ជាតិ
សង្គមជាតិ
”​អ្នកកាសែត​ស្រី​”​ប្រលោមលោក​ជីវិត​ពិត ឆ្លុះ​ពី​អំ​រែក​នៅ​ពីក្រោយ​ទំនួល​ខុសត្រូវ​ការងារ និង​ភាពខ្លាំង​របស់​ស្ត្រី​អ្នកកាសែត​
07, Nov 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ដើរ​លើ​វិថី​តែង​និពន្ធ តាំងពី​អំឡុង​ឆ្នាំ​២០១៤ លោក ស៊ុំ សុរិយ ដែល​តាំងចិត្ត​ផ្សព្វផ្សាយ​ពី ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ ក្នុង​ស្នាដៃ​របស់ខ្លួន ទើប​តែមាន​ស្នាដៃ​ប្រលោមលោក​៣​រឿង​ប៉ុណ្ណោះ​។ “​វីរនារី​ខ្លាច​ខ្មោច​” “​ឃុន​នារី​អនុស្សា​” “​រដូវវស្សា​ស្នេហា​ខ្ញុំ​” គឺជា​ប្រលោមលោក​ប្រឌិត​ផ្សំ​ជាមួយនឹង​បទពិសោធន៍​ជីវិត​មនុស្ស​រស់ក្នុង​សង្គម​ច្រើន​នាក់​។ ដោយឡែក “​អ្នកកាសែត​ស្រី​” គឺជា​ប្រលោមលោក​ទី​៤ និង​ដំបូង​គេ​របស់លោក សុរិយ ដែល​លាតត្រដាង​ពី​ជីវិត​ពិត​របស់​នារី​តែ​ម្នាក់​។ ប្រលោមលោក​នេះ នឹង​ផ្ដល់ឱ្យ​អ្នកអាន ឃើញ​ពី​វិធី​ដោះស្រាយ​បញ្ហា ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ភាព​អត់ធ្មត់ ការតស៊ូ វិជ្ជាជីវៈ​អ្នកកាសែត ភាព​កតញ្ញូ ជាពិសេស​ជីវិត​អ្នកកាសែត​ស្រី​មួយរូប​។​


 
​ខ្លឹមសារ​រឿង​ខ្លះៗ​មាននៅ​ក្នុង​បទ​យកការណ៍​ខាងក្រោម ដូច្នេះ​សូម​អញ្ជើញ​លោកអ្នក ស្ដាប់​ដោយ​ក្ដី​រីករាយ​៖


 
​ជា​រឿង​ទី​៤​ក្នុង​ស្នាដៃ​ប្រលោមលោក​របស់ខ្លួន លោក ស៊ុំ សុរិយ ដែល​ពី​ដើមឡើយ​មិន​ចូលចិត្ត​សរសេរ​ប្រលោមលោក​រឿង​ពិត​របស់​បុគ្គល​ណាមួយ ជាពិសេស​រឿង​របស់ខ្លួន​នោះ បាន​ប្ដូរ​ចិត្ត​មក​សរសេរ​ពី​ដំណើរ​ជីវិត​របស់​នារី​សាមញ្ញ​ម្នាក់ ដែល​លោក​គិតថា​មាន​ភាព​អស្ចារ្យ​ទាំង​ក្នុង​ការងារ និង​គ្រួសារ​។​
 
​អង្គុយ​ក្នុង​មជ្ឈមណ្ឌល​ក​ម្រា​ន្ត​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ លោក សុរិយ ដែល​ពាក់អាវ​ពណ៌​សក​បត់​ដៃខ្លី និង​ស្លៀកខោ​ពណ៌​កាក​អំពៅ នៅក្នុង​ដៃ​មាន​ក្រដាស​ទំហំ​A4 បាន​រំលេច​ពាក្យ​ថា ប្រលោមលោក​ជីវិត​ពិត នៅ​ខាងលើ​បំផុត​នៃ​ផ្ទៃ​ក្រដាស ហើយ​ពាក្យ​នៅ​ខាងក្រោម​បន្ទាប់​គឺ អ្នកកាសែត ដោយមាន​ទំហំ​អក្សរ​ធំ​ជាង​បន្ទាត់​ខាងលើ​បន្តិច​។ ចំណែក​ពាក្យ​ដែលមាន​អំណាច​ជាងគេ លើ​ផ្ទៃ​ក្រដាស​នេះ គឺ “​ស្រី​” ដោយមាន​ពាក្យ​រាជ​នី​បទ​យកការណ៍ ជា​បន្ទាត់​ចុង​បំផុត​នៃ​ប្រយោគ​។ រូប​១
 



