ជាតិ
សង្គមជាតិ
អតីត​និស្សិត​កសិកម្ម ធ្លាប់​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ចែករំលែក​ពីបទ​ពិសោធ​ន៍
07, Nov 2020 , 10:46 am        
រូបភាព
លោក ជឿក គឹមយ៉ាង ក្នុងថ្ងៃទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
លោក ជឿក គឹមយ៉ាង ក្នុងថ្ងៃទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ដោយ:
លោក ជឿ​ក គឹម​យ៉ាង ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជំនាញ​ក្សេត្រសាស្ត្រ នៅ​អំឡុង​ឆ្នាំ​២០១៤ ។ លោក​បាន​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល​រយៈពេល ១១​ខែ​។ ក្រោយ​ត្រលប់​ពី​ប្រទេស​អ៊ីស្រាអែល នៅ​ឆ្នាំ​២០១៥ លោក​បាន​យកចំណេះ ជំនាញ និង​បទពិសោធ​ការងារ​ទាំងនោះ​ចែករំលែក​ដល់​កសិករ និង​និស្សិត​កសិកម្ម​ដែលមាន​បំណង​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​។​

 
​អ៊ីស្រាអែល​ជា​ប្រទេស​ជឿនលឿន​ផ្នែក​កសិកម្ម រាល់​ឧបករណ៍​និង​បច្ចេកទេស​នៃ​ការ​ការដាំដុះ​សុទ្ធតែ​ទំនើប និង​មិនសូវ​ប្រើ​កម្លាំង​មនុស្ស​ធ្វើការ​ច្រើន​នោះទេ​។ ការបញ្ជូន​និស្សិត​កសិកម្ម​ទៅ​ហាត់​ការ​នៅ​ទីនោះ ជាការ​ផ្ដល់ឱកាស​ឲ្យ​និស្សិត ស្វែងយល់​ពី​ជីវិត​ជា​កសិករ ស្វែងយល់​ពី​វិធីសាស្ត្រ​ដាំ​ដុះ ការ​មើលថែ និង​បច្ចេកទេស ដើម្បី​ទទួលបាន​បទពិសោធ​ថ្មី​ផ្នែក​កសិកម្ម​។ 
 
​លោក ជឿ​ក គឹម​យ៉ាង មាន​ស្រុកកំណើត​នៅ​ភូមិ​ធ្លក​យុល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ហើយ​បច្ចុប្បន្ន​ធ្វើការ​ជា​អ្នក​ផ្សព្វផ្សាយ​ថ្នាំ​កសិកម្ម​ដល់​កសិក​។ យុវជន​វ័យ ២៩​ឆ្នាំ​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា អំឡុងពេល​លោក​ទៅធ្វើ​ការ​និង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល គឺ​ក្នុង​មួយ​សប្ដាហ៍​ត្រូវ​ធ្វើការ​ចំនួន ៥​ថ្ងៃ រៀន​មួយថ្ងៃ​និង​បាន​សម្រាក​មួយថ្ងៃ​។ ការ​ទៅ​ហាត់​ការ​និង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល រយៈពេល ១១​ខែ លោក​បាន​រៀនសូត្រ​និង​ស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​បែប​ទំនើប​ផងដែរ​។ ក្រោយ​ត្រឡប់​ពី​ប្រទេស​អ៊ីស្រាអែល លោក​ក៏បាន​សិក្សា​បន្ត​និង​បញ្ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០១៦ ផ្នែក​ក្សេត្រសាស្ត្រ​។​


 
«​កសិកម្ម​ស្រុក​គេ​មានការ​ជឿនលឿន​ខ្លាំង​ទាំង​ឧបករណ៍ សម្ភារ និង​បច្ចេកទេស​។ គេ​ដាំ​លើ​ផ្ទៃដី​មិនសូវ​ធំ​ប៉ុន្មាន​នោះទេ តែ​ទិន្នផល​ទទួលបាន​ខ្ពស់ ខ្ញុំ​ស្រលាញ់​កសិកម្ម​នៅ​ស្រុក​គេ​ណាស់ ហើយ​សង្ឃឹមថា​ថ្ងៃមួយ​ខ្ញុំ​អាច​យកចំណេះ​និង​បទពិសោធ​ទាំងអស់ អនុវត្ត​ខ្លួនឯងបាន​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​យុវជន​ដែលមាន​ស្រុកកំណើត​នៅ​តាកែវ​រូបនេះ​ប្រាប់​ThmeyThmey25​។ 
 
​លោក​បាន​ប្រាប់ទៀតថា ទោះបី​បច្ចុប្បន្ន​លោក​មិនទាន់​យក​បទពិសោធ​ដែល​ធ្លាប់​ទទួលបាន​នៅ​អ៊ីស្រាអែល មក​អនុវត្ត​ខ្លួនឯង តែ​ជានិច្ចកាល​លោក​បាន​ចុះ​បង្រៀន និង​ចែករំលែក​ពី​របៀប​ដាំ​ដុះ​និង​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​ផងដែរ​។​
 
