ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! កំឡុងពេលសម្រកទម្ងន់ ដាច់ខាតគួរកម្រិត ឬកុំទទួលទានអ្វីខ្លះ?
× របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើទម្ងន់រាងកាយ។ ដូច្នេះការដឹងពីអាហារចាំបាច់គួរ ឬត្រូវចៀសវាងកំឡុងពេលសម្រកទម្ងន់ គឺសំខាន់ណាស់! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារសម្រន់ដែលអ្នកគួរតម ឬកម្រិតការទទួលទានកំឡុងពេលសម្រកទម្ងន់ ៖
១. ទំពាំងបាយជូរ
ទោះបីជាផ្លែឈើនេះល្អចំពោះសុខភាព ប៉ុន្តែកំឡុងពេលសម្រកទម្ងន់អ្នកចាំបាច់គួរកម្រិត ឬផ្អាកទទួលទានផ្លែទំពាំងបាយជូរសិនដោយវាមានផ្ទុកជាតិស្ករខ្ពស់។ អ្នកអាចកាត់បន្ថយទំពាំងបាយជូរមកត្រឹមពាក់កណ្ដាលនិងទទួលទានលាយជាមួយឈីសដែលមានផ្ទុកកាឡូរីទាប។ ប្រូតេអ៊ីនក្នុងឈីសនឹងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។
២. បាយស
អាហារនេះមានផ្ទុកជាតិស្ករខ្ពស់និងត្រូវបានរំលាយឆាប់រហ័សដោយរាងកាយ។ ជាលទ្ធផលកម្រិតនៃជាតិស្ករក្នុងឈាមនឹងកើនឡើង ហើយធ្វើឱ្យអ្នកកាន់តែឃ្លានអាហារដែលមានផ្ទុកជាតិស្ករ ខ្លាញ ឬអំបិលខ្ពស់។ កម្រិតនៃជាតិស្ករក្នុងឈាមកើនឡើងក៏នឹងបណ្ដាលឱ្យថាមពលរាងកាយឆាប់ថយចុះផងដែរ។ រាងកាយនឹងចាប់ផ្ដើមឃ្លានអាហារដោយសារកង្វះថាមពល។ ដើម្បីជាការប្រសើរអ្នកគួរព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញ។
៣. ភេសជ្ជៈកំប៉ុងគ្មានជាតិស្ករ
ជាតិផ្អែមសិប្បនិម្មត្តិដែលមានផ្ទុកក្នុងភេសជ្ជៈគ្មានជាតិស្ករអាចបណ្ដាលឱ្យរាងកាយចាប់ផ្ដើមឃ្លានអាហារសម្បូរជាតិស្ករកាន់តែខ្លាំងពិបាកនឹងគ្រប់គ្រង។ ដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានទឹកផ្លែឈើស្រស់ៗ ឬទឹកធម្មតាឱ្យបានច្រើនជំនួសវិញ។
៤. អាហារកំប៉ុង
ភាគច្រើននៃអាហារកំប៉ុង គឺមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិល ដើម្បីអាចរក្សាទុកបានយូរ។ សូដ្យូម គឺជាសារធាតុប្រឆាំងការបញ្ចុះជាតិទឹកដែលមានន័យថា វាជួយរក្សាជាតិទឹកក្នុងរាងកាយ។ ដូច្នេះអ្នកនឹងជួបប្រទះអាការៈហើម ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ហើយមើលទៅធាត់ទោះបីជាអ្នកព្យាយាមសម្រកទម្ងន់យ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត អាហារកំប៉ុងមានផ្ទុកជាតិកាឡូរីខ្ពស់ ប៉ុន្តែសារធាតុចិញ្ចឹមចាំបាច់ទាបបំផុតដែលមិនល្អសោះឡើយសម្រាប់សុខភាព ក៏ដូចជាទម្ងន់របស់អ្នក។
៥. គ្រឿងស្រវឹង
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានគ្រឿងស្រវឹង គឺមិនល្អសោះឡើយចំពោះសុខភាព ក៏ដូចជាកំឡុងពេលសម្រកទម្ងន់។ សូម្បីតែការទទួលទានស្រាក្រហមត្រឹមកម្រិតមធ្យមក៏កើនកាឡូរីបន្ថែមដល់ទៅ ២០០០ កាឡូរីក្នុងរយៈពេលមួយខែ។ លើសពីនេះទៅទៀត រាងកាយនឹងមិនអាចធ្វើការដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗបានឡើយ ប្រសិនបើជាតិអាល់កុលមិនត្រូវបានកម្ចាត់ចេញ ឬបន្សាបអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com