COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា រកឃើញ COVID-19​ចំនួន​២​ករណី​ទៀត លើ​បុរស​ជនជាតិ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​
07, Nov 2020 , 10:05 am        
រូបភាព
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៧​វិច្ឆិកា​នេះ ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​វិជ្ជមាន​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19)​ចំនួន​២​ករណី​ទៀត ដែល​កើត​លើ​បុរស​ជនជាតិ​ឥណ្ឌា និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ជនជាតិ​បរទេស​ទាំង​២​នាក់​មាន​ផ្ទុក​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង  ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០២០​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​អ្នកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៧​វិច្ឆិកា​នេះ បាន​រៀបរាប់ថា បុរស​ជាតិ​ឥណ្ឌា​ដែលមាន​ជំងឺ​កូ​វីដ​-១៩​ខាងលើ​នោះ គឺមាន​វ័យ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ រីឯ​អ្នកជំងឺ​កូ​វីដ​-១៩​ជនជាតិ​ប៉ា​គី​ស្ថាន​វិញ មាន​វ័យ​៣៥ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន អ្នក​ទាំង​២​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
 
​ដោយឡែក មនុស្ស​ចំនួន​១០៥​នាក់​ទៀត ដែល​បានធ្វើ​ដំណើរ​ជាមួយ​បុរស​មាន​ជំងឺ​កូ​វីដ​-១៩​ទាំង​២​នាក់​នោះ គឺ​ត្រូវបាន​ក្រសួងសុខាភិបាល​ធ្វើតេស្ត​រក​ជំងឺ​នេះ ដោយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ សព្វថ្ងៃ​អ្នកដំណើរ​ទាំងនោះ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី​១០០​ខ្នង ចំនួន​៣០​នាក់ និង​៧៧​នាក់​ទៀត ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​ផ្សេងៗ​ពីគ្នា​ចំនួន​៣​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​ក៏​ប្រកាស​នូវ​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ករណី​ផងដែរ​។ ក្នុងនោះ​មាន​ស្ត្រី​ខ្មែរ វ័យ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​បានធ្វើ​ដំណើរ​ពី​ប្រទេស​អ៊ីរ៉ាក់ មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៨​តុលា កន្លងមក​។ រីឯ​អ្នក​សះស្បើយ​ពី​កូ​វីដ​ម្នាក់ទៀត​នោះ គឺ​បុរស​ជនជាតិ មាន​អាសយដ្ឋាន​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦​តុលា ឆ្នាំ​២០២០​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧​វិ​ច្ជិ​កា កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៩២​នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ២៨៦​នាក់ និង​៦​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ 
 

Tag:
 សុខភាព​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com