COVID-19
អន្តរជាតិ
បេក្ខជន​ម្នាក់​ដែល​ស្លាប់​ដោយ COVID-19 ឈ្នះឆ្នោត​ជា​សមាជិកសភា​នៅ​រដ្ឋ North Dakota
05, Nov 2020 , 10:29 pm        
រូបភាព
លោកDavid Andahl បេក្ខជនតំណាងរាស្ត្រដែលទទួលមរណភាព។ រូបភាព៖ Now This
លោកDavid Andahl បេក្ខជនតំណាងរាស្ត្រដែលទទួលមរណភាព។ រូបភាព៖ Now This
ដោយ:
​លោក David Andahl បេក្ខជន​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ដែល​ទទួលមរណភាព​ទៅហើយនោះ ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ប្រចាំ​ស្រុក​ទី​៨ នៃ​សភា​តំណាង​ក្នុង​រដ្ឋ North Dakota ។ លោក Andahl អាយុ​៥៥​ឆ្នាំ ស្លាប់​អំឡុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

 
​លោក David Andahl ឆ្លង​ជំងឺ COVID-19 និង​ស្លាប់​នៅ​ថ្ងៃទី​៥ ខែតុលា​កន្លងទៅ​។ ដោយ​សន្លឹកឆ្នោត​ត្រូវបាន​បោះ​ពុ​ម្ភ​រួចរាល់ និង​ត្រូវបាន​ចែកចាយ​ទៅ​ពលរដ្ឋ​ក្នុង​សង្កា​ត់ទី​៨ នៃ​រដ្ឋ​North Dakota អស់​រយៈពេល​២​សប្តាហ៍​ទៅហើយនោះ មន្ត្រី​ទទួលបន្ទុក​ប្រចាំ​រដ្ឋ North Dakota លោក Al Jaeger អះអាងថា គេ​មិនអាច​ដក​ឈ្មោះ​លោក Andahl ចេញពី​សន្លឹកឆ្នោត​បាន​ឡើយ​។ នេះ​យោងតាម​សារព័ត៌មាន Now This​។​
 
​លោក Wayne Stenehjem រដ្ឋមន្ត្រី​យុត្តិធម៌​ប្រចាំ​រដ្ឋ North Dakota នេះ លើក​អំណះអំណាង​ផ្លូវច្បាប់​ថា ច្បាប់​អាមេរិក​អនុញ្ញាត​ឲ្យ​ឈ្មោះ​លោក​Andahl ស្ថិតនៅលើ​សន្លឹកឆ្នោត ដោយសារតែ​សន្លឹកឆ្នោត​សម្រាប់​បុគ្គល​ស្លាប់ទៅ​ហើយក៏​គួរតែ​រាប់​ដែរ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ លោក Andahl ទទួលបាន​សន្លឹកឆ្នោត​ចំនួន​៣៥​ភាគរយ ហើយ​ឈ្នះ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​រស់រានមានជីវិត​ពីររូប​គឺ​លោកស្រី Kathrin Volochenko និង​លោកស្រី Linda Babb ថែមទៀត​។​
 
​ដោយ​លោក Andalh ទទួលមរណភាព អភិបាលរដ្ឋ North Dakota លោក Doug Burgum  ប្រកាស​បំពេញ​អាសនៈ​ដែល​នៅ​ទំនេរ​នេះ​ទៅ​ឲ្យ​លោក Wade Boeshans ដែលជា​ប្រធាន​ក្រុមហ៊ុន​មួយ​ក្នុង​រដ្ឋ​នេះ​។ ការតែងតាំង​នេះ ជាការ​អនុវត្តតាម​ធម្ម​នុ​ញ្ញ​របស់​រដ្ឋ ច្បាប់ សេ​ក្តី​សម្រេច​របស់​តុលា​ការដែល​ពាក់ព័ន្ធ ប្រវត្តិ​នៃ​សភា​រដ្ឋ North Dakota និង​យោបល់​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ប្រចាំ​រដ្ឋ​ដែរ​៕

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com