អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ​២​ចុងក្រោយ​ដែល​លោក បៃ​ឌិន​ឈ្នះ​ឡើងវិញ​
05, Nov 2020 , 10:52 am        
រូបភាព
ដោយ:
​លោក ចូ បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ កើប​សំឡេង​ប្រតិភូ​បាន​២៦៤​ហើយ ក្រោយ​ឈ្នះ​រដ្ឋ​ប្រទាញប្រទង់​២ រួមមាន Michigan និង Wisconsin ។ លោក បៃ​ឌិន​រំពឹងថា លោក​នឹង​ឈ្នះ​នៅពេល​សន្លឹកឆ្នោត​ត្រូវបាន​រាប់ទាំង​អស់​។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ក្ដៅ​ក្បាល និង​ទារ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​រដ្ឋ​ខ្លះ​។​

 
​ក្នុង​រដ្ឋ Wisconsin ដែល​លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ​ធ្លាប់​ទទួល​ជ័យជម្នះ​ក្នុង​ឆ្នាំ​២០១៦ លោក ចូ បៃ​ឌិន ឈ្នះ​ក្នុង​លទ្ធផល​ប្រកៀកប្រកើយ​បំផុត ជាមួយ​សំឡេងគាំទ្រ ៤៩,៦​ភាគរយ ទល់ ៤៨,៩ ភាគរយ ឬ​លើស​ត្រឹម​ជាង​២​ម៉ឺន​សន្លឹកឆ្នោត​ប៉ុណ្ណោះ​។ ខាង​ក្រុម​ឃោសនា​លោក​ត្រាំ ហាក់​មិន​សុខ​ចិត្តនឹង​លទ្ធផល​នេះ ហើយ​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ដែលមាន​ប្រតិភូ​១០​នាក់​នេះ​ឡើងវិញ​។ 
 
​លោក បៃ​ឌិន ត្រូវបាន​រាយការណ៍​ថា ឈ្នះ​រដ្ឋ Wisconsin ក្រោយ​សន្លឹកឆ្នោត​ប៉ាន់​ស្មានថា រាប់​អស់​៩៩​ភាគរយ​។ នេះ​បើតាម​លទ្ធផល​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក Associated Press (AP) ។ ជោគជ័យ​រដ្ឋ​នេះ បូកផ្សំ​នឹង​ការ​ក្ដាប់បាន រដ្ឋ Michigan មួយទៀត បាន​រុញ​ឲ្យ​បេក្ខជន បៃ​ឌិន ទៅកាន់​តែ​កៀក​តំណែង​ម្ចាស់​សេត​វិមាន​អាមេរិក ជាមួយ​ចំនួន​ប្រតិភូ​ក្នុង​ដៃ​រហូតដល់ ២៦៤ សំឡេង ដោយ​ខ្វះ​តែ​៦​ប្រតិភូ​ទៀត​ប៉ុណ្ណោះ​។ 
 
​ក្រុម​ឃោសនា​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​សេចក្តីថ្លែងការណ៍​មួយ បានទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ម្ដងទៀត​ក្នុង​រដ្ឋ Wisconsin ទោះបីជា​លទ្ធផល​បោះឆ្នោត​ផ្លូវការ ពុំទាន់​ប្រកាស​នៅឡើយ​ក្តី​។ 
 
«​វា​មាន​របាយការណ៍​ស្តីពី​ភាពមិនប្រក្រតី​ក្នុង​មណ្ឌល​មួយចំនួន​នៃ​រដ្ឋ Wisconsin ដែល​បង្ក​ជា​កង្វល់​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ភាពត្រឹមត្រូវ​នៃ​លទ្ធផល​ឆ្នោត​»​។ ប្រធាន​ក្រុម​ឃោសនា​លោក​ត្រាំ Bill Stepien បញ្ជាក់​បែបនេះ ដោយ​ពុំ​លម្អិត​ជុំវិញ​របាយការណ៍​ណាមួយ​ឡើយ​។ លោក​លើកឡើង​បន្តថា ប្រធានាធិបតី​ស្នើ​ឲ្យ​រាប់​សន្លឹកឆ្នោត​ទីនោះ​ឡើងវិញ​។ 
 
