កីឡាអន្តរជាតិ
អន្តរជាតិ
Juventus នឹង​ផ្សាយ​ការប្រកួត​ខ្លួន​នៅ Amazon ទាំង​ក្នុង​លី​គ និង UCL
05, Nov 2020 , 11:29 pm        
រូបភាព
​ប៉ុស្តិ៍​ទូរទស្សន៍​ផ្លូវការ​របស់ Juventus នឹងមាន​នៅលើ​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់ Amazon ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ កំពុង​ពង្រីក​ការផ្សាយ​កម្មវិធី​កីឡា​របស់ខ្លួន​នៅ​ទ្វីបអឺរ៉ុប​។ នេះ​បើតាម​ការប្រកាស​របស់​ម្ចាស់​ជើងឯក Serie A នៅ​ថ្ងៃ​៤ ខែវិច្ឆិកា​។​


​ក្រុម​យក្ស​អ៊ីតាលី ដែលមាន​កីឡាករ​ឆ្នើម​ជាច្រើន​ដូចជា Cristiano Ronaldo ជាដើម​អះអាងថា​ខ្លួន​នឹង​ក្លាយជា​ក្លិប​កីឡាបាល់ទាត់​ពី​អឺរ៉ុប​ដំបូង​គេ​ដែល​បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្ទាល់ខ្លួន​នៅលើ Amazon វីដេអូ (APV)​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេវាកម្ម​នេះ​នឹងមាន​តម្លៃ​ប្រចាំខែ​ប្រមាណ ៣,៩៩ អឺរ៉ូ (៤,៦៩​ដុល្លារ​)​។​
 
​បើតាម​ការចុះផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​ដទៃ ក្រុមហ៊ុន Amazon កំពុង​ផ្តោតលើ​ការចាក់ផ្សាយ​ព្រឹត្តិការណ៍​កីឡា​នៅក្នុង​ប្រទេស​អ៊ីតាលី ខណៈ​ពួកគេ​ក៏​ខិតជិត​នឹង​ទទួលបាន​សិទ្ធិ​ក្នុង​ការផ្សាយ​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប  Champions League សម្រាប់​រដូវ​កាល ២០២១ ដល់ ២០២៤ ទៀតផង​។​
 
​ក្រុម​រហស្សនាម​សេះបង្កង់ និង​ជា​ម្ចាស់​ការពារ​ជើងឯក​ដែលមាន​លោក Andrea Pirlo ជា​អ្នកចាត់ការ​ទូទៅ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​លី​គ​កំពូល​អ៊ីតាលី​រដូវ​កាល​នេះ ដោយ​រកបាន​១២​ពិន្ទុ​ពី​ការប្រកួត​៦​លើក តាម​ពីក្រោយ​ក្រុម​កំពូល​តារាង AC Milan ចំនួន​៤​ពិន្ទុ​៕

Tag:
 Amazon
  Juventus
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com