ជាតិ
សង្គមជាតិ
ចិន ចង់ជួយទាំងសម្ភារនិងបច្ចេកទេស ដល់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទកម្ពុជា
05, Nov 2020 , 6:30 pm        
រូបភាព
ជំនួបរវាងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការពារជាតិ
ជំនួបរវាងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
ក្រុមជំនាញវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាទី២ នៃប្រទេសចិន មានបំណងចង់ជួយដល់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទកម្ពុជា លើតម្រូវការអភិវឌ្ឍផ្សេងៗដូចជា បច្ចេកទេស សម្ភារវេជ្ជសាស្ត្រ និង ការបណ្តុះបណ្តាល ជាដើម។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត បានបង្ហាញបំណងនេះ ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានដកស្រង់យកទៅចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិ។



លោក Li Jing Feng ប្រតិភូអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដែលជាប្រធានដឹកនាំគណៈប្រតិភូនៃក្រុមអ្នកជំនាញវេជ្ជសាស្រ្ត បានសម្តែងក្តីរីករាយ ដោយបានឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ និងក្រុមជំនាញវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាទី២របស់ចិន។ ក្រសួងការពារជាតិកម្ពុជា បានសរសេរពីសម្តីរបស់លោក Li Jing Feng ថា អ្វីៗ បានផ្តើមចេញពីទំនាក់ទំនងដ៏ល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសគឺភាគីចិន ចង់បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោក Li Jing Feng បានរម្លឹកពីការជួយរបស់រដ្ឋាភិបាលចិន ដូចជា ការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត និងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ដល់កម្ពុជាកន្លងមក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ លោក ក៏បានរម្លឹកដែរពីការជួយរបស់ចិន ដល់មន្ទីរពេទ្យព្រះកេតុមាលា ដោយរយៈពេល៦ឆ្នាំមកនេះ ចិន បានជួយអភិវឌ្ឍមន្ទីរពេទ្យព្រះកេតុមាលា លើការសាងសង់អគារបំពាក់សម្ភារបរិក្ខារពេទ្យ និងការបញ្ជូនក្រុមជំនាញ មកជួយបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ។

ឧត្តមសេនីយ៍ឯក លន់ សុខុន ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក នឹម មាលា នាយកវិទ្យស្ថានវិទ្យាសាស្ដ្រសុខាភិបាលកងយោធពលខេមរភូមិន្ទ បានបង្ហាញពីវឌ្ឍនភាពនៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ ដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដោយបានរម្លឹកថា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ គឺវិវត្តចេញមកពីមជ្ឈមណ្ឌលសិក្សាពេទ្យយោធាមជ្ឈិមរបស់ក្រសួងការពារជាតិ តាំងពីឆ្នាំ១៩៧៩មក។

បើតាមការផ្សាយរបស់ក្រសួងការពារជាតិដដែល អ្នកជំនាញវេជ្ជសាស្រ្តចិន មកបំពេញទស្សនកិច្ចនាពេលនេះ គឺដើម្បីពិភាក្សាពីបច្ចេកទេសជាមួយអ្នកជំនាញនៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ ដោយនៅពេលខាងមុខចង់ឲ្យអ្នកជំនាញបច្ចេកទេសចិនចុះមកជួយបណ្ដុះបណ្ដាល។

ក្រសួងការពារជាតិ សរសេរទៀតថា វត្តមានរបស់អ្នកជំនាញចិនទាំងនោះ ក៏ពិនិត្យមើលដែរ ពីការខ្វះខាតនិងតម្រូវការនៃវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ ហើយពួកគេ នឹងជួបថ្នាក់ដឹកនាំក្រសួងការពារជាតិចិន សុំឲ្យបន្តជួយដល់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ  ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕

© រក្សាសិទ្ធិដោយ thmeythmey.com