សង្គមអន្តរជាតិ​
អន្តរជាតិ
ការបោះឆ្នោត​អាមេរិក ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ក្នុងចំណោម​ពលរដ្ឋ​ចិន​
06, Nov 2020 , 4:18 pm        
រូបភាព
អ្នករត់តុចិនម្នាក់ មើលសុន្ទរកថាលោកត្រាំតាមទូរទស្សន៍នៅហាងស្រាមួយកន្លែងក្នុងទីក្រុង ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ រូបភាព៖ AFP
អ្នករត់តុចិនម្នាក់ មើលសុន្ទរកថាលោកត្រាំតាមទូរទស្សន៍នៅហាងស្រាមួយកន្លែងក្នុងទីក្រុង ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ រូបភាព៖ AFP
ដោយ:
​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​ប្រទាញប្រទង់​ខ្លាំង ពុំ​គ្រាន់តែ​ទាញ​ចំណាប់អារម្មណ៍​ពលរដ្ឋ​ក្នុងប្រទេស​នេះ​ប៉ុណ្ណោះ តែ​វា​ក៏បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​ក្នុងចំណោម​អ្នកលេង​បណ្ដាញ​សង្គម​ចិន​ផងដែរ​។

 
​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​អាមេរិក កំពុង​ពេញនិយម​យ៉ាងខ្លាំង​នាពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នៅលើ​បណ្ដាញ​សង្គម​ដ៏​ល្បី​របស់​ចិន Weido ជាមួយ​ឃ្លា​ថា «#USPresidentialelection» ទាញ​ការអាន​បាន​រហូតដល់​ជិត​៦,៧៧​ពាន់​លាន​ដង​ឯណោះ​។ 
 
​បន្ថែម​ពីលើ​នេះ ព័ត៌មាន​វិវត្តន៍​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ ដូចជា របាយការណ៍​ដែល​លោក​ត្រាំ​ដាក់ពាក្យ​បណ្ដឹង​ក្នុង​រដ្ឋ​ប្រទាញប្រទង់​ជាដើម មាន​អ្នក​ចូល​អាន​ដល់​១០០​លាន​ដង​ផងដែរ​ក្នុងពេល​ត្រឹម​មួយ​ម៉ោង​។ នេះ​បើតាម​សារព័ត៌មាន​រដ្ឋ​ចិន Global Times ។​
 
​សម្រាប់​ការជជែក​ពិភាក្សា​លើ​ប្រធានបទ​ការបោះឆ្នោត​អាមេរិក​នេះ អ្នកលេង​បណ្ដាញ​សង្គម​ចិន​ភាគច្រើន បាន​សរសេរ​លេងសើច និង​បែប​ចំអក​ឡកឡាយ​។ ពួកគេ​បាន​ឲ្យ​ឈ្មោះ​ក្រៅ​លោក ដូ​ណា​ល់ ត្រាំ ថា «​ត្រាំ អ្នក​កសាង​ប្រជា​ជាតិចិន​» ដោយ​ពួកគេ​ជឿថា លោក ត្រាំ ចូលរួមចំណែក​ក្នុងការ​ងើបឡើង​របស់​ចិន ដោយ​ការធ្វើ​ឲ្យ​ប្រទេស​ខ្លួនឯង​ធ្លាក់ចុះ​។​
 
​ចំណែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​ម្នាក់ទៀត បាន​បង្កើត​ផែនទី​សហរដ្ឋអាមេរិក ដែល​ពោរពេញ​ដោយ​អុត​ពណ៌​ក្រហម ដោយមាន​រូបលោក​ត្រាំ ឈរ​នៅក្បែរ​ផែនទី​នោះ ហើយ​បង្ហាញ​ការ​ត្រេកអ​រថា​៖«Wow, មើល​នេះ សុទ្ធតែ​រដ្ឋ​ពណ៌​ក្រហម​»​។ យ៉ាងណា ក្នុង​រូប​ដដែល​នេះ ឃើញ​មាន​បុរស​២​នាក់​និយាយ​ខ្សិ​ប​ដាក់គ្នា​ថា​៖«​អ្នក​ប្រាប់​គាត់ (​លោក​ត្រាំ​) ថា នេះ​ជា​ផែនដី​ជំងឺ​កូ​វីដ​-១៩​ទេ​»​។​
 
​ក្រោយ​ពីនេះ រូប​ថ្លុក​ដៀមដាម និង​សារ​បែប​សើចចំអក​ជាច្រើន​ទៀត ត្រូវបាន​សរសេរ​ដោយ​អ្នកលេង​បណ្ដាញ​សង្គម​ចិន ហើយ​ត្រូវបាន​ចែកចាយ​យ៉ាង​សុសសាយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​អាមេរិក នៅ​មិន​ចប់​នៅឡើយ ខណៈ​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​៥​ទៀត នៅ​កំពុង​ត្រូវបាន​រាប់​នៅឡើយ​។  ភាពយឺតយ៉ាវ​នេះ ក៏​ព្រោះ​តែមាន​សន្លឹកឆ្នោត​ជាច្រើន​ត្រូវបាន​ផ្ញើ​តាមរយៈ​ប្រៃសណីយ៍​។ 
 
​បច្ចុប្បន្ន លោក បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ក្ដាប់បាន​សំឡេង​ប្រតិភូ ២៦៤ ខណៈ​លោក ត្រាំ ឈ្នះ​បាន ២១៤ សំឡេង​ប្រតិភូ ។ ដើម្បី​ក្លាយជា​ម្ចាស់​សេត​វិមាន បេក្ខជន ត្រូវការ​សំឡេង​យ៉ាងតិច ២៧០​គាំទ្រ​ពី​ប្រតិភូ ៕ 

Tag:
 ចិន​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com