ជាតិ
ស្ថាប័ន​៣ មាន​សិទ្ធិ​ចាត់ចែង​ស្បៀង និង​គ្រាប់ពូជ​កសិកម្ម ដល់​ពលរដ្ឋ​រងគ្រោះ​
06, Nov 2020 , 8:59 am        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ស្បៀង​បម្រុង​កម្ពុជា ដើម្បី​ងាយស្រួល​ក្នុងការ​បែងចែក ភារកិច្ច​រៀងៗ​ខ្លួន របស់​ស្ថាប័ន​ចំនួន​៣​។  នេះ​បើតាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

 
​ស្ថាប័ន​ទាំង​៣ នោះ​រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ តាម​អនុក្រឹត្យ​រដ្ឋាភិបាល ក្នុងករណី​មាន​តម្រូវការ​សង្គ្រោះបន្ទាន់ ដោយសារ​គ្រោះមហន្តរាយ ឬ​គ្រោះអាសន្ន​នានា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​សិទ្ធ​សម្រេច​ចាត់ចែង​សន្និធិ​ស្បៀង និង​គ្រាប់ពូជ​បម្រុង​ជា​រូបវន្ត ឬ​សាច់ប្រាក់ ដើម្បី​ចែកចាយ​ជូន​ពលរដ្ឋ​រងគ្រោះ​តាម​តម្រូវការ​ចាំបាច់​បន្ទាន់​។ លក្ខខណ្ឌ​តម្រូវការ​ស្បៀង​ជា​អង្ករ​លើសពី ១,០០០​តោន ,​តម្រូវការ​គ្រាប់ពូជ​ស្រូវ​លើសពី ១០០​តោន​,​តម្រូវការ​គ្រាប់ពូជ​បន្លែ​និង​ដំណាំ​លើសពី ១០​តោន​។​
 
​ដោយឡែក​សម្រាប់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុងករណី​មាន​តម្រូវការ​សង្គ្រោះ​បន្ទាន់ដោយ​សារ​គ្រោះមហន្តរាយ ឬ​គ្រោះអាសន្ន​នានា ស្ថាប័ន​នេះ​មាន​សិទ្ធិ​ចាត់ចែង​សន្និធិ​ស្បៀង​និង​គ្រាប់ពូជ​បម្រុង ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​។ ក្នុងនោះ​ត្រូវមាន​តម្រូវការ​ស្បៀង​ជា​អង្ករ​តិច​ឬ​ស្មើ ១ ០០០​តោន​, តម្រូវការ​គ្រាប់ពូជ​ស្រូវ​ចន្លោះ​ពី ៣០​តោន​ទៅ ១០០​តោន​,​តម្រូវការ​ពូជ​បន្លែ​និង​ដំណាំ​ចន្លោះ​ពី ១​តោន​ទៅ ១០​តោន​។ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាចអនុវត្ត​សិទ្ធិ​សម្រេច​ចាត់ចែង​សន្និធិ​ស្បៀង​និង​គ្រាប់ពូជ​បម្រុង​នេះ បន្ទាប់ពី​បាន​ជូនដំណឹង​ជាមុន​ដល់​នាយករដ្ឋមន្ត្រី ។​
 
​ដោយឡែក ក្នុងករណី​មាន​តម្រូវការ​សង្គ្រោះ​បន្ទាន់ដោយ​សារ​គ្រោះមហន្តរាយ ឬ​គ្រោះអាសន្ន​នានា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មាន​សិទ្ធិ​ចាត់ចែង​សន្និធិ​ស្បៀង​និង​គ្រាប់ពូជ​បម្រុង ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​។ ក្នុងនោះ​តម្រូវការ​គ្រាប់​ពូជស្រូវ​តិចជាង ៣០​តោន​, តម្រូវការ​គ្រាប់ពូជ​បន្លែ​និង​ដំណាំ​តិចជាង ១​តោន​។ ក្រសួងកសិកម្ម អាចអនុវត្ត​សិទ្ធិ​សម្រេច​ចាត់ចែង​សន្និធិ​ស្បៀង​និង​គ្រាប់ពូជ​បម្រុង​នេះ បន្ទាប់ពី​បាន​ជូនដំណឹង​ជាមុន​ដល់​នាយករដ្ឋមន្ត្រី គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គណកម្មាធិការ ប​.​ស​.​ប​.​ក​។​
 
​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គោលបំណង​ការបង្កើត​ច្បាប់​នេះ​គឺ​ដើម្បី​បញ្ចៀស​បាន​នូវ​ការភ័ន្តច្រឡំ​ដោយ​ប្រកា​ណាមួយ​នៃ​ការ​លើកសំណើ​ស្នើសុំ និង​បែងចែក​ពូជស្រូវ និង​ពូជ​ដំណាំ​ដ៏ទៃទៀត សម្រាប់​ស្តារឡើងវិញ​ចំពោះ​ដំណាំ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​។ ម្យ៉ាងវិញទៀត​ក៏​ដើម្បី​បង្កើនល្បឿន​នៃ​ការ​ស្តារឡើងវិញ​នូ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ដទៃ​ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​។​
 
​ដោយសារ​តែមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​ដែលមាន​កូ​វីដ​-១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាស​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ហើយ​គម្រោង​ចុះ​ចែក​ស្រូវពូជ តាម​បណ្តា​ខេត្ត​ក៏ត្រូវ​បាន​លុបចោល​ផងដែរ ដោយ​សម្តេច​ឲ្យ​អ្នកតំណាង​ទៅ​ជំនួស​៕
 

Tag:
 ​កសិកម្ម​
 ​ច្បាប់​
 ​ជំនន់​
 ​ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com