ដោយ៖ លោក W. Patrick Murphy(ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា)
នៅខែកក្កដា ឆ្នាំ ១៩៥០ រយៈពេល ៣ ឆ្នាំមុនព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យពេញលេញ បេសកជនការទូតអាមេរិក គឺលោក Donald R. Health បានធ្វើដំណើរពីប្រទេសវៀតណាម មកកាន់ក្រុងភ្នំពេញ ដើម្បីថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះមហាក្សត្រ នរោត្តមសីហនុ ដែលនេះគឺជាការបញ្ជាក់ពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ យើងកំពុងតែធ្វើការរំលឹកខួបលើកទី ៧០ឆ្នាំ នាឱកាសដ៏ថ្លៃថ្លា ក្នុងរយៈពេលពេញមួយឆ្នាំ ២០២០ ដោយផ្តោតលើខែនិមួយៗ នូវទិដ្ឋភាពខុសគ្នា នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ដោយរួមមានវិស័យសុខភាពសាធារណៈ បរិស្ថាន កសិកម្ម សមភាពយេនឌ័រ យុវជន និងការអប់រំ ពាណិជ្ជកម្ម និងការវិនិយោគ លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច ព្រមទាំងវិស័យជាច្រើនទៀត។
សម្រាប់ខែវិច្ឆិកា យើងធ្វើការផ្តោតទៅលើ កិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក និងកម្ពុជា លើសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងគំនិតផ្តួចផ្តើមដទៃទៀតនៅក្នុងតំបន់។ ដូចក្នុងករណីនៃការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការចូលជាសមាជិកអាស៊ាន របស់កម្ពុជា នៅឆ្នាំ ១៩៩៩ ដែរនោះ សហរដ្ឋអាមេរិក រក្សាការប្តេជ្ញាចិត្តយូរអង្វែង ចំពោះតំបន់អាស៊ាន។ តាមពិតទៅ កាលពី ៤៣ ឆ្នាំមុន សហរដ្ឋអាមេរិក បានក្លាយជាប្រទេសដៃគូដំបូងគេ ដែលបានបង្កើតទំនាក់ទំនងលើការពិភាក្សាគ្នាជាមួយអាស៊ាន។
ក្នុងពេលថ្មីៗនេះទៀត នៅឆ្នាំ ២០១១ សហរដ្ឋអាមេរិក គឺជាប្រទេសដៃគូពិភាក្សាដំបូងគេ ដែលបានបើកស្ថានបេសកកម្មនៅទីក្រុង ហ្សាការតា ដែលមានលេខាធិការដ្ឋានអាស៊ាន និងមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន។ រឿងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ គោលការណ៍ជាមូលដ្ឋាននៃសមាគមអាស៊ាន គឺការគោរពចំពោះអធិបតេយ្យភាព នីតិរដ្ឋ តម្លាភាព ភាពបើកចំហ និងការធ្វើឲ្យមានការចូលរួមទាំងអស់គ្នា។ គោលការណ៍ទាំងនេះ គឺជាស្នូលនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានភាពសេរី និងបើកចំហ។
ទំនាក់ទំនងរបស់យើង បានផ្តល់ផលចំណេញយ៉ាងច្រើន សម្រាប់អាស៊ាន រដ្ឋជាសមាជិក និងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក គឺជាអ្នកវិនិយោគធំជាងគេបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយនាំមកនូវការវិនិយោគដ៏មានគុណភាពខ្ពស់ និងការប្តេជ្ញាចិត្តចំពោះបទដ្ឋានការងារអន្តរជាតិ និងបរិស្ថានល្អ។ សហរដ្ឋអាមេរិក នៅតែរក្សានូវទំនាក់ទំនងពាណិជ្ជកម្មរឹងមាំល្អជាមួយតំបន់នេះ ក្នុងទំហំ ៣៥៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ទ្រទ្រង់ការងាររាប់លានសម្រាប់មនុស្សនៅក្នុងតំបន់ ហើយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
