ជាតិ
សង្គមជាតិ
តូប៧៥ ដែលមានទឹកប្រាក់៣៥ម៉ឺនដុល្លារ ត្រូវបានខូចខាតដោយសារអគ្គិភ័យ នៅផ្សារពពិលខេត្តព្រៃវែង រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ អគ្គិភ័យដែលបានឆេះផ្សារពពិល ក្នុងស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង៩ យប់ថ្ងៃទី៤ ខែវិច្ឆិកា បានបណ្តាលឲ្យតូបលក់ដូរចំនួន៧៥តូប ស្មើនឹង៧០ភាគរយ ដែលគិតជាទឹកប្រាក់ចំនួន៣៥ម៉ឺនដុល្លារ ត្រូវបានខូចខាតទាំងស្រុង។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលជាតិ។
លោក ឈាង សុវណ្ណរ៉ា នាយករងរដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើងនេះ គឺដោយសារទុស្សេខ្សែភ្លើង ដែលកើតឡើងនៅម៉ោង៩យប់ នាថ្ងៃទី៤ ខែវិច្ឆិកា និងរលត់ទៅវិញនៅម៉ោង១២កន្លះយប់ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា។ ក្នុងអគ្គិភ័យនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង។
លោក ឈាង សុវណ្ណរ៉ា បានបញ្ជាក់ថា អភិបាលខេត្តនឹងរៀបចំគណៈកម្មាធិការក្នុងការដោះស្រាយជូនអាជីវករដែលរងគ្រោះដោយសារអគ្គិភ័យ។ លោកបានរៀបរាប់ដូច្នេះ៖«ខេត្តទើបតែរៀបចំគណៈកម្មាធិការ។ មានការបន្តយើងនឹងជុំគ្នាទៀត។ យើងនឹងដោះស្រាយជូនគាត់ឆាប់ៗ យើងមិនទុកចោលការងារអ៊ីចឹងទេ គឺយើងត្រូវរៀបចំឲ្យលឿន»៕
© រក្សាសិទ្ធិដោយ thmeythmey.com