កីឡាជាតិ
ជាតិ
ពាន​«​គរុ​គុណ​»​ជា​ឱកាស​សម្រាប់​កីឡាករ​មកពី​តាម​ខេត្ត ក្លាយជា​ជម្រើសជាតិ​កីឡា​ប៉េតង់​
07, Nov 2020 , 8:29 am        
រូបភាព
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
ដោយ:
​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់​«​គរុ​គុណ​» ដែល​រៀបចំឡើង ដើម្បី​រំលឹក និង​តបស្នង​សងគុណ​ដល់​ស្ថាបនិក​សហព័ន្ធ បាន​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នេះ​។ ការប្រកួត​នេះ ជា​ឱកាស​សម្រាប់​កីឡាករ​កីឡាការិនី​មកពី​ក្លិប​សមាគម​តាម​ខេត្ត​-​ក្រុង​នានា បានបង្ហាញ​សមត្ថភាព ដើម្បី​ឆក់យក​កៅអី​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​។​

 
​ជាការ​ប្រកួត​ដើម្បី​រំលឹក និង​តបស្នង​សងគុណ ដល់​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​សម្តេច​វិបុល​បញ្ញា សុខ អាន និង​សម្តេច ស ខេង ក៏ពិតមែន​។ ប៉ុន្តែ​ពាន​«​គរុ​គុណ​»​ជា​ឱកាស​សម្រាប់​កីឡាករ​មកពី​ក្លិប​សមាគម​នានា​ក្នុងការ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​។ 
 



​បើតាម​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា លោក នឹង​ចាត់​មន្ត្រី​ជំនាញ​តាមដាន​ការប្រកួត​នីមួយៗ​របស់​កីឡាករ​កីឡាការិនី​មកពី​តាម​បណ្តា​ខេត្ត ដើម្បី​ស្វែងរក​អ្នកមាន​សមត្ថភាព​និង​ទេពកោសល្យ​ខ្ពស់ សម្រាប់​ត្រៀម​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​។ លោក បាន​បញ្ជាក់ថា ទោះបី​កីឡាករ​មកពី​តាម​បណ្តា​ខេត្ត​មិន​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ក៏ដោយ ឲ្យ​តែមាន​សមត្ថភាព​ប្រហាក់ប្រហែល​អាច​ប្រកួតប្រជែង​ជា​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​។​
 
​នា​ពិធី​បើក​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើមពាន​រង្វាន់​«​គរុ​គុណ​»​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ស សុខា បាន​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា​៖«​វា​ជា​ឱកាស​ធំ​មួយ​សម្រាប់​គណៈកម្មការ​រៀបចំ ក៏ដូចជា​ថ្នាក់ដឹកនាំ​សហព័ន្ធ ដើម្បី​កត់​ចំណាំទុក​សម្រាប់​ក្រុម​កីឡាករ​កីឡាការិនី​ណា ដែលមាន​ទេពកោសល្យ​ល្អ យើង​នឹង​ហៅ ឬ​ត្រៀម​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បើកទ្វារ​ធ្វើជា​ម្ចាស់ផ្ទះ​»​។​
 


​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ខិតខំ​ប្រឺ​ង​ប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ ក៏ដូចជា​ដើម្បី​ចាប់យក​ឱកាស​ក្លាយជា​កីឡាករ​ជម្រើសជាតិ​។ លោក​សង្កត់ធ្ងន់ថា កីឡាករ​អាច​នឹងរង​ការពិន័យ ប្រសិនបើ​រកឃើញថា កីឡាករ ឬ​ក្រុម​ណា​ប្រកួត​មិន​អស់ពី​សមត្ថភាព ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ ឬ​ក្រុម​ណាមួយ​ឡើងទៅ​វគ្គ​បន្ត​។​
 
​ក្នុងឱកាស​នោះ លោក ក៏បាន​លើកឡើង​ពី​សមិទ្ធផល​របស់​សហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដែល​សម្រេចបាន​កាលពី​ពេលកន្លងមក​ផងដែរ​។ ក្រោយ​កកើតឡើង​តាំងពី​ឆ្នាំ​១៩៩១​មកដល់​បច្ចុប្បន្ន សហព័ន្ធ​នេះ បាន​សាង​ស្នាដៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅលើ​ឆាក​អន្តរជាតិ ក្នុងនោះ​ដណ្តើមបាន​មេដាយមាស​ចំនួន​១០០ ប្រាក់ និង​សំរឹទ្ធ​ជាង​២០០​។   
 
​សម្រាប់​ការប្រកួត​ពាន​«​គរុ​គុណ​»​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៦-៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មាន​ក្រុម​ចូលរួម​ចំនួន​៥៨ ដែលមាន​កីឡាករ​សរុប​ចំនួន​៤៩៥​នាក់​។ អត្ត​ព​លិ​ក​ទាំងនេះ ប្រកួតប្រជែង​គ្នា​លើ​៨​វិញ្ញាសា​៕   


 
 

Tag:
 ប៉េតង់​
  ស សុខា​
  គរុ​គុណ
© រក្សាសិទ្ធិដោយ thmeythmey.com