​អ្នកនិពន្ធ​វ័យ​៣១​ឆ្នាំ ដែលមាន​សម្ដី​ម៉ាត់ៗ​ហើយ​ច្បាស់លាស់​រូបនេះ ប្រាប់​ពី​ឈ្មោះ​តួឯក​ស្រី ជា​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៖«​វា​ជា​ជីវិត​ពិត​របស់​អ្នកកាសែត​ស្រី​ដ៏​កម្សត់​ម្នាក់ គាត់​ឈ្មោះថា ឃុន វ៉ាន់ដា​។ “​អ្នកកាសែត​ស្រី​” នឹង​សរសេរ​រំលេច​ពី​ជីវិត​ពិត​របស់គាត់ ចំនួន​៦០​ភាគរយ ហើយ​៤០​ភាគរយ​ទៀត​គឺជា​ការបង្កើត​ថ្មី​របស់ខ្ញុំ ដោយ​ខ្ញុំ​បន្ថែម​ឱ្យ​សាច់​រឿងនេះ​កាន់តែ​ទាក់ទាញ ដើម្បីឱ្យ​អ្នកអាន​ទទួលបាន​អ្វីដែល​ថ្មី រួមទាំង​ការកម្សាន្ត​។ ជីវិត​កម្សត់​របស់​តួឯក​របស់ខ្ញុំ គឺ​គាត់​ជ្រើសរើស​ការងារ​ដោយសារតែ​ការខ្វះខាត ទីផ្សារការងារ និង​ជាការ​រត់គេច​ពី​បញ្ហា​មួយ​។ ដូច្នេះ​ក្នុង​រឿងនេះ នឹង​និយាយ​ពី​តួឯក​ស្រី​ថា​គាត់​ធ្វើការ​អ្វី​ពីដំបូង ដែល​ធ្វើឱ្យ​គាត់​ចងចាំ ហើយ​គាត់​មិន​ចង់​ត្រឡប់​ទៅធ្វើ​ការងារ​នោះ​វិញ​»​។​
 
​តាមពិតទៅ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ តែង​ជួប​ឧបសគ្គ​ទាំង​ក្នុង​ការងារ ក៏ដូចជា​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​អ្វីដែល​សំខាន់​តើ​ពួកគេ​ដោះស្រាយ​វា​ឱ្យទៅជា​ល្អប្រសើរ​ដោយ​វិធី​ណា​? អង្គុយ​លើ​បន្ទះក្ដារ​កម្រាស់​៤​ធ្នាប់​ដៃ ដែល​ក្រា​លពាស​លើ​ផ្ទៃ​ការ៉ូ​ថ្ម នៅ​ជាន់​ឡៅតឿ​នៃ​អគារ​ម​ជ្ឈ​ម​ណ្ដ​លក​ម្រា​ន្ត​លី​ឡា បុរស​សម្បុរ​ស្រអែម​រូបនេះ ប្រាប់​ពី​ចំណុច​ពិសេស​ដែល​លោក​បាន​មើលឃើញ ក្នុង​ខ្លួន​តួឯក​ស្រី​របស់គាត់​៖«​គាត់​ចាប់ផ្ដើម​ស្រឡាញ់​ការងារ​ជា​អ្នកកាសែត​។ គាត់​ត្រូវ​រត់​ស្រប​ពេលដែល​អ្នកកាសែត​រួម​ក្រុម​គេ​ដើរ គាត់​មិន​ពូកែ​លើ​ការងារ​នេះ​ទេ​។ គាត់​ជា​អ្នក​ចិត្ត​វិទ្យា គាត់​មិនមែនជា​អ្នកសរសេរ​ទេ ប៉ុន្តែ​គាត់​ត្រូវ​មក​ធ្វើការ​ងារ​ជា​អ្នកកាសែត អ៊ីចឹង​គាត់​ត្រូវ​រៀន​ពី​ការសរសេរ​ហ្នឹង​ម្ដងទៀត ហើយ​គាត់​ត្រូវ​រៀន​ពី​គេ រៀន​ពី​សង្គម​រៀន​ពី​សិស្ស​ច្បង នឹង​រៀន​ពី​អ្នកធ្វើការ​ជាមួយគ្នា​ច្រើន​នាក់​ទៀត រហូតដល់​គាត់​អាចធ្វើ​ការងារ​នេះ​បាន​។ ចំណុច​មួយទៀត​របស់​តួឯក​ស្រី គឺជា​មនុស្ស​ស្រី​ម្នាក់​ដែល​ត្រូវ​ទទួល​រ៉ាប់​ការងារ​ផង និង​ត្រូវ​ទទួល​រ៉ាប់​មើល​ម្ដាយ​ពិការ​នៅផ្ទះ​»​។ រូប​២
 