​រដ្ឋ Wisconsin ក៏​ធ្លាប់មាន​ប្រវត្តិ​រាប់​សន្លឹកឆ្នោត​ទូទាំង​រដ្ឋ​ឡើងវិញ​ផងដែរ​។ ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ក្នុង​រដ្ឋ Wisconsin អំឡុង​ការបោះឆ្នោត​អាមេរិក​២០១៦ បាន​រកឃើញ​សន្លឹកឆ្នោត​បន្ថែម​ជាង​១០០​សំឡេង​ប៉ុណ្ណោះ​សម្រាប់​លោក ត្រាំ ។ យ៉ាងណាមិញ សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ លោក បៃ​ឌិន ឈ្នះ​លោក ត្រាំ ក្នុង​រដ្ឋ​នេះ​រហូតដល់​ជាង​២​ម៉ឹ​ន​សំឡេង​ឯណោះ​។​
 
​រដ្ឋ​នេះ ប្រទាញប្រទង់​ខ្លាំង​រវាង​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ ដោយ​បេក្ខជន​បក្ស​ប្រជា​ធិ​ប​តយ្យ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានឈ្នះ​រដ្ឋ Wisconsin ៧​ពិន្ទុ ក្នុង​ឆ្នាំ​២០១២​។ ដោយឡែក អ្នកស្រី Hillary Clinton ក្នុង​ឆ្នាំ​២០១៦ មិន​អើពើ​រដ្ឋ​នេះ ហើយ​ចុងក្រោយ​ចាញ់​លោក​ត្រាំ តិចជាង​១​ភាគរយ​ប៉ុណ្ណោះ​។ 
 
​មែនទែនទៅ ពុំទាន់​បេក្ខជន​ណា ត្រូវបាន​ប្រកាសថា​ជា​អ្នកឈ្នះ​នៅឡើយ​ទេ​ក្នុងការ​បោះឆ្នោត​រវាង​លោក ត្រាំ និង​លោក បៃ​ឌិន នេះ ពោលគឺ​នៅសល់​រដ្ឋ​៤​ទៀត រាប់​មិនទាន់​អស់​សន្លឹកឆ្នោត​មានដូចជា រដ្ឋ Nevada, Pennsylvania, Georgia និង North Carolina ។ 
 
​លោក បៃ​ឌិន ដែលមាន​សំឡេង​ប្រតិភូ ២៦៤ ក្នុង​ដៃ ត្រូវការ​ឈ្នះ Nevada ដែលមាន​ប្រតិភូ ៦ ទៀត​ប៉ុណ្ណោះ ដើម្បី​គ្រង​ជា​ម្ចាស់​សេត​វិមាន​អាមេរិក​។ លោក បៃ​ឌិន កំពុង​នាំមុខ​ក្នុង​រដ្ឋ Nevada ជាមួយ​សំឡេង​តិចតួច​ប៉ុណ្ណោះ ក្នុងចំណោម​សន្លឹកឆ្នោត​ដែល​រាប់​អស់​ជាង​៧៥​ភាគរយ​ហើយ​នោះ​។ ចំណែក លោក ត្រាំ ដែល​កំពុង​នាំមុខ​ក្នុង​រដ្ឋ​ប្រទាញប្រទង់​រួមមាន Pennsylvania, Georgia និង North Carolina ត្រូវការ​ឈ្នះ​ទាំង ៤ រដ្ឋ តែម្ដង​។ 
 
​កាលពី​ម្សិលមិញ លោក ត្រាំ ធ្លាប់បាន​បង្ហើប​ថា ការបោះឆ្នោត​អាមេរិក​ដែល​មិនទាន់​ដាច់ស្រេច អាច​ធ្លាក់​ដល់ដៃ​តុល​ការ​កំពូល​ជា​អ្នកកាត់ក្តី ហើយ​បាន​ចោទថា លទ្ធផល​ឆ្នោត មាន​ការកេងបន្លំ​ផងដែរ​៕ 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com