នៅក្នុងប្រទេសកម្ពុជា ទំនាក់ទំនងពាណិជ្ជកម្មរបស់យើង មានកំណើនយ៉ាងលឿន ដោយលំហូរពាណិជ្ជកម្មទ្វេភាគីត្រូវបានគេគិតថា នឹងឡើងដល់ ៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ ដោយមានកំណើនជិត ៩០% នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ទំនាក់ទំនងដ៏រឹងមាំទាំងនេះ ជួយដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា ហើយថែមទាំងផ្តល់ឲ្យកម្ពុជា នូវប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ និងដែលគ្មានអ្វីមកជំនួសបាន នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមាន។
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក សហរដ្ឋអាមេរិក គឺជាដៃគូផ្តល់ជំនួយធំជាងគេ ដោយបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយបន្ថែមទាក់ទងនឹងជំងឺកូវីដ ១៩ ដើម្បីជួយដល់ការឆ្លើយតបផ្នែកសុខាភិបាល និងសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ។ ជំនួយទ្វេភាគីនេះ គឺជាផ្នែកមួយនៃទឹកប្រាក់សរុបចំនួនជាង ៨៧ លានដុល្លារ ដែលសហរដ្ឋអាមេរិក បានផ្តល់ឲ្យប្រទេសអាស៊ាន សំដៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជំនួយនេះបំពេញបន្ថែមលើជំនាញឯកទេស ដែលត្រូវបានផ្តល់ឲ្យនៅនឹងកន្លែងស្រាប់ និងបន្ថែមលើជំនួយរបស់ទីភ្នាក់ងារសុខាភិបាលឈានមុខគេរបស់សហរដ្ឋអាមេរិក ដោយរួមទាំងទីភ្នាក់ងារដែលកំពុងមានវត្តមាននៅកម្ពុជា ដូចជាមជ្ឈមណ្ឌលការពារជំងឹឆ្លងរបស់សហរដ្ឋអាមេរិក(CDC) វិទ្យាស្ថានសុខភាពសាធារណៈសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយអាមេរិក(USAID) ។ យើងមានការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យតំបន់នេះទទួលបានថ្នាំវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនឱសថល្អបំផុតក្នុងពិភពលោក ផ្តល់ឲ្យក្នុងតំបន់ នៅពេលទទួលបានភ្លាម។
គម្រោងទើបប្រកាសថ្មី ស្តីពីគំនិតផ្តួចផ្តើមនៃអនាគតផ្នែកសុខាភិបាល រវាងសហរដ្ឋអាមេរិក និងអាស៊ាន បំពេញបន្ថែមលើជំនួយនេះ ដោយប្រើជំនាញឯកទេសរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនៅក្នុងតំបន់ បង្កើនការតាមដានជំងឺ និងធ្វើការស្រាវជ្រាវច្បាស់លាស់ល្អ ក្នុងគោលបំណងការពារប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនៅពេលអនាគត។
សហរដ្ឋអាមេរិក រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ តាមរូបភាពជាច្រើនផងដែរ។ តាមរយៈភាពជាដៃគូដ៏លេចធ្លោ ជាមួយស្ថាប័នអប់រំ នៃប្រទេសជាសមាជិកអាស៊ាន ការផ្លាស់ប្តូរគ្នាទស្សនកិច្ច នៅក្នុងចំណោមអ្នកឯកទេសរបស់យើង និងកម្មវិធីស្តីពីភាពជាអ្នកដឹកនាំ យើងបានធ្វើការវិនិយោគលើការអភិវឌ្ឍទុនជាធនធានមនុស្ស ហើយបានពង្រឹងសមត្ថភាពធនធានក្នុងស្រុក នៅក្នុងការប្រឈមដោះស្រាយបញ្ហាបរិស្ថាន បញ្ហាលើដែនសមុទ្រ និងការការពារធនធានធម្មជាតិ។