​ប្រលោមលោក “​អ្នកកាសែត​ស្រី​”​នេះ នឹង​លាតត្រដាង​ពី​អំ​រែក​ក្នុង​គ្រួសារ​ដែល​ត្រូវ​រ៉ាប់រង​តែម្នាក់ឯង របស់​នារី​ម្នាក់ ហើយ​នាង​នៅតែ​ប្រឹងប្រែង​រក្សា​ការងារ​របស់ខ្លួន បើទោះបីជា​ត្រូវ​រង​ក្រសែភ្នែក​បែបណាក៏ដោយ​ចុះ​៖«​មនុស្ស​ពេលដែល​ចាស់​ទៅ គឺ​ប្រៀបដូចជា​មនុស្ស​ពិការ​អ៊ីចឹង គឺ​គាត់​មើល​អ្វី​មិនឃើញ​ទេ​។ ពេលខ្លះ​គាត់​ត្រូវធ្វើ​ការងារ​អ្វីមួយ​គាត់​ភ្លេចភ្លាំង ឬ​គាត់​ចាប់​ខុស​ចាប់​ត្រូវ ពេលខ្លះ​គាត់​ដើរ​ជាន់​កូន ជាន់​ចាន ជាន់​ឆ្នាំង ដោយសារតែ​គាត់​ង​ងិ​ត​គាត់​មើល​អ្វី​មិនឃើញ​។ តួ​ស្រី​របស់​យើង​មាន​បញ្ហា​នៅ​កន្លែង​ការងារ មនុស្ស​ជាច្រើន​សួរថា​ហេតុអ្វី វ៉ាន់ដា មានរឿង​អ៊ីចឹង ហេតុអ្វី​ធ្វើការ​មិនបាន​ល្អ ហេតុអ្វី​ក៏​មក​កន្លែង​ការងារ​យឺត ប៉ុន្តែ​យើង​មិនដឹងថា​រឿង​នៅ​ពីក្រោយ​បញ្ហា​របស់គាត់ គឺ​វា​លំបាក​វេទនា​យ៉ាងណា​នោះទេ​។ គាត់​អង្គុយ​ធ្វើការ ប៉ុន្តែ​បេះដូង​របស់គាត់​ផ្ញើទុក​នៅផ្ទះ មិនដឹង​ពេលនេះ​ម្ដាយ​របស់គាត់​ត្រូវធ្វើ​ការងារ​អ្វីខ្លះ ឬក៏​មានរឿង​ចៃដន្យ​អ្វី​ធ្វើឱ្យប៉ះពាល់​ដល់​រូបរាងកាយ ឬក៏​ជីវិត​របស់គាត់​»​។​
 
