អន្តរជាតិ
លោក ពូទីន៖ ការការពារបរិស្ថាន ត្រូវថ្លឹងថ្លែងនឹងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច
07, Nov 2020 , 11:20 am        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី_វ្ល៉ាឌីមៀ_ពូទីន។_រូបភាព៖_AFP
លោកប្រធានាធិបតីរុស្ស៊ី_វ្ល៉ាឌីមៀ_ពូទីន។_រូបភាព៖_AFP
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​សម្រេច​ឲ្យ​បាន​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​។ ប៉ុន្តែ លោក ពូ​ទីន បញ្ជាក់ថា ការការពារ​បរិស្ថាន និង​អាកាសធាតុ ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

 
​រុស្ស៊ី ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​បំផុត​លំដាប់​ទី​៤ បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ទទួលយក​កាត​ព្វ​កិច្ច​ក្នុងការ​ការពារ​បរិស្ថាន​។ ទោះជា​បង្ហាញ​ឆន្ទៈ​ក្តី​បែបនេះ​ក្តី សកម្មជន​បរិស្ថាន​នៅតែ​បន្ត​ទាមទារ​ឲ្យ​រុស្ស៊ី ពិន័យ​ជា​ប្រាក់​លើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហួស​កម្រិត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​នៅក្នុង​ក្រឹត្យ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៥ វិច្ឆិកា លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ណែនាំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​ឲ្យ​បាន​យ៉ាងហោចណាស់​៧០​ភាគរយ​នៃ​កម្រិត​ឧស្ម័ន​ដែល​រុស្ស៊ី​បញ្ចេញ​នៅ​ឆ្នាំ​១៩៩០ ហើយ​ត្រូវតែ​សម្រេច​គោលដៅ​នេះ​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០៣០​។ ក្នុងន័យ​ជាមួយគ្នានេះដែរ  ក្រឹត្យ​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បង្កើន​សមត្ថភាព​ក្នុងការ​ស្រូបយក​ឧស្ម័ន​ទាំងនោះ​ពី​បរិយាកាស ដោយ​ដាំ​ព្រៃឈើ​បន្ថែម និង​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​។​
 
​ទោះជា​យ៉ាងណាក្តី លោក ពូ​ទីន បាន​សង្កត់ធ្ងន់ថា សកម្មភាព​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ពុល ត្រូវ​ថ្លឹងថ្លែង​ឲ្យ​សមស្រប​ទៅនឹង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ដែរ​។ លោក​ក៏បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ប្រញាប់ប្រញាល់​អនុម័ត​ផែនការ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ដោយ​រួមបញ្ចូល​បញ្ហា​បរិស្ថាន​ផងដែរ​។​
 
​រុស្ស៊ី ដែលមាន​ទឹកកក​គ្របដណ្តប់​លើ​ផ្ទៃដី​មួយ​ភាគ​ធំ ងាយ​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ដ្បិតអី​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ភាគ ត្រូវបាន​សាងសង់​លើ​ផ្ទៃ​ទឹកកក ដែល​ប្រឈម​នឹង​ការ​រលាយ​នៅពេល​មាន​កំណើន​សីតុណ្ហភាព​ខ្លាំង​។ ការប្រែប្រួល​អាកាសធាតុ ក៏​នឹង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី​ផងដែរ ដោយសារតែ​ប្រទេស​នេះ​អាស្រ័យ​មួយផ្នែកធំ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន ក៏ដូចជា​ការជីក​រក​រ៉ែ​។​
 
​លោក​ប្រធានាធិបតី ពូ​ទីន អះអាងថា រូបលោក​ជា​អ្នកការពារ​បរិស្ថាន ប៉ុន្តែ​លោក​ក៏បាន​លើក​ជា​ចម្ងល់​ដែរ​ជុំវិញ​កត្តា​ដែល​នាំ​ឲ្យ​មាន​បម្រែបម្រួល​អាកាសធាតុ ថា​តើ​មកពី​កត្តា​មនុស្ស​តែមួយគត់ ឬ​យ៉ាងណា​។​
 
​ជុំវិញ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​វិញ ប្រមុខរដ្ឋ​រុស្ស៊ី បា​នស​សើរ​ពី​កិច្ចព្រមព្រៀង​ដ៏​មាន​មហិច្ឆតា​នេះ​។ ប៉ុន្តែ​លោក​អះអាងថា ដើម្បី​សម្រេច​គោលដៅ​ប្រទេស​នីមួយៗ​ត្រូវ​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​ឧស្សាហកម្ម និង​កាត់បន្ថយ​ការងារ​មួយចំនួន​។ លោក​បន្ថែមថា ប្រទេស​នីមួយៗ​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បានច្បាស់លាស់ ដើម្បី​សម្រេច​កាតព្វកិច្ច​អន្តរជាតិ​នេះ​។​
 
​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់ ការប្រកាស​របស់លោក​ពូ​ទីន​នៅ​ថ្ងៃទី​៥ វិច្ឆិកា កើតឡើង​មួយថ្ងៃ​ក្រោយ​អាមេរិក ចាកចេញ​ជា​ផ្លូវការ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​៕
 
 
 

Tag:
 រុស្ស៊ី
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com