COVID-19
ជាតិ
លោក នួន ផា​រ័ត្ន​៖«​បើ​ជំងឺ​កូ​វីដ​-១៩ មិន​ចប់ ការងារ​បង្ការ​របស់​យើង​ក៏​មិន​ចប់​ដែរ​»
07, Nov 2020 , 1:30 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី និងជាតំណាងក្រុមការងាររៀបចំយុទ្ធនាការ ផ្សព្វផ្សាយ វិធានការ ប្រឆាំងជំងឺកូវីដ-១៩
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី និងជាតំណាងក្រុមការងាររៀបចំយុទ្ធនាការ ផ្សព្វផ្សាយ វិធានការ ប្រឆាំងជំងឺកូវីដ-១៩
សាលា​រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ​ពី​អង្គការ​យូ​នី​សេ​ហ្វ បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​មូលដ្ឋាន​សង្កាត់​ទាំង​១០៥​នៅក្នុង​រាជធានី​។ មន្ត្រី​មូលដ្ឋាន​សង្កាត់ ខណ្ឌ កម្លាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ និង​អ្នករត់​រ៉ឺម៉ក​កង់​បី បាន​ចូលរួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​ដ៏​សំខាន់​នេះ ដែល​ត្រូវ​បានរៀបចំ​នៅលើ​ទីធ្លា​មុខ​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​៧​ ខែវិច្ឆិកា​នេះ​។​

 
ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​អង្គការ​យូ​នី​សេ​ហ្វ បាន​ចែកចាយ​បណ្ណ​ផ្សព្វផ្សាយ​ស្តី​ការបង្ការ​ជំងឺ​កូ​វីដ​១៩ ជិះ​តាម​រ៉ឺម៉ក​កង់​៣​នៅតាម​មូលដ្ឋាន​សង្កាត់​នានា ដើម្បី​ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។​
 
​លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ដែលមាន​វត្តមាន​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ បញ្ជាក់ប្រាប់​អង្គពិធី​ថា នេះ​មិនមែនជា​សកម្មភាព​លើកដំបូង​របស់​សាលា​រាជធានី​ក្នុង​ការងារ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឡើយ​។ លោក​បន្តថា កិច្ចសហការ​រួមគ្នា​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​ក្នុង​កិច្ចការ​នេះ ក៏​មិនមែនជា​លើកទីមួយ​ដែរ ចាប់តាំងពី​មាន​ករណី​នាំចូល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ នៅពេលដែល កម្ពុជា​ហាក់​ទទួលបាន​ជោគជ័យ​ច្រើន​នៅក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​កូ​វីដ​-១៩ ដោយសារ​តែមាន​ករណី​ឆ្លង​តិច​នោះ លោក​អភិបាលរង​មើលឃើញ​ពី​ចំណុច​ល្អ​ចំនួន​៣​ដែល​កម្ពុជា​បានធ្វើ​។​

​លោក នួន ផា​រ័ត្ន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ទីមួយ ក៏​ព្រោះ​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​យ៉ាង​ត្រឹមត្រូវ​នូវ​បច្ចេកទេស និង​នយោបាយ​។ ទី​ពីរ មន្ត្រី អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​បាន​ប្រឹងប្រែង​ចូលរួម​អនុវត្ត និង​ទី​៣ គឺ​ការចូលរួម​របស់​ពល​រដ្ឋ ការយល់ដឹង​របស់​ព​ល​រដ្ឋ​។ បញ្ហា​កូ​វីដ ជា​រឿង​ទាំងអស់គ្នា​។ មិនមែន​រឿង​របស់​ប្រុស​ស្រី ក្មេង​ចាស់​។ បើ​មាន​ម្នាក់​ឆ្លង គឺ​ឆ្លង​ចូល​ផ្ទះ ហើយ​វា​អាច​ឆ្លង​ចូល​សហគមន៍​…»​។ 
 