​លោក ស៊ុំ សុរិយ បន្ថែម​៖«​ចំណុច​មួយទៀត​ដែល​ខ្ញុំ​ឃើញថា​ពិសេស គឺ​ការ​ក្រាញននៀល​ក្នុង​វិស័យ​ដែល​គាត់​កំពុងតែ​ធ្វើ មានន័យថា​ទោះបី​មាន​បញ្ហា ប៉ុន្តែ​គាត់​មិន​បោះបង់​ការងារ​ហ្នឹង​ទេ គាត់​នៅតែ​ធ្វើ​ការងារ​ហ្នឹង ធ្វើ​រហូតដល់​ការងារ​នោះ​ក្លាយទៅជា​បំណងប្រាថ្នា​មួយ​។ គាត់​ចង់យក​ការងារ​នោះមក​ធ្វើជា​ប្រយោជន៍ មានន័យថា តើ​ត្រូវធ្វើ​អ្វី​សម្រាប់​សង្គមជាតិ ជា​ប្រយោជន៍​សម្រាប់​អ្នកអាន សម្រាប់​អ្នក​ស្ដាប់ សម្រាប់​អ្នកទស្សនា ហើយ​គាត់​ចាប់ផ្ដើម​ធ្វើការ​ងារ​នេះ​ដោយ​បេះដូង ដោយ​គាត់​ឆ្លៀត​មើលថែ​ម្ដាយ​ផង​»​។ រូប​៣



​តាមពិតទៅ “​អ្នកកាសែត​ស្រី​” មិន​ត្រឹមតែ​និយាយ​ពី​ជីវិត​របស់​នារី​ម្នាក់​តែប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​អ្នកនិពន្ធ​ក៏មាន​បំណង​រំលេច​ឱ្យឃើញ​ពី​ការងារ​របស់​អ្នកកាសែត​វិជ្ជាជីវៈ​ផងដែរ​។ អង្គុយ​ផ្ទាល់​នឹង​បន្ទះក្ដារ ដោយ​បញ្ឈរជង្គង់​ស្ដាំ​ហើយ​សណ្ដូក​ជើងឆ្វេង អ្នកនិពន្ធ​ដែល​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​រូបនេះ ពន្យល់​ដូច្នេះ​៖«​រឿង​”​អ្នកកាសែត​ស្រី​”​នេះ គឺជា​រឿង​ដំបូង​ដែល​ខ្ញុំ​ចង់ឱ្យ​អ្នកអាន នឹង​ប្រិយមិត្ត​ទាំងអស់ ទទួលបាន​ចំណុច​ពិសេស​ជាច្រើន​។ “​អ្នកកាសែត​ស្រី​” នឹង​បង្ហាញ​ពី​វិជ្ជាជីវៈ​អ្នកកាសែត​។ លោក​អ្នកនឹង​បានដឹងថា​ការងារ​របស់​អ្នកកាសែត​គេ​ធ្វើ​បែបណា គាត់​គួរតែ​ជា​មនុស្ស​ប្រភេទ​ណា ហើយ​លោក​អ្នកនឹង​ដឹងថា​អ្វី​ជា​ព័ត៌មាន​វិជ្ជាជីវៈ​។ ពេលខ្លះ​អ្នកអាន​គាត់​មិនដឹងថា តើ​ព័ត៌មាន​ណា​ពិត ឬ​ព័ត៌មាន​ណា​មិន​ពិត​នោះទេ ហើយ​បញ្ហា​នេះ​វា​កំពុង​កើតឡើង​ក្នុងសង្គម ព្រោះ​មាន​ព័ត៌មាន​ខ្លះ​វា​មិន​ពិត​»​។​
 
