ជាតិ
សង្គមជាតិ
ផ្លូវជាង៥០០ខ្សែនៅជនបទខូចខាតដោយទឹកជំនន់ ដែលត្រូវចំណាយជាង៦៥លានដុល្លារ ដើម្បីស្ដារឡើងវិញ ផ្លូវនៅជនបទ ដែលខូចខាតដោយទឹកជំនន់ (រូបពីក្រសួងអភិវឌ្ឍន៍ជនបទ)
× ភ្នំពេញ៖ ដើម្បីជួសជុលផ្លូវននៅជនបទជាង៥០០ខ្សែ ដែលរងការខូចខាតដោយទឹកជំនន់ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវការថវិកាជាង៦៥លានដុល្លារ ដើម្បីស្ដារឡើងវិញ។
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាក់ថា ថវិកាចំណាយនេះជាង៦៥លានដុល្លារ គឺជាការប៉ាន់ស្មានបឋមដែលត្រូវស្នើទៅក្រសួងសេដ្ឋកិច្ច ដើម្បីបានថវិកាពីក្រសួងនិងដៃគូរពាក់ព័ន្ធសម្រាប់ជួសជុលនិងតភ្ជាប់ផ្លូវឡើងវិញ។
នៅថ្ងៃទី៥វិច្ឆិកានេះ លោក ចាន់ ដារ៉ុង បានថ្លែងប្រាប់ ThmeyThmey តាមប្រព័ន្ធ Telegram ថា ផ្លូវនៅជនបទនៅទូទាំងប្រទេស ដែលខូចខាតដោយទឹកជំនន់មាន៥៥៣ខ្សែ។ ផ្លូវទាំងនេះ បើគិតជាប្រវែងមានជាង៤ពាន់គីឡូម៉ែត្រ ហើយក្នុងនោះផ្លូវដែលរងផលប៉ះពាល់ខ្លាំង រហូតដល់ដាច់ផ្លូវមានជាង២ពាន់គីឡូម៉ែត្រ។ ជាមួយគ្នាដែរ លោកបានបញ្ជាក់ថា ផ្លូវក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងខេត្តសៀមរាប រងផលប៉ះពាល់ខ្លាំងជាងគេ។
លោកបានបន្តថា ការខូចខាតផ្លូវនេះមានការប៉ាន់ស្មានអស់ថវិកាចំនួនប្រមាណជា ៦៥លានដុល្លារ នេះគឺជាទិន្នន័យបច្ចុប្បន្នភាពដែលទទួលបានពីមន្ទីរអភិវឌ្ឍន៍ជនបទ ដែលនេះគ្រាន់តែជាការប៉ាន់ស្មានបឋមលើតម្រូវការថវិកា។ មន្ត្រីជំនាញរបស់នាយកដ្ឋានខាងជួសជុលផ្លូវគឺកំពុងបន្តការងារជួសជុលផ្លូវជាបន្តទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ មួយវិញទៀត ក្រសួងអភិវឌ្ឍន៍ជនបទនៅតែបន្តការវាយតម្លៃពីទំហំខូចខាតដោយសារទឹកជំនន់។
ក្នុងកិច្ចការស្ដារផ្លូវជាង៥០០ខ្សែនេះឡើងវិញ លោក ចាន់ ដារ៉ុង ថា៖ «ថវិកាដែលត្រូវចំណាយគឺជាង៦៥លានដុល្លារ ជាការប៉ាន់ស្មានបឋម។ ការងារសំខាន់ និងបន្ទាន់ដែលក្រសួងត្រូវយកចិត្តទុកដាក់និងអនុវត្តគឺស្ដារផ្លូវដើម្បីឲ្យប្រជាពលរដ្ឋបានផ្លូវប្រើប្រាស់ឡើងវិញ។ ហើយថវិកានេះ បានដាក់ស្នើទៅក្រសួងសេដ្ឋកិច្ចនិងរងចាំថវិកាក្រសួងនិងដៃគូពាក់ព័ន្ធជួយផ្ដល់ឲ្យមកវិញ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ខាងរាជរដ្ឋាភិបាលនិងក្រសួងសេដ្ឋកិច្ចមិនទាន់កំណត់នៅឡើយទេ ថាខាងក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានថវិកាចំនួនប៉ុន្មានដើម្បីស្ដារផ្លូវដែលខូចខាតឡើងវិញ។ លោកអះអាងថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តខិតខំធ្វើយ៉ាងណាដើម្បីឲ្យដំណើរការស្ដារផ្លូវនេះ បានល្អប្រសើរ រួមទាំងធានាបាននូវគុណភាពទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com