សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានព័ត៌មានថា មានមន្ត្រីខ្លះ ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ សម្តេច ចាត់ទុក ការអនុវត្តមិនបានល្អរបស់មន្ត្រី ក្នុងការធ្វើចត្តាឡីស័ក ថាជាព័ត៌មានដ៏គួរឲ្យសោកស្តាយ។
គេ បានឮសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង២០នាទី ដែលនិយាយរឿងធ្វើចត្តាឡីស័កនេះ ទៅកាន់មន្ត្រី។ សម្តេច ទំនងជានិយាយទៅកាន់មន្ត្រីពាក់ព័ន្ធទាំងនោះ តាមបណ្តាញទំនាក់ទំនងសង្គមណាមួយ។
តាមរយៈសារជាសំឡេង ផ្ញើទៅកាន់បណ្តាមន្ត្រីពាក់ព័ន្ធ ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ បានទទួលបានព័ត៌មានដ៏គួរឲ្យសោកស្តាយថា ការធ្វើចត្តាឡីស័ករបស់មន្ត្រីយើងខ្លះ គឺមិនបានត្រឹមត្រូវទេ ហាក់ដូចជាមានដើរហាត់ប្រាណនៅក្រៅផ្ទះ ការកាន់ដៃគ្នា ការជួបប្រាស្រ័យជាមួយអ្នកនេះ អ្នកនោះ»។
ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋាភិបាល បានណែនាំទៅរដ្ឋមន្ត្រី និងមន្ត្រីទាំងអស់ ដែលបានជួបនិងបានប្រាស្រ័យទាក់ទងជាមួយលោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូរបស់លោក ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ សម្តេច សង្កត់ធ្ងន់ថា ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ គឺមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឹកូវីដ-១៩។
សម្តេច បន្តថា អ្នកដែលកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក មិនត្រូវឲ្យភរិយាឬកូនចៅ ទៅជិតនោះទេ។ សម្តេច បន្ថែមថា ការមានភាពច្បាស់លាស់ក្នុងការធ្វើចត្តាឡីស័កនេះ មិនមែនគ្រាន់តែដើម្បីបង្ការជំងឺកូវីដ-១៩ កុំឲ្យឆ្លងដល់ខ្លួនិងគ្រួសារនោះទេ តែក៏ដើម្បីបង្ការកុំឲ្យរាលដាលដល់សហគមន៍ដែរ។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់ព័ត៌មានដល់មន្ត្រីដែរ ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង Péter Szijjártó។ សម្តេច អះអាងដូច្នេះថា៖«គាត់ បានសុំការអធ្យាស្រ័យចំពោះយើង អំពីផលប៉ះពាល់មកដល់យើង បណ្តាលមកពីខ្លួនគាត់ ដែលគាត់បានធ្វើតេស្ត មិនមានកូវីដ-១៩នោះទេ ទើបគាត់ចេញមកទស្សនកិច្ច [នៅកម្ពុជា]....»។
ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក បានជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដោយរួមមានទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសរួចហើយថា សម្តេច បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ តែសម្តេចត្រូវបន្តធ្វើចត្តាឡីស័ក។
រដ្ឋមន្ត្រីកម្ពុជា ដែលបានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកតំណាងរាស្ត្រ សួស យ៉ារ៉ា ក៏បានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីដែរ។
រដ្ឋាភិបាល តម្រូវឲ្យថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជាទាំងអស់ ដែលបានប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក Péter Szijjártó ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក។
មកដល់ថ្ងៃទី៦ ខែវិច្ឆិកានេះ មានមនុស្ស៨៤០នាក់ហើយ ដែលបានប្រាស្រ័យទាក់ទងទាំងផ្ទាល់និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី បានឆ្លងកាត់ការធ្វើតេស្ត ហើយលទ្ធផល បង្ហាញថា ពួកគេ គ្មានជំងឺកូវីដ-១៩នោះទេ។ តែពួកគេ នៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ សាជាថ្មីទៀត។
លោក Péter Szijjártó និងគណៈប្រតិភូរបស់លោក មកបំពេញទស្សនកិច្ចនៅកម្ពុជាតែ១ថ្ងៃប៉ុណ្ណោះ គឺមកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ហើយពេលល្ងាច បន្តធ្វើដំណើរទៅបំពេញបេសកកម្មការទូតនៅថៃ។ ពេលទៅដល់ថៃ លោក ក៏ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា។ រដ្ឋាភិបាលរបស់លោក បានបញ្ជូនយន្តហោះ ដឹកលោកទៅហុងគ្រីវិញ ដោយជំនួបនានារបស់លោកនិងមេដឹកនាំថៃ ត្រូវលុបចោល។ បច្ចុប្បន្ន លោក កំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩។
យ៉ាងណាក៏ដោយ គេ មិនទាន់ឃើញមានប្រភពច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា ប្រមុខការទូតហុងគ្រីរូបនេះ ឆ្លងជំងឺកូវីដ-១៩ តាំងពីពេលណា និងនៅទីណានោះទេ៕