​ភាពជោគជ័យ​នឹង​បរាជ័យ​ក្នុង​ដំណើរ​ជីវិត​ស្ថិត​លើ​ក្បូន​នៃ​ភាពក្លាហាន ក៏​ជា​អ្វីដែល​អ្នកនិពន្ធ យកចិត្តទុកដាក់​ផងដែរ​៖«”​អ្នកកាសែត​ស្រី​” នឹង​បង្ហាញជូន​លោកអ្នក​នូវ​មនុស្ស​ស្រី​រឹងមាំ​ម្នាក់ ដែលមាន​ឥទ្ធិពល​នៅ​កន្លែង​ការងារ និង​ក្នុង​ការងារ​សង្គម ប៉ុន្តែ​គាត់​ក្លាយទៅជា​មនុស្ស​ស្រី​ដែល​ចាញ់​ប្រៀប​មនុស្ស​ស្រី​ធម្មតា​ម្នាក់​។ ការ​មានប្រៀប​នៅ​កន្លែងធ្វើការ ខ្ញុំ​ចង់​សំដៅលើ ពេលខ្លះ​មនុស្ស​ស្រី​គាត់​មានគំនិត​ល្អ​ជាង​មនុស្ស​ប្រុស គាត់​អាច​ចុះ​យក​ព័ត៌មាន​បាន​ដោយ​ងាយ ដោយ​ភាព​វៃឆ្លាត​របស់គាត់ ដែល​មនុស្ស​ប្រុស​នឹកស្មាន​មិន​ដល់​។ គាត់​ខុសពី​មនុស្ស​ស្រី​ធម្មតា ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ ការចូល​ចិត្ត ឬក៏​ការ​គិតថា​គាត់​គឺជា​មនុស្ស​ស្រី ដូចជា​ស្រី​ដទៃ​។ អ្នក​ដែល​ស្គាល់​គាត់​ភាគច្រើន គឺ​គេ​គិតថា​គាត់​គឺជា​មនុស្ស​ប្រុស ដូច្នេះ​ការប្រើ​ពាក្យសម្ដី​លួងលោម​ផ្លូវចិត្ត​គឺ​មិនមាន​ទេ បើ​ថា​ជម្លោះ​ដូច​គូបដិបក្ខ​ប្រុស​ហើយនឹង​ប្រុស​អ៊ីចឹង​»​។ រូប​៤


 
​ទំនង​ដូចជា​មាន​អារម្មណ៍​រង្កៀស​បន្តិច នៅពេលដែល​លើកឡើង​ចំ​ចំណុច​សមភាព​យេនឌ័រ​រវាង​ស្ត្រី​និង​បុរស​។ ទោះជា​យ៉ាងណា អ្នកនិពន្ធ​ហាក់ដូចជា​ចង់​ផ្ញើ​សារ​ទៅ​ចៅហ្វាយនាយ​មួយចំនួន​ដែរ ចំពោះ​ការលើកទឹកចិត្ត​បុគ្គលិក​៖«​រឿង​មួយចំនួន​ដែល​យើង​មិនដឹងថា តើ​នៅ​កន្លែង​ការងារ អ្នកកាសែត​ស្រី​គាត់​មាន​បញ្ហា​អ្វីខ្លះ​។ គាត់​មិន​ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ ឬ​គាត់​ទទួលបាន​ការងារ​មាន​ទម្ងន់​ធ្ងន់​លើសពី​ការងារ​ដែល​គាត់​ធ្លាប់បាន​ជួប ព្រោះ​ការងារ​ខ្លះ​គេ​ដាក់​មក គេ​មិនបាន​គិតថា​ការងារ​ណា​ជា​របស់​មនុស្ស​ស្រី ឬ​ជា​របស់​មនុស្ស​ប្រុស​ទេ​។ ដូច្នេះ​គាត់​ត្រូវ​ទទួល​ការងារ​ដូចជា​មនុស្ស​ប្រុស​ដែរ​។ អ្នក​រួមការ​ងារ​ខ្លះ​គឺ​គេ​រំលោភសិទ្ធិ និង​កម្លាំង​ពលកម្ម ឬ​ពេលខ្លះ​បំពាន កេងចំណេញ​អ្វីមួយ ដែល​វា​ប្រាស់ចាក​ពី​សីលធម៌​។ បញ្ហា​មួយទៀត​យើង​នឹង​បង្ហាញ​ពី​ការ​ប្រឈម​នឹង​បញ្ហា​គ្រួសារ​។ ដល់​កន្លែង​នេះ​អ្នក​ទាំងអស់គ្នា​ប្រាកដជា​គិតថា អ្នកកាសែត​ចាំបាច់​និយាយ​ពី​រឿង​ស្នេហា​ដែរ​»? 
 
