ជាតិ
សង្គមជាតិ
មន្ត្រីជលផល​ណែនាំ​ឲ្យ​កសិករ ចិញ្ចឹម​ត្រី​-​កង្កែប​ក្នុង​ស្រះ​សិប្បនិម្មិត ងាយស្រួល​មើលថែ និង​ទិន្នផល​ខ្ពស់​
07, Nov 2020 , 7:59 am        
រូបភាព
ដោយ:
​វិស័យ​វារីវប្បកម្ម​កាន់តែ​ទូលាយ របៀប​នៃ​ការចិញ្ចឹម​ត្រី កង្កែប បង្កង ក៏មាន​ការផ្លាស់ប្ដូរ​។ ការចិញ្ចឹម​បែប​ធម្មជាតិ​គឺជា​ការចិញ្ចឹម​ត្រី កង្កែប ក្នុង​ស្រះ រីឯ​ការចិញ្ចឹម​បែប​សិប្បនិម្មិត​វិញ គឺជា​ការធ្វើ​អាង​ចិញ្ចឹម​ពី​តង់ ឬ​ប្លា​ស្ទិ​ក​។​

 
​វិស័យ​កសិកម្ម កំពុង​ឈានមុខ​គេ​ក្នុង​វិបត្តិ​កូ​វីដ​-១៩ ពិសេស​គឺ​ផ្នែក​វារីវប្បកម្ម ហើយ​របរ​នេះ​បាន​ក្លាយជា​មុខរបរ​ស្នូល​របស់​ពលរដ្ឋ​កម្ពុជា​ផងដែរ​។ បើទោះបី​ចំនួន​អ្នក​ចិញ្ចឹម​មានការ​កើនឡើង ប៉ុន្តែ​របៀប​នៃ​ការចិញ្ចឹម​នៅតែ​ជា​ចំណុច​សំខាន់​ដែល​កសិករ​គួរ​យល់ដឹង​។ អ្នកជំនាញ​ផ្នែក​ជលផល​បាន​ណែនាំ​អ្នក​ចិញ្ចឹម​ត្រី កង្កែប ងាក​មក​ចិញ្ចឹម​តាមរបៀប​សិប្បនិម្មិត ព្រោះ​វា​មាន​អត្ថប្រយោជន៍ និង​ងាយស្រួល​ក្នុងការ​ចិញ្ចឹម​។​
 
​លោក ហ៊ី សារុន មន្ត្រី​ផ្នែក​ជលផល​នៃ​រដ្ឋបាល​ជលផល​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ការចិញ្ចឹម​ត្រី កង្កែប ដោយ​ធ្វើ​អាង​សិប្បនិម្មិត​មាន​អត្ថប្រយោជន៍​ច្រើន បើ​ប្រៀបធៀប​នឹង​ការចិញ្ចឹម​ត្រី កង្កែប តាមបែប​ធម្មជាតិ​ដោយ​ចិញ្ចឹម​ក្នុង​ស្រះ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ការចិញ្ចឹម​បែប​សិប្បនិម្មិត និង​ចិញ្ចឹម​បែប​ធម្មជាតិ មាន​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​។ តែ​ចិញ្ចឹម​បែប​សិប្បនិម្មិត​ងាយស្រួល​គ្រប់គ្រង ស្រួល​ចិញ្ចឹម ស្រួល​ផ្ដល់​ចំណី ចំណាយពេល​តិច និង​អត្រា​បាត់បង់​ក៏​តិច​ដែរ​»​។​
 
