អន្តរជាតិ
បាតុកម្ម​រាលដាល​នៅ​អាមេរិក ខណៈ​លទ្ធផល​បោះឆ្នោត​នៅ​មិនទាន់​ដាច់ស្រេច​
05, Nov 2020 , 4:36 pm        
រូបភាព
ក្រុមបាតុករអាមេរិកដែលគាំទ្រលោកបៃឌិន លើកបដាតវ៉ា ទាមទារឲ្យរាប់សន្លឹកឆ្នោតទាំងអស់ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងទីក្រុង New York ។ រូបភាព ៖ AP
ក្រុមបាតុករអាមេរិកដែលគាំទ្រលោកបៃឌិន លើកបដាតវ៉ា ទាមទារឲ្យរាប់សន្លឹកឆ្នោតទាំងអស់ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងទីក្រុង New York ។ រូបភាព ៖ AP
ដោយ:
​ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ផ្ដុំគ្នា​ឡោមព័ទ្ធ​មណ្ឌលបោះ​ឆ្នោត​ក្នុង​ទីក្រុង Detroit នៃ​រដ្ឋ Michigan និង​ទីក្រុង Phoenix នៃ​រដ្ឋ Arizona ហើយ​ទាមទារ​ឲ្យ​បញ្ឈប់​ការរាប់​សន្លឹកឆ្នោត ក្រោយ​រដ្ឋ​ប្រទាញប្រទង់​ទាំងពីរ​នេះ បែរ​ធ្លាក់​ទៅ​ដៃ​បេក្ខជន​បក្ស​ប្រជា​ធិ​ប​យ​តេ​យ្យ ចូ បៃ​ឌិន នៅទី​បំផុត​។ ដោយឡែក ក្រុមបាតុករ​ប្រឆាំង​លោក ​ត្រាំ ​រាប់ពាន់នាក់ បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​សំខាន់ៗ នៃ​សហរដ្ឋអាមេរិក ដោយ​ទាមទារ​ឲ្យ​រាប់​គ្រប់​សន្លឹកឆ្នោត​ទាំងអស់​ដែល​ពលរដ្ឋ​អាមេរិក​បាន​បោះ​រួច​។​

 
 
«​ឈប់​រាប់​សន្លឹកឆ្នោត​»​។ ក្រុម​អ្នកគាំទ្រ​លោក​ ត្រាំ ​រាប់សិប​នាក់ បាននាំគ្នា​ស្រែក​បែបនេះ នៅ​មណ្ឌល​ឆ្នោត​មួយ​ក្នុង​ទីក្រុង Destroit កាលពី​យប់​ថ្ងៃ​បោះឆ្នោត​ធំ​ទី​៣ ខែវិច្ឆិកា ខណៈ​អ្នកគាំទ្រ​ប្រធានាធិបតី​មួយក្រុម​ទៀត ក្នុង​ទីក្រុង Phoenix បាននាំគ្នា​ស្រែកថា «​ឈប់​លួច​សន្លឹកឆ្នោត​»​។ 
 
​ការតវ៉ា​ពី​សំណាក់​អ្នកគាំទ្រ​លោក​ ត្រាំ ​នេះ កើតឡើង​ភ្លាមៗ​ក្រោយ​ទីភ្នាក់ងារ​ព័ត៌មាន AP បានប្រកាសថា លោក បៃ​ឌិន ឈ្នះ​រដ្ឋ Michigan ហើយក៏​បន្ទាប់ពី​លោក ត្រាំ បាន​ចោទប្រកាន់ថា ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត មាន​បញ្ហា​មិន​ប្រក្រតី ជាពិសេស ការបោះឆ្នោត​តាម​ប្រៃសណីយ៍​។ ទន្ទឹមនេះ ខាង​បក្ស​សាធារណរដ្ឋ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋ​ទាំងនេះ​ពាក់ព័ន្ធ​លទ្ធផល​បោះឆ្នោត​ទៀតផង​។ 
 
​នៅ​ទីក្រុង Phoenix ក្រុមបាតុករ​គាំទ្រ​លោក ​ត្រាំ ក៏បាន​ស្រែកជេរ​ទូរទស្សន៍​អាមេរិក Fox News ទាំង​កំហឹង ក្រោយ​ទូរទស្សន៍​ដែលមាន​ទំនោរ​ទៅ​បក្ស​សាធារណរដ្ឋ​នេះ បានប្រកាស​លោក ចូ បៃ​ឌិន អ្នកឈ្នះ​ក្នុង​រដ្ឋ Arizona ។ តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ប្រ​ចាំ​រដ្ឋ Arizona ម្នាក់ ឈ្មោះថា Paul Gosar ដែល​បាន​ចូលរួម​ជាមួយ​ក្រុមបាតុក​រ​នេះ ហើយ​លោក​បានប្រកាសថា​៖«​យើង​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ការលួចបន្លំ​ការបោះឆ្នោត​នេះឡើយ​»​។​
 