​លោក សុរិយ ពន្យល់​បន្ថែម​ពី​ការមើលឃើញ​របស់ខ្លួន ជុំវិញ​ភាព​ប្រឈម​រឿង​ស្នេហា​របស់​នារី​រឹងមាំ​៖«​អ្នកខ្លះ​អាច​គិតថា ឱ្យតែ​ជា​រឿង​ដឹង​តែ​និយាយ​ពី​ស្នេហា​តែម្ដង​ឬ សុរិយ​? ប្រាកដ​ហើយ​ព្រោះ​ជីវិត​មនុស្ស​ដើរ​ទន្ទឹមនឹង​ស្នេហា អ៊ីចឹង​នៅ​កន្លែង​នេះ​តួអង្គ​របស់ខ្ញុំ មាន​បញ្ហា​ប្រឈម​នឹង​ស្នេហា​។ ក្នុង​វគ្គ​ស្នេហា​ហ្នឹង​គឺមាន​រឿង​ពិត​របស់គាត់​ប្រហែល​៣០​ភាគរយ ចំណែក​៥០​ទៅ​៦០​ភាគរយ​ទៀត​គឺជា​រឿង​ដែល​ខ្ញុំ​បង្កើត​វា​ឡើង ដើម្បី​ទាក់ទាញ​អ្នកអាន ហើយ​យើង​បញ្ចូល​សិល្បៈ​នៅក្នុង​ហ្នឹង​ផងដែរ​។ “​អ្នកកាសែត​ស្រី​” មាន​បញ្ហា​ស្នេហា​។ ធម្មជាតិ​របស់​មនុស្ស​ប្រុស​គឺ​គាត់​ស្រឡាញ់​តែម​នុស្ស​ស្រី​ដែល​ទន់ភ្លន់ និង​ទន់ខ្សោយ​ទេ គេ​គ្រាន់តែ​ខំប្រឹងប្រែង​រកប្រាក់​ចិញ្ចឹម​គ្រួសារ ឱ្យ​ប្រពន្ធ​មើលថែ​កូន​និង​មើលថែ​គ្រួសារ នេះ​មនុស្ស​ប្រុស​មួយចំនួន​គិត​បែប​ហ្នឹង​។ ពេលដែល​គាត់​ជួប​មនុស្ស​ស្រី​ដែល​រឹងមាំ​ម្នាក់ គាត់​មាន​អារម្មណ៍​ថា​មិន​ស្រឡាញ់​»​។ 
 
​ទោះជា​យ៉ាងណាក៏ដោយ អ្នកនិពន្ធ​រូបនេះ ក៏បាន​ព្យាយាម​រំលេច​ឱ្យឃើញ​ពី​បញ្ហា​ប្រឈម​នានា​របស់​អ្នកកាសែត​ស្រី នៅ​គ្រប់​កាលៈទេសៈ​ផងដែរ​៖«​នៅក្នុង​រឿង “​អ្នកកាសែត​ស្រី​” របស់ខ្ញុំ​នេះ​មាន​ចំណុច​ពិសេស​មួយ ដែល​បង្ហាញឱ្យឃើញ​ពី​បញ្ហា​របស់​តួឯក​ស្រី ហើយ​គឺជា​រឿង​ពិត ដែល​គាត់​ជួប​រឿង​ចៃដន្យ​មួយ គាត់​ត្រូវ​ចុះ​យក​ព័ត៌មាន​នៅតាម​ខេត្ត ហើយ​ក្រុមការងារ​សុទ្ធតែជា​បុរស​ទាំងអស់ បញ្ហា​នោះ​វា​បាន​កើតឡើង ហើយ​វា​បានធ្វើឱ្យ​គាត់​ចងចាំ រហូត​ធ្វើឱ្យ​គាត់​ស្ទើរតែ​លែង​ចង់ទៅ​ធ្វើ​ព័ត៌មាន​នៅតាម​ខេត្ត​។ ដល់​ចំណុច​នេះ​លោក​អ្នកនឹង​បានឃើញ​ពី​បញ្ហា​ដែល​អ្នកកាសែត​ស្រី​ម្នាក់​ហ្នឹង គាត់​ជួប​បញ្ហា​មួយ​ហ្នឹង វា​មានរឿង​ពិត​៧០​ភាគរយ​»​។ រូប​៥


