ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កើន​ទម្ងន់​ព្រោះ​កត្តា​អ័រម៉ូន នឹង​បង្ហាញ​អាកា​រៈ​អ្វីខ្លះ​?
05, Nov 2020 , 6:59 pm        
រូបភាព
​ក្រៅពី​របប​អាហារ​មិនល្អ របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ មិន​ធ្វើ​លំ​ហាត់ប្រាណ និង​គេង​មិនបាន​គ្រប់គ្រាន់​ហើយ​នោះ​ក៏​នៅមាន​កត្តា​ចម្បង​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​អ្នក​ឡើង​គីឡូ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អ័រម៉ូន​ក៏​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ទម្ងន់​ផងដែរ​។ ស្ត្រី​គឺ​ងាយ​នឹង​កើន​ទម្ងន់​អ័រម៉ូន​ច្រើនជាង​បុរស​។ តើ​យើង​អាច​ដឹងបាន​ថា​កំពុង​ឡើង​គីឡូ​ដោយសារ​អ័រម៉ូន​ដែរ​ឬ​មិនមែន​ដោយ​របៀប​ណា​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាកា​រៈដែ​លអាច​បញ្ចា​ក់បាន​ថា​អ្នក​កំពុង​កើន​ទម្ងន់​ដោយសារ​បញ្ហា​អ័រម៉ូន ៖

 
១. អស់កម្លាំង​ល្ហិតល្ហៃ​ជាប្រចាំ​
 
​អតុល្យភាព​នៃ​អ័រម៉ូន​ដូចជា​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទាប អ័រម៉ូន​ស្ត្រេ​ស cortisol ព្រមទាំង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (hypothyroidism) នឹង​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​សឹងតែ​គ្រប់ពេល​។ ពិសេស​ប្រសិនបើ​បាន​សម្រាក​ហើយ អ្នក​នៅតែមាន​អារម្មណ៍​ថា​ប្រសើរឡើង​បន្តិច​សោះ​នោះ​វា​អាច​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​។​
 
២. ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​
 
​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​កើនឡើង​នៅ​រាល់ពេល​អ្នកទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​កា​ប៊ូ​អ៊ី​ដ្រា​ត​ខ្ពស់​។ បញ្ហា​នោះ គឺ​នៅពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ជាប្រចាំ ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​អាច​កើតឡើង​។ អាំង​ស៊ុយ​លីន​ជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​ទទួលខុសត្រូវ​សម្រាប់​ការបញ្ជូន​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅកាន់​កោសិកា ហើយ​នៅពេល​កោសិកា​ប្រែជា​ធន់​នឹង​អាំង​ស៊ុយ​លីន ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ប្រាកដជា​កើនឡើង​ខ្ពស់​។​
 
៣. ទំហំ​ចង្កេះ​កើនឡើង​
 
​ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​ទំហំ​ចង្កេះ​កាន់តែ​ធំ​ឡើងៗ​សូម្បីតែ​អ្នក​បាន​ទទួលទាន​តែ​អាហារ​សុខភាព​ល្អ​ហើយ​នោះ វា​អាចទៅរួច​ដែល​អ័រម៉ូន​ជា​កត្តា​ចម្បង​នៃ​បញ្ហា​នេះ​។ រាងកាយ​ងាយ​នឹង​ប្រែជា​ធន់​អាំង​ស៊ុយ​លីន​តាម​វ័យ​ជ្រេ​ទៅៗ​នាំឱ្យ​កើន​ទម្ងន់​។ ស្ត្រី​ដែល​ជិត​ដល់​វ័យ​អស់​រដូវ​ងាយ​នឹង​ជួបប្រទះ​នូវ​ផលប៉ះពាល់​នេះ​ណាស់​។​
 
៤. ស្ត្រេ​ស​សឹង​គ្រប់ពេល​
 
​បរិមាណ​នៃ​អ័រម៉ូន cortisol ដែល​រាងកាយ​របស់​អ្នក​កំពុង​ផលិត​អាចរួមចំណែក​ដល់​ការ​កើន​ទម្ងន់​គួរឱ្យកត់សម្គាល់​។ អ័រម៉ូន cortisol ជា​អ័រម៉ូន​ស្ត្រេ​ស​ដែល​ត្រូវបាន​ផលិតឡើង​នៅ​រាល់ពេល​អ្នកមាន​អារម្មណ៍​តានតឹង ឬ​ថប់​បារម្ភ​។ បរិមាណ​នៃ​អ័រម៉ូន cortisol កាន់តែ​ខ្ពស់​រាងកាយ​នឹង​ស្តុក​ទុក​ជាតិ​ខ្លាញ់​កាន់តែច្រើន​នាំឱ្យ​កើន​ទម្ងន់​ដែល​ពិបាក​នឹង​កម្ចាត់​។​
 
៥. ឈឺក្បាល​ជានិច្ច​
 
​អា​ការៈឈឺ​ក្បាល​ក៏​អាច​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​ផងដែរ​ពិសេស​កំឡុង​ពេលមុន ឬ​ក្រោយមក​រដូវ​ដែល​កម្រិត​នៃ​អ័រម៉ូន estrogen ធ្លាក់ចុះ​ទាប​។ បញ្ហា​នោះ គឺ​កម្រិត​ទាប​នៃ​អ័រម៉ូន estrogen បង្កើន​ហានិភ័យ​នៃ​ការ​កើន​ទម្ងន់​អ័រម៉ូន​ដោយ​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ត្រូវ​ទទួលរង​ផលប៉ះពាល់​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ម្សៅ​ក្នុងកំឡុងពេល​នេះ​មានតែ​បង្កបញ្ហា​ដល់​រាងកាយ​ដោយ​រាងកាយ​គ្មាន​ប្រសិទ្ធភាព​បំបែក​ជាតិ​ស្ករ​។​
 
​ការដឹង​ពី​អាកា​រៈ​នៃ​ការ​កើន​ទម្ងន់​ដែល​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​អាចជួយ​អ្នកស្វែងរក​គន្លឹះ​ក្នុងការ​ទប់ស្កាត់​បញ្ហា​មិនឱ្យ​កើតឡើង​តាំងពី​ដំបូង ព្រមទាំង​វិធី​ក្នុងការ​កម្ចាត់​ទម្ងន់​ដែល​បាន​កើនឡើង​រួច​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com