​ទោះបី​ឈ្មោះ​ជា​និស្សិត​តែ​ក៏ត្រូវ​ធ្វើការ ដូច្នេះ​វា​មិន​ងាយស្រួល​នោះទេ​សម្រាប់​អ្នក​មិន​ធ្លាប់​ប្រឡូក​នឹង​ការងារ​កសិកម្ម​ដូចជា​ការធ្វើ​ស្រែ ចម្ការ​។ លោក គីម​យ៉ាង ថ្លែង​ដូច្នេះ​៖«​បើ​អ្នក​មិន​ធ្លាប់​ធ្វើស្រែ ចម្ការ ពិតជា​ពិបាក​និង​ទ្រាំ​មិនបាន មាន​អ្នកខ្លះ​សុខចិត្ត​ត្រលប់​ទៅវិញ បោះបង់ចោល​ការងារ​ព្រោះ​មិន​ធ្លាប់​ហាលខ្យល់ ហាល​ក្ដៅ​»​។  


 
​ក្រៅពី​បទពិសោធ​ការងារ និស្សិត​ដែល​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​ក៏​ទទួលបាន​បទពិសោធ​ជីវិត​ផងដែរ​។ សម្រាប់​និស្សិត​ដែលមាន​បំណង​ទៅ​ហាត់​ការងារ​នៅ​ប្រទេស​អ៊ីស្រាអែល​គួរ​ត្រៀមខ្លួន​ឲ្យ​បាន​រួចស្រេច ដូចជា​ការត្រៀម​ថ្នាំពេទ្យ​, អាហារ​ក្រៀម​,​អាវ​រងារ​,​ស្រោមដៃ និង​ស្រោមជើង​ជាដើម ព្រោះ​នៅ​អ៊ីស្រាអែល​ពិបាក​រក​ទិញ​និង​មានតម្លៃ​ថ្លៃ​។ «​នៅ​អ៊ីស្រាអែល​មិនសូវមាន​កន្លែង​លក់​ថ្នាំពេទ្យ​នោះទេ បើ​ឈឺ​ពិបាក​រក​ថ្នាំ​បន្តិច​»​។​នេះ​បើតាម​លោក គីម យ៉ាង​។ 
 
​សម្រាប់​លោក​មិនសូវ​ជា​បញ្ហា​នោះទេ ព្រោះ​លោក​ជា​កូន​កសិករ​ស្រាប់ ធ្លាប់ធ្វើ​ស្រែចម្ការ ដូច្នេះ​ត្រឹម​ការងារ​បេះ​ផ្លែឈើ ចិញ្ចឹម​មាន់ ដាំ​បន្លែ មិនមែនជា​បញ្ហា​ឡើយ​។ ប៉ុន្តែ​នៅ​ប្រទេស​អ៊ីស្រាអែល អាកាសធាតុ​ខុសពី​ខ្មែរ​ព្រោះ​មាន​រហូត​បួន​រដូវ ហើយក៏​មាន​រដូវ​ដែល​ត្រជាក់​ខ្លាំង​ផងដែរ​។ ទោះ​យ៉ាងនេះ​ក្ដី​ទាំងនេះ​មិនបាន​ធ្វើ​ឲ្យ​លោក​ចុះចាញ់​នោះទេ ប៉ុន្តែ​ទាមទារ​ឲ្យ​យើង​ចេះ​អត់ធ្មត់ និង​តស៊ូ​ផងដែរ​។ 


 
​ត្រឹម​ឆ្នាំ​២០២០​នេះ​កម្ពុជា​បាន​បញ្ជូន​និស្សិត​កសិកម្ម​ប្រមាណ​ជាង ១​ពាន់​នាក់​ទៅ​សិក្សា​និង​ធ្វើ​នៅ​ប្រទេស​អ៊ីស្រាអែល ភាគច្រើន​ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ គិត​ចាប់ពី​ឆ្នាំ​២០០៨ មក​កម្ពុជា​បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​និង​ធ្វើការ​នៅ​អ៊ីស្រាអែល រាល់​ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​លើ​ផ្នែក​កសិកម្ម​។ នេះ​បើតាម​លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កសិកម្ម ។ 
 
​សម្រាប់​និស្សិត​ដែល​សាលា​បញ្ជូនទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ជា​និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​កសិកម្ម និង​ជា​និស្សិត​ឆ្នាំ​ទី​៣​។ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​១២ ហើយ​ដែល​បាន​បញ្ជូន​និស្សិត​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​ឆ្នាំ​២០២០​នេះ​មាន​និស្សិត ១៩៩​នាក់​ដែល​បាន​បញ្ជូនទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​។ ក្រោយ​បញ្ចប់​ការហាត់​ការ​នៅ​ទីនោះ​រយៈពេល ១១​ខែ​និស្សិត​បាន​យល់ដឹង​ពី​បច្ចេកទេស​កសិកម្ម និង​បទពិសោធន៍​ការងារ​ជាច្រើន​ទាក់ទង​នឹង​កសិកម្ម ដែល​អាច​ឲ្យ​និស្សិត​អាច​ដកស្រង់​មក​អនុវត្ត​ផ្ទាល់​ក្នុង​ជីវិត និង​ការងារ​បច្ចុប្បន្ន​៕


 

Tag:
 ​កសិកម្ម​
 ​និស្សិត​កសិកម្ម​
 ​អ៊ីស្រាអែល​
 ​សាលា​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com