អន្តរជាតិ
អាមេរិក ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ផ្លូវការ តែ​លោក បៃ​ឌិន សន្យា​នាំ​អាមេរិក​ចូល​វិញ​
05, Nov 2020 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អាមេរិក នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​ទីក្រុង​ប៉ារីស​ជា​ផ្លូវការ​ហើយ​។ យ៉ាងណាក៏ដោយ លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ ដែល​កំពុងមាន​សំឡេងឆ្នោត​នាំមុខ​ក្នុងការ​បោះឆ្នោត បាន​សន្យាថា នឹងដាក់​អាមេរិក​ចូល​វិញ បើសិន​បើ​ខ្លួន​ជាប់​ជា​ប្រធានាធិបតី​។

 
​អាមេរិក កាល​ពីមួយ​ឆ្នាំមុន បាន​ជូនដំណឹង​ចាក​ចេញពី​កិច្ចព្រមព្រៀង​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ទៅ​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ ដោយ​ការជូនដំណឹង​នោះ ត្រូវមាន​ប្រសិទ្ធភាព​នៅ​មួយឆ្នាំ​បន្ទាប់​។ មួយឆ្នាំ​ក្រោយ និង​បន្ទាប់ពី​ការបោះឆ្នោត​អាមេរិក បាន​មួយថ្ងៃ អាមេរិក បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ជា​ផ្លូវការ​។ 
 
​យ៉ាងណាក៏ដោយ លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​អាមេរិក​របស់​បក្ស​ប្រជាធិបតេយ្យ ដែល​កំពុងមាន​សំឡេងឆ្នោត​នាំមុខ ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ ក្នុងអំឡុងពេល​រាប់​សន្លឹកឆ្នោត បាន​អះអាងថា លោក​នឹងដាក់​អាមេរិក ចូល​វិញ ប្រសិនបើ​លោក ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ 
 
«​ក្នុង​រយៈពេល ៧៧​ថ្ងៃ​ខាងមុខ​, រដ្ឋបាល បៃ​ឌិន នឹងចូលរួម​ជាថ្មី​»​។ លោក​បៃ​ឌិន បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter បែបនេះ ដោយ​បញ្ជាក់​ពី​លទ្ធភាព​ថា វា​អាច​កើតឡើង ប្រសិនបើ​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ប៉ុណ្ណោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​ដាក់​គម្រោង ដែលមាន​តម្លៃ​ប្រមាណ ១,៧​ពាន់​ទ្រី​លាន ដើម្បី​ធ្វើ​ឲ្យ​អាមេរិក​មាន​តុល្យភាព​ក្នុងការ​បញ្ចេញ​ឧស្ម័ន​កាបូន ឬ​បញ្ចេញ​ឧស្ម័ន​កាបូន​ឲ្យ​បាន​កម្រិត​ទាប​បំផុត​ត្រឹម​ឆ្នាំ​២០៥០​។ 
 
​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក លោ ក​ត្រាំ មិនសូវ​ខ្វាយខ្វល់​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​ឡើយ ហើយ​ថែមទាំង​បង្កើន​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​មិនសូវ​គិតគូរ​ពី​ការការពារ​បរិស្ថាន​ផ្សេងទៀត​ជាដើម​។ 
 
​បើទោះបីជា​លោក ត្រាំ មិនបាន​គិតគូរ​ពិតមែន ប៉ុន្តែ​របាយការណ៍​រប​ស់​ក្រុម America's Pledge បង្ហាញថា ទីក្រុង រដ្ឋ និង​មុខ​ជំនួញ​មួយចំនួន បាន​យកចិត្តទុកដាក់​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​។ តាម​ការព្យាករណ៍​រប​ស់ America's Pledge អាមេរិក អាច​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ប្រមាណ​៣៧​ភាគរយ នៅត្រឹម​ឆ្នាំ​២០៣៧ ។​
 
​សូមបញ្ជាក់ថា លោក ត្រាំ បានប្រកាស​ពី​ចេតនា​ចង់​ចាក​ចេញពី កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស តាំងពី​ឆ្នាំ​២០១៧ មក​ម្លេះ ដោយ​សំអាងថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អាមេរិក​។ ក្នុងការ​ចាកចេញ​នេះ អាមេរិក គឺជា​ប្រទេស​ដំបូង​បំផុត ក្នុងចំណោម​សមាជិក​ផ្សេងទៀត​របស់​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​៕ 

Tag:
 អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com