តាំងពីឆ្នាំ ២០១៣ គម្រោងដ៏មានប្រជាប្រិយ ហៅថា គំនិតផ្តួចផ្តើមនៃមេដឹកនាំនៃយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ឬ YSEALI របស់សហរដ្ឋអាមេរិក បានជួយតំបន់នេះ ក្នុងការអភិវឌ្ឍទុនជាធនធានមនុស្ស ដោយធ្វើការសម្របសម្រួលកម្មវិធីផ្លាស់ប្តូរសម្រាប់អ្នកជំនាញអាជីពវ័យក្មេងចំនួន ១២ ម៉ឺននាក់ ដោយក្នុងនោះរួមមានអ្នកជំនាញរាប់ពាន់នាក់មកពីប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកថែមទាំងបានជួយបង្កើត មជ្ឈមណ្ឌលប្រឆាំងភេរវកម្មថ្នាក់តំបន់ នៅប្រទេសិង្ហបូរី ដោយនៅទីនោះ អ្នកជំនាញផ្នែកសន្តិសុខរបស់យើងអាចធ្វើការជាមួយគ្នា ដើម្បីធ្វើឲ្យពលរដ្ឋរបស់យើងមានសុវត្ថិភាព។ យើងក៏បានភ្ជាប់ផងដែរនូវតំបន់ អាស៊ីអាគ្នេយ៍ ដោយជួយប្រទេសទីម័រខាងកើត នៅក្នុងកិច្ចខិតខំធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់នេះ។
សព្វថ្ងៃនេះ បញ្ហាប្រឈមថ្នាក់តំបន់និងថ្នាក់សាកលលោក ដែលគេមិនបានគិតដល់ បានលេចឡើងយ៉ាងលឿនគួរឲ្យខ្លាច។ ជំងឺរាតត្បាតជាសាកលដែលមិនដែលមានពីមុនមក កំពុងតែគំរាមកំហែងសុខភាព និងសុខុមាលភាពប្រជាជន និងសេដ្ឋកិច្ចរបស់យើង។ ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គ បានធ្វើឲ្យកម្រិតទឹកទាប ហើយគំរាមកំហែង ដល់មុខរបរចិញ្ចឹមជីវិតនៃសហគមន៍នៅតំបន់ខ្សែទឹកខាងក្រោម។ ទង្វើដែលមានលក្ខណៈបែបឈ្លានពានកាន់តែខ្លាំងឡើងនៅតំបន់សមុទ្រ គំរាមកំហែងគោលការណ៍ដែនសមុទ្រជាអន្តរជាតិ ដែលត្រូវបានគេប្រកាន់ខ្ជាប់ជាយូរមកហើយ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយតំបន់អាស៊ីអាគ្នេយ៍ និងតាមរយៈការបង្កើនកិច្ចសហការ យើងនឹងប្រឈមដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា។
ដោយមើលឃើញបញ្ហាប្រឈមទាំងនេះ សហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គទាំង ៥ ដែលមានប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម កាលពីពេលថ្មីៗនេះ បានប្រកាសនូវ គម្រោងភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ឬហៅ MUSP ដែលបំពេញបន្ថែមលើរយៈពេល ១១ ឆ្នាំនៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ ក្រោមគម្រោងគំនិតផ្តួចផ្តើមតំបន់ទន្លេមេគង្គក្រោម ឬហៅ LMI និងក្រោមការវិនិយោគរបស់សហរដ្ឋអាមេរិក លើទឹកប្រាក់ចំនួនជាង ៣,៥ ពាន់លានដុល្លា នៅក្នុងអនុតំបន់ទន្លេមេគង្គ។ ក្រោមគម្រោង MUSP សហរដ្ឋអាមេរិក ជាបឋមបានផ្តល់ប្រាក់ចំនួន ១៥០ លានដុល្លារទៀត សម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់ ដូចជាការប្រយុទ្ធនឹងជំងឺកូវីដ១៩ អភិវឌ្ឍនូវទីផ្សារផ្នែកថាមពលឲ្យបានខ្លាំង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរមនុស្ស សត្វព្រៃ និងគ្រឿងញៀនខុសច្បាប់ ព្រមទាំងការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃ។
