទុក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។


 
«​ស្អាត​គឺជា​ទម្លាប់​ថ្មី​» ជា​ពាក្យស្លោក​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។ នៅក្នុង​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​»​ដែល​រៀបចំ​នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី​(NOCC)​នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត បាន​លើកឡើងថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ពី​បញ្ហា​ប្រឈម រួមទាំង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ 
 
​សហ​ស្ថាបនិក​រូបនេះ បាន​បន្ថែមថា ឆ្នាំនេះ​កម្ពុជា និង​ពិភពលោក បាន​ជួប​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​ពលរដ្ឋ​មាន​ទម្លាប់​រស់នៅ​ថ្មី ដូចជា​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព និង​លាងដៃ​ញឹកញាប់​ជាដើម ដូចនេះ​ពាក្យស្លោក​«​ស្អាត​ជា​ទម្លាប់​ថ្មី​» គឺ​ចង់​ជំ​រុញឱ្យ​ពលរដ្ឋ គិតគូរ​ទាំង​បញ្ហា​សំរាម និង​សុខភាព​។​
 
 «​បើសិនជា យើង​រស់នៅ​ដោយ​រក្សា​អនាម័យ​ខ្ពស់ គឺ​យើង​នឹង​អាច​បង្ការ​ជំងឺ​កូ​វីដ​-១៩ បច្ចុប្បន្ន និង​អនាគត​បន្ថែមទៀត​។ អ៊ីចឹង​ផ្អែកទៅលើ​បញ្ហា​ហ្នឹង រឿង​សំរាម រឿង​ប្រមូល​សំរាម ការបែងចែក​សំរាម មិនមែនជា​រឿង​បរិស្ថាន​ទេ តែ​វា​ជា​រឿង​សុខភាព​សាធារណៈ​»​។  នេះ​ជាការ​បញ្ជាក់ របស់ លោក ហ៊ុន ម៉ា​នី ។ 
 
​នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​បាន​បង្កើតឱ្យមាន​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​»​។ យុទ្ធនាការ​ឆ្នាំនេះ នឹង​ប្រមូលផ្ដុំ​ទៅដោយ​ក្រុមយុវជន សិស្ស និស្សិត ស្ថាប័ន​ពាក់ព័ន្ធ សិល្បករ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម និង​ជា​គំរូ​ភាព​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​គិតគូរ រឿង​បញ្ហា​សំរាម​។ 
 
​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា  ការធ្វើឱ្យ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព​ស្រស់ស្អាត មាន​អនាម័យ បរិស្ថាន​ល្អ និង​គ្មាន​សំណល់​ប្លា​ស្ទិ​ក រាយប៉ាយ គឺ​មិន​ពឹងផ្អែក​តែ​លើ​អាជ្ញាធរ​តែប៉ុណ្ណោះ​ទេ គឺ​ទាមទារ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ដូចនេះ​ដើម្បីឱ្យ​យុទ្ធនាការ​« ភ្នំពេញ​ស្អាត​» ដំណើរការបាន​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ  លោក ហួត ហៃ បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ពលរដ្ឋ​ទាំងអស់ គឺ​ត្រូវ​ចូលរួម​យ៉ាងសកម្ម ដើម្បី​ធានា​និរន្ត​ភាព​ទីក្រុង​ភ្នំពេញ​ស្អាត​។ 
 
​គួរ​បញ្ជាក់ថា នៅ​កម្ពុ​ជាមាន​សំរាម​ជាង​ជាង​១​ម៉ឺន​តោន ដែល​ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ជាង​៣​ពាន់​តោន ក្នុង​មួយថ្ងៃ​៕  
 
 

Tag:
 យុទ្ធនាការ​ភ្នំពេញ​ស្អាត​
 ​ហ៊ុន មា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com