​លោក នួន ផា​រ័ត្ន ក៏បាន​លើកឡើង​ប្រៀបធៀប​គ្នា​ផងដែរ​អំពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ នៅ​អឺរ៉ុប​ដែលមាន​ប្រទេស​មួយចំនួន​បាន​បិទ​ប្រទេស​ឡើងវិញ និង​ប្រទេស​នៅក្នុង​តំបន់​ដូចជា ឥណ្ឌូណេស៊ី ភូមា ម៉ាឡេស៊ី ជាដើម ដែលមាន​ករណី​ឆ្លង​រាប់ម៉ឺន​ករណី និង​ករណី​ស្លាប់​ជាច្រើន​រយ និង​ច្រើន​ពាន់​នាក់​នោះ​។ លោក​អភិបាលរង​សាលា​រាជធានី​រំឭក​ឡើងវិញ​ថា ករណី​រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន ២៩៦​ករណី​នៅ​កម្ពុជា ដែល​ក្នុងនោះ ជាង​១៨០​នាក់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សុទ្ធតែជា​ករណី​នាំចូល​ប៉ុណ្ណោះ​។​
 
«​មកដល់ពេលនេះ នៅលើ​ពិភពលោក​មាន​ករណី​ឆ្លង​សរុប​ជិត ៥០​លាន​នាក់ និង​ករណី​ស្លាប់ ១​លាន​២​សែន​នាក់​។ ពិភពលោក ដែល​ក្នុងនោះ​មាន​កម្ពុជា​យើង​ដែរ កំពុងតែ​នៅក្នុង​សង្គ្រាម​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ សូម​យើង​ម្នាក់ៗ​ចូលរួម​ដើម្បី​ខ្លួនឯង​។ យើង​អាច​ទប់ស្កាត់​កូ​វីដ​បាន យើង​នឹង​រក្សា​អាជីវ​កម្មបាន​។ ការប្រឹងប្រែង​របស់​យើង​ចប់ គឺ​នៅពេលដែល​កូ​វីដ​ចប់​ដែរ​។​»​។ នេះ​ជាការ​ដាស់តឿន​របស់លោក​អភិបាលរង នួន ផា​រ័ត្ន នៅ​ចំពោះមុខ​អ្នកចូលរួម ជាពិសេស​អ្នករត់​រ៉ឺម៉ក​កង់​៣ ដែល​ត្រូវ​បិទ​ផ្ទាំង​អប់រំ​ជាច្រើន​នៅលើ​យាន្ត​របស់​ពួកគេ​។ 
​លោក ហ៊ាង ផាត ដែលជា​អ្នកឯកទេស​កម្មវិធី​អភិវឌ្ឍ​តំបន់​ទីក្រុង​នៃ​អង្គការ​យូ​នី​សេ​ហ្វ បាន​គាំទ្រ​ការយល់ឃើញ​របស់លោក នួន ផា​រ័ត្ន ដែល​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​មូលដ្ឋាន និង​ពលរដ្ឋ​ទាំងអស់​បន្ត​រួមគ្នា​អនុវត្ត​វិធានការ​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។ 
 
​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​បានបញ្ជាក់​ប្រាប់​អង្គពិធី​បន្ថែមថា ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ​ដោយ​ខ្លួនឯង ដោយ​មិន​អាចមាន​អ្នកណា​ធ្វើ​ជំនួស​បាន​។​
​នៅក្នុង​ពិធី​ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ក៏មាន​ការចូលរួមរ​ប​ស់លោក មាន ចាន់យ៉ា​ដា ដែលជា​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ និង​ជា​តំណាង​លោក​អភិបាល​នៃ​សាលា​រាជធានី​។​
 
​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក មាន ចាន់យ៉ា​ដា បាន​លើកឡើងថា ការទប់ស្កាត់​ការ​បាន​នូវ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​នៅ​កម្ពុជា ផ្អែកលើ​កត្តា​៤​យ៉ាង​គឺ​៖ ការ​ឃើញ​ករណី​បាន​លឿន ការបញ្ជូន​ព្យាបាល​បាន​លឿន ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​បាន​លឿន និង​ប្រព័ន្ធ​រាយការណ៍​លឿន​។ អភិបាលរង​សាលា​រាជធានី​រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ម្ចាស់​រ៉ឺម៉ក​កង់​បី​ដែលជា​តួអង្គ​អនុវត្ត​ការផ្សព្វផ្សាយ​ជាប្រចាំ​នៅតាម​សង្កាត់​ទាំង​១០៥​នៅក្នុង​រាជធានី​ផងដែរ​៕
 

 
  

 

  

 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com