​អ្នកជំនាញ​ផ្នែក​ជលផល​រូបនេះ បាន​ណែនាំ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី និង​កង្កែប ក្នុង​អាង​សិប្បនិម្មិត ដូចជា​ការចិញ្ចឹម​ក្នុង​តង់ ឬ​ប្លា​ស្ទិ​ក ប្រសើរ​ជាង​ចិញ្ចឹម​ត្រី ឬ​កង្កែប​តាមបែប​ធម្មជាតិ​។ លោក ហ៊ី សារុន ប្រាប់​បន្តថា​៖«​ការចិញ្ចឹម​បែប​ធម្មជាតិ​វា​មាន​ហានិភ័យ​ច្រើន ដោយ​ត្រូវ​ការសម្អាត​ស្រះ​ច្រើន ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ថែទាំ និង​ប្រឈម​នឹង​សត្វ​ចង្រៃ​ស៊ី​ត្រី​ផងដែរ​»​។ បើតាម​លោក ហ៊ី សារុណ គុណភាព​ទឹកជា​កត្តា​សំខាន់ ព្រោះ​ការចិញ្ចឹម​ក្នុង​ស្រះ​អាចមាន​ភាព​កង្វក់​ដែល​ពិបាក​ក្នុងការ​គ្រប់គ្រង​។ ដោយឡែក​កត្តា​ធម្មជាតិ​ក៏​ជា​ផ្នែក​មួយ​ងាយ​ប្រឈម​ដែរ​ក្នុងការ​ចិញ្ចឹម​តាមបែប​ធម្មជាតិ​។ 
 
​លោក នុត សាវ៉ាត អាយុ​២៩​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​កង្កែប និង​បង្កង​មួយរូប រស់នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានជ្រើសរើស​ការចិញ្ចឹម​កង្កែប និង​បង្កង តាមបែប​សិប្បនិម្មិត​ដោយ​ប្រើប្រាស់​តង់​ធ្វើជា​អាង​ចិញ្ចឹម​។ កសិករ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​វា​ចំណាយ​ដើមទុន​តិច ទីធ្លា​តូច​ងាយ​គ្រប់គ្រង​ជាង​ធំ​។ អ្នកមាន​ដី​តូច​និង​ដើមទុន​តិច​ក៏​អាចធ្វើ​បានដែរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​»​។ លោក សាវ៉ាត បាន​ជ្រើស​ការចិញ្ចឹម​ក្នុង​អាង​សិប្បនិម្មិត​ជាង​មួយឆ្នាំ​មកហើយ ធ្វើ​ឲ្យ​លោក​ងាយស្រួល​គ្រប់គ្រង​ក្នុង​ការងារ​ចិញ្ចឹម​កង្កែប និង​បង្កង របស់លោក ហើយ​អាច​ឲ្យ​លោក​ទទួលបាន​ចំណូល​ប្រមាណ ៦០០​ដុល្លារ​ក្នុង​មួយខែ​។ 
 
​បច្ចុប្បន្ន​ការចិញ្ចឹម​ត្រី កង្កែប មាន​ភាព​ទូលាយ លោក ហ៊ី សារុន ក៏បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​ចិញ្ចឹម​ងាក​មក​ចិញ្ចឹម​តាមបែប​សិប្បនិម្មិត​វិញ ព្រោះ​ទាំង​ទិន្នផល និង​គុណភាព​ត្រី​មាន​ភាពប្រសើរ​ជាង​ចិញ្ចឹម​តាមបែប​ធម្មជាតិ​។ ម្យ៉ាង ការចំណាយ​តិច អាច​ប្រើ​រយៈពេល ២​ទៅ​៣​ឆ្នាំ ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​និង​កម្លាំង​ក្នុង​ការជីក​ស្រះ​។ ប៉ុន្តែ​ជាមួយគ្នា​នោះ​ក៏​ត្រូវមាន​បច្ចេកទេស​ចិញ្ចឹម​ឲ្យ​បាន​ត្រឹមត្រូវ និង​គួរ​ជ្រើសរើស​ប្រភេទ​ត្រី​ដែល​ងាយស្រួល​ចិញ្ចឹម​ដូចជា​ប្រភេទ​ត្រី​អណ្ដែង និង​ត្រី​ក្រាញ់​ជាដើម​៕

Tag:
 ​កសិកម្ម​
 ​វារីវប្បកម្ម​
 ​ត្រី​
 ​កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com