 
​លោក ស៊ុំ សុរិយ ជឿថា​ស្នាដៃ​ប្រលោមលោក​ទី​៤​រឿង “​អ្នកកាសែត​ស្រី​” នេះ នឹង​ជួយ​បង្ហាញផ្លូវ​ដល់​នារី​គ្រប់រូប ដែលមាន​បំណង​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​៖«​បើសិនជា​អ្នកអាន​រឿងនេះ​អ្នក​កុំ​គិតថា កុំ​ធ្វើ​អី​អ្នកកាសែត​ព្រោះ​វា​លំបាក ទេ យើង​អាចយ​ករឿង​”​អ្នកកាសែត​ស្រី​”​នេះ យកទៅ​សិក្សា​សម្រាប់​ខ្លួនឯង​។ ប្រសិនបើ​ប្អូនៗ​ជា​យុវតី ឬ​ជា​ស្ត្រី​ដែល​ចង់​ក្លាយជា​អ្នកកាសែត សូម​លោក​អ្នកអាន​រឿងនេះ​កុំឱ្យ​រំលង​។ ព្រោះ​”​អ្នកកាសែត​ស្រី​” នឹង​បង្រៀន​លោកអ្នក​ឱ្យ​ស្គាល់​ថា​អ្វី​ជា​អ្នកកាសែត​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ហើយ​ធ្វើ​បែបណា​ដើម្បីឱ្យ​ខ្លួនឯង​រឹងមាំ ខ្លួនឯង​អាច​ក្លាយជា​អ្នកព័ត៌មាន​ស្រី​ម្នាក់ ដ៏​ពេញលេញ​ដ៏​ច្បាស់លាស់​។ ហើយ​បញ្ហា​មួយចំនួន​ដែល​ឆ្លុះបញ្ចាំង​ក្នុង​រឿង​របស់​យើង លោកអ្នក​ក៏​អាច​កែប្រែ​ដើម្បី​កុំឱ្យ​លោកអ្នក​មាន​បញ្ហា​ដូចជា​តួអង្គ​នៅក្នុង​រឿង​របស់​យើង​។ សូម​លោកអ្នក​គាំទ្រ​រឿង “​អ្នកកាសែត​ស្រី​” ទាំងអស់គ្នា ដើម្បី​វិស័យ​ការអាន​នៅ​កម្ពុជា ហើយនឹង​លើកតម្កើង​ការងារ​ជា​អ្នកកាសែត​ផង​»​។ រូប​៦


​ដើរ​មួយ​ជំហាន​ត្រូវ​គិត​មួយ​ជំហាន តើ​តួឯក​ស្រី នឹង​ដោះស្រាយ​ឧបសគ្គ​របស់ខ្លួន​ដោយ​វិធី​ណា​? ចម្លើយ​មាននៅ​ក្នុង​ប្រលោមលោក​រឿង “​អ្នកកាសែត​ស្រី​” និពន្ធ​ដោយ​លោក ស៊ុំ សុរិយ ដែល​អាច​នឹង​ចេញលក់​នៅ​ដើមឆ្នាំ​២០២១​ខាងមុខនេះ​។ ប្រលោមលោក​ឆ្លុះបញ្ចាំង​ពី​ជីវិត​អ្នកកាសែត​ស្រី​ម្នាក់ ក៏ដូចជា​ដើម្បី​លើកស្ទួយ​វិស័យ​ព័ត៌មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា​នេះ នឹងត្រូវ​លក់​ជា​សាធារណៈ​នៅ​ទូទាំង​កម្ពុជា ដោយ​មិន​បែងចែក​តម្លៃ ហើយ​ខុសពី​ប្រលោមលោក​មុនៗ ដែល​លក់​ត្រឹមតែ​ក្នុង​តំបន់​មួយចំនួន​នោះ​៕

Tag:
 ប្រលោមលោក​
  និពន្ធ​
 ​រឿង​
 ​សិល្បៈ​
 ​អក្សរសិល្ប៍​
 ​អ្នកកាសែត​
 
© រក្សាសិទ្ធិដោយ thmeythmey.com