យើងក៏កំពុងធ្វើការផងដែរ ជាមួយដៃគូក្នុងវិស័យឯកជន និងរដ្ឋាភិបាលក្នុងប្រទេសមួយៗ ដើម្បីពង្រឹងទីផ្សារថាមពលនៅក្នុងតំបន់ នៅក្រោមកម្មវិធី Asia EDGE ក្រោមការជួយថវិកាចំនួន ៣៣ លានដុល្លារ ជាហិរញ្ញប្បទានថ្មី។ យើងនឹងបន្តការខិតខំរួមគ្នារបស់យើង ដោយរួមមានទាំងយន្តការថ្នាក់តំបន់ ដូចជាគណៈកម្មការទន្លេមេគង្គ យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-Ayeyawady-Chao Phraya(ACMECS) ដើម្បីធ្វើយ៉ាងណាឲ្យទឹកទន្លេមេគង្គ ដែលផ្គត់ផ្គង់ត្រីចំនួនជាង ២៥% នៃត្រីទឹកសាបក្នុងពិភពលោក បន្តហូរដល់តំបន់ខ្សែទឹកខាងក្រោម។
ជាការគាំទ្រដល់គោលការណ៍រួមនៃ សន្តិភាព និងវិបុលភាព សហរដ្ឋអាមេរិក និងអាស៊ាន ក៏កំពុងធ្វើការជាមួយគ្នាផងដែរ ដើម្បីពង្រឹងនីតិរដ្ឋ និងការគោរពអធិបតេយ្យភាព នៅសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិក គាំទ្រយ៉ាងខ្លាំងក្លា ចំពោះការខិតខំរបស់ប្រទេសអាស៊ាន ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរួមមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។
ដូចដែលឆ្នាំកន្លងទៅនេះបានបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រឈមសម្រាប់យើងនៅពេលនេះ រាប់ពីជំងឺរាតត្បាត ដល់ការរីកសាយនូវអាវុធប្រល័យលោក បម្រែបម្រួលអាកាសធាតុ ឧក្រិដ្ឋកម្ម និងភេរវកម្ម គឺទាមទារការដោះស្រាយជាសាកល។ គ្មានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះ តែឯកឯងបានទេ។ យើងត្រូវធ្វើការជាមួយគ្នា ដោយឈរលើគោលការណ៍ និងផលប្រយោជន៍រួមគ្នា។ សហរដ្ឋអាមេរិក គឺជាដៃគូរឹងមាំ និងមិនប្រែប្រួល សម្រាប់ប្រជាជនកម្ពុជា និងតំបន់។ យើងនៅតែមានការប្តេជ្ញាចិត្តចំពោះភាពជាដៃគូនេះ ហើយនិងគោលការណ៍ដែលឈរនៅលើមូលដ្ឋាននៃភាពជាដៃគូនេះ។
ក្នុងនាមជាអ្នកអាជីពការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ខ្ញុំមានភ័ព្វសំណាង ដោយបានធ្វើការជាច្រើន លើទំនាក់ទំនងរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។ ខ្ញុំនៅតែមានការចាប់ចិត្តលើភាពរស់រវើក ភាពច្នៃប្រឌិត និងសក្តានុពលនៃតំបន់មួយនេះ ព្រមទាំងភាពជាដៃគូរបស់យើង។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ខ្ញុំមានមោទនភាព នាំមុខនូវកិច្ចខិតខំ ដើម្បីពង្រឹងកិច្ចសហការរបស់យើង លើបញ្ហាតំបន់ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ត្រៀមរៀបចំទទួលតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ ២០២២។ យើងមានការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យឆ្នាំនោះមានភាពជោគជ័យ៕