កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ខកចិត្ត​ទម្រង់​លេង Man Utd ដែល​ឲ្យ Basaksehir ស្គាល់​ឈ្នះ​ដំបូង​នៅ UCL
05, Nov 2020 , 11:39 am        
រូបភាព
​លោក Ole Gunnar Solskjaer សោកស្តាយ​នៅពេល​ឃើញ​ទម្រង់​លេង​មិនល្អ​របស់​ក្រុម Manchester United បន្ទាប់ពី​ចាញ់ Istanbul Basaksehir ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។ Paris Saint-Germain ដែល​អវត្តមាន Neymar និង Kylian Mbappe ក៏​រង​បរាជ័យ​ក្រោម​ថ្វី​ជើង RasenBallsport Leipzig ២-១ ដូចគ្នា​។​



​នា​ជំនួប​លើក​ទី​៣​ពូ​ល H នៅ​រាត្រី​ថ្ងៃទី​៤ ខែវិច្ឆិកា ក្នុង​កីឡដ្ឋាន Basaksehir Fatih Terim ម្ចាស់ផ្ទះ Basaksehir បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​ដោយ​កីឡាករ Demba Ba នាទី​១៣ និង Edin Visca នាទី​៤០ មុនពេល Anthony Martial សម្រេចបាន​១​គ្រាប់​វិញ​នៅ​៣​នាទី​បន្ទាប់​ឲ្យ​ក្រុម Man Utd​។ ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ​មិនអាច​ធ្វើ​អ្វី​គ្នា​បានឡើយ​ដោយ​បញ្ចប់​ប្រកួត​ក្នុ​លទ្ធផល ២-១​។​
 
​នេះ​ជា​ជ័យជម្នះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម Basaksehir ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩០​មក​។​
 
​ការ​របូត​គ្រាប់​បាល់​ពីរ​គ្រាប់ សុទ្ធតែ​បង្ក​កំ​ហុង​ឡើង​នៅ​តំបន់​ការពារ​របស់​កូនក្រុម​លោក Solskjaer ទាំងអស់​។ ក្រោយ​ចប់​ការប្រកួត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ទូរទស្សន៍ MUTV និង BT Sport លោក Solskjaer បានបង្ហាញ​ការសោកស្តាយ និង​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កូនក្រុម​លោក រហូត​សម្រេចចិត្ត​ដក​ខ្សែការពារ Axel Tuanzebe នៅ​ដើមតង់​ទី​២​ផង​។​
 
«​ទម្រង់​លេង​របស់​ពួកគេ​មិនល្អ​ទេ​សម្រាប់​ក្រុម​យប់​នេះ រហូត​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ពីរ​គ្រាប់ ក្នុងឱកាស​ចំនួន​៣​លើក ដែលជា​កំហុស​ខ្សែការពារ​។ ជាការ​ពិត​យើង​បានជ្រើសរើស​ក្រុម​មួយ​ដើម្បី​ឈ្នះ​ក្នុងការ​ប្រកួត​យប់​នេះ ប៉ុន្តែ​មិន​ដូច​អ្វីដែល​យើង​ចង់បាន​»​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​ប្រាប់​អ្នក​សម្ភាស​ដូច្នេះ​។​
 
​បើទោះជា​បរាជ័យ​នៅ​ជំនួប​នេះ​មែន ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​នៅតែ​ឈរ​កំពូល​តារាង​ពូ​ល H ដដែល​ដោយមាន​៦​ពិន្ទុ​ពី​ការប្រកួត​៣​លើក ខណៈដែល PSG ក៏​ចាញ់ RB Leipzig ២-១ ដែរ​ដ្បិត​មិនមាន​កីឡាករ​ឆ្នើម​របស់ខ្លួន​ទាំងពីរ​រូប Neymar និង Mbappe​។​
 
​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ Thomas Tuchel បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​៣ មាន​៣​ពិន្ទុ ហើយ RB Leipzig ឡើងទៅ​លេខ​២​ក្នុង​ពូ​ល H ដោយ​រកបាន​៦​ពិន្ទុ​ស្មើ Man Utd​។ Basaksehir នៅ​បាត​តារាង​មាន​៣​ពិន្ទុ​។​
 
​លទ្ធផល​ជំនួប​ការប្រកួត​គូ​ដទៃ​នៅ​រាត្រី​ថ្ងៃទី​៤ ខែវិច្ឆិកា​៖
 
​ពូ​ល E
Chelsea ៣-០ Rennes 
Sevilla ៣-២ FC Krasnodar 
 
​ពូ​ល F
Zenit St. Petersburg ១-១ Lazio 
Club Brugge ០-៣ Borussia Dortmund 
 
​ពូ​ល G
Barcelona ២-១ Dynamo Kyiv 
Ferencvaros ១-៤ Juventus 
 
​ពូ​ល H
Istanbul Basaksehir ២-១ Manchester United 
RasenBallsport Leipzig ២-១ Paris Saint-Germain 
 

Tag:
 Ole Gunnar Solskjaer
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com