​យ៉ាងណាមិញ ក្រុម​អ្នកសង្កេតការណ៍​មកពី​បក្ស​ទាំងពីរ​នេះ បាន​ស្ថិតនៅក្នុង​មណ្ឌល​ឆ្នោត​នៃ​រដ្ឋ​ទាំងពីរ​នេះ ខណៈ​សន្លឹកឆ្នោត​ត្រូវបាន​រាប់ ហើយ​នីតិវិធី​រាប់​នេះ ក៏​ត្រូវបាន​ចាក់ផ្សាយ​តាម​អន​ឡាញ​ផងដែរ​។ 
 
​ខណៈ​ក្រុម​អ្នកគាំទ្រ​លោក​ ត្រាំ ទាមទារ​ឲ្យ​ឈប់​រាប់​សន្លឹកឆ្នោត ពលរដ្ឋ​អាមេរិក​រាប់ពាន់នាក់ បានចេញ​តវ៉ា​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​សំខាន់ៗ ដោយ​ទាមទារ​ឲ្យ​បន្ត​រាប់​សន្លឹកឆ្នោត​ឲ្យ​អស់​។ ចាប់តាំងពី​រដ្ឋ California, Illinois, Massachusetts, Oregon, New York ដល់ Washington ដែល​សុទ្ធ​ជា​លោក​ បៃ​ឌិន ​ឈ្នះ ក្រុមអ្នកតវ៉ា បាន​ក៏​ស្រែក​ជែ​រលោក​ត្រាំ​ថា​ជាម​នុស្ស​កុហក ហើយ​ប្រាប់ថា​ វា​ដល់ពេល​លោក​ប្រធានាធិបតី​ដើរចេញ​ពី​សេត​វិមាន​ហើយ​។  
 
​យ៉ាងណាមិញ ក៏មាន​ផងដែរ បាតុកម្ម​ដែល​ផ្ទុះ​ទៅជា​ហិង្សា​ក្នុង​ទីក្រុង Portland នៃ​រដ្ឋ Oregon ទីក្រុង Minneapolis និង​ទីក្រុង New York ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP មនុស្ស​ប្រមាណ​២០​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​ដុត​ភ្លើង​កម្ទេច​សម្ភារ​សាធារណៈ​។ 
 
​សូមបញ្ជាក់ថា លោក បៃ​ឌិន កំពុង​ក្ដាប់​សំឡេង​ប្រតិភូ ២៦៤ ក្នុង​ដៃ ទល់នឹង​លោក​ត្រាំ​ ចំនួន២១៤ ក្រោយ​ឈ្នះ​រដ្ឋ​ប្រទាញប្រទង់​២​ទៀត រួមមាន រដ្ឋ Wisconsin និង​រដ្ឋ Michigan ។ បន្ទាប់ពី​ជោគជ័យ​នេះ លោក ដូ​ណា​ល់ ត្រាំ បានទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ Wisconsin ឡើងវិញ ខណៈ​សំឡេងគាំទ្រ​អ្នក​ទាំងពីរ​នៅ​រដ្ឋ​នេះ​ប្រកៀក​ប្រកិត​ខ្លាំង​មែនទែន​។ 
 
​ជាមួយ​សំឡេង​ប្រតិភូ ២៦៤ ក្នុង​ដៃ លោក បៃ​ឌិន ត្រូវការ​តែ ៦ ប្រតិភូ ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះ​ការបោះឆ្នោត​នេះ​។ ខណៈ​លទ្ធផល​មិនទាន់​ដាច់ស្រេច​នៅឡើយ រដ្ឋ​ចំនួន​៤ នៅ​មិនទាន់​រក​អ្នកឈ្នះ​ឬ​ចាញ់​នៅឡើយ​ទេ ហើយ​នោះ​មាន ដូចជា រដ្ឋ Nevada, North Carolina, Georgia និង Pennylvania ។ បច្ចុប្បន្ន សន្លឹកឆ្នោត​ជាង​១៤០​លាន​នាក់ ត្រូវបាន​រាប់​រួចរាល់​។ 
 
​អំឡុងពេល​ការរាប់​សន្លឹកឆ្នោត​តានតឹង​ខ្លាំង លោក ត្រាំ ក៏បាន​បង្ហើប​ថា ការបោះឆ្នោត​អាមេរិក​ដែល​មិនទាន់​ដាច់ស្រេច អាច​ធ្លាក់​ដល់ដៃ​តុល​ការ​កំពូល​ជា​អ្នកកាត់ក្តី ហើយ​បាន​ចោទថា លទ្ធផល​ឆ្នោត មាន​ការកេងបន្លំ​ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com