កីឡាជាតិ
ជាតិ
ក្រោយ​របូត​តំណែង​ជើងឯក​ជាច្រើនលើក លោក មាស ចាន់ណា ថា នឹងមិន​ឲ្យ​បាត់បង់​ឡើយ​នៅថ្ងៃនេះ​
07, Nov 2020 , 1:59 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២០ បាន​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្នុងនោះ​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​វិសាខា ក្រោយ​ភ្នំពេញ​ក្រោ​ន​ប្រជែង​ដណ្តើម​លេខ​៣​ជាមួយ​ខេត្តព្រៃវែង​។

 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ណាហ្គា​វើ​ល ជាមួយ​វិសាខា នៅ​ម៉ោង​៦​ល្ងាច នា​ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​អះអាង​ពី​ការត្រៀម​បានល្អ​រៀងៗ​ខ្លួន​សម្រាប់​ជំនួប​មួយ​នេះ​។ ម្យ៉ាងវិញទៀត ក្រុម​ទាំងពីរ​សុទ្ធតែ​ទាមទារ​ជ័យជម្នះ ក្រោយ​ពួកគេ​បាន​របូត​ពាន​ក្នុងការ​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រដូវ​កាល​នេះ​។ 
 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​អះអាងថា ក្រុម​លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​វិសាខា​នៅ​ល្ងាច​នេះ​។ គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់ថា លោក​ត្រូវការ​ជ័យជម្នះ​ដើម្បី​សាង​ប្រវត្តិសាស្ត្រ​ជូន​ក្រុម​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ពួកគេ​បាន​បាត់បង់​ពាន​ជាច្រើនលើក​រួចមកហើយ​។ 
 
​បើ​គិត​ទាំង​លើក​នេះ តាំងពី​ឆ្នាំ​២០០៧ មកដល់​បច្ចុប្បន្ន ក្រុម​ក្រោម​ការដឹកនាំ​របស់លោក មាស ចាន់ណា ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​ចំនួន​៧​លើក​។ ប៉ុន្តែ​ក្នុងចំណោម​៦​លើក​កន្លងមក ក្រុម​នេះ ធ្លាប់​ទទួលបាន​ជើងឯក​តែ​១​លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១៣ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ជាតិ​(​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​)​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៣​។ 
 
«​យើង​មិន​ចង់​ឲ្យ​បាត់បង់​ឱកាស​នេះ​ទៀត​នោះទេ ដោយសារ​យើង​បាន​បាត់បង់​ឱកាស​នេះ អស់​ជាច្រើនលើក​មកហើយ​។ ណាហ្គា​បាន​លើក​មក​វគ្គ​ប្រហែលជា​៦​លើក ដូច្នេះ​យើង​ចង់​ចារ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ណាហ្គា​វើ​ល​ក្នុង​ឆ្នាំ​២០២០ នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ​២០២០​។ 


 
​លោក Colum Curtis គ្រូបង្វឹក​ក្រុម​វិសាខា​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​បាន​ដឹកនាំ​ក្រុម​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន ជា​លើកដំបូង​។ លោក ប្តេ​ជ្ញ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ឲ្យ​ស័ក្តិ​សមជា​ក្រុម​ឡើងមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ គ្រូបង្វឹក​សញ្ជាតិ​អៀង​ឡង់​រូបនេះ​បាន​រំលឹកថា កាល​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វិសាខា​មានឱកាស​ច្រើនតែ​ធ្វើ​មិនបាន​សម្រេច ហើយ​លោក​រំពឹងថា ក្រុម​ខ្លួន​ធ្វើ​កាន់តែ​ល្អប្រសើរ​ជាង​មុន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ល្ងាច​នេះ​។ 
 
​ជាមួយគ្នា​ខ្សែបម្រើ ច្រឹង ពលរដ្ឋ បាន​អះអាងថា ពួកគេ​បាន​ខិតខំ​ហ្វឹកហាត់​រួមគ្នា​យ៉ាងខ្លាំង និង​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការប្រកួត​ល្ងាច​នេះ​។ កីឡាករ​រូបនេះ​បានបង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​ខ្លួន​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅថ្ងៃនេះ​។   
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ​ក្រុម​ទាំងពីរ​បាន​ទម្លាក់​គូប្រកួត​ដោយ​បាល់​ប៉េ​ណា​ល់​ទី​រៀងៗ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​ណាហ្គា​វើ​ល​ទម្លាក់​ភ្នំពេញ ខណៈ​វិសាខា​ទម្លាក់​ក្រុម​ជើងឯក​ថ្នាក់​ខេត្តព្រៃវែង​។ 
 
​មុន​ការប្រកួត​ដ៏​ជក់ចិត្ត​ខាងលើ​មកដល់ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ក្រុម​ព្រៃវែង នា​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ នេះ​ក៏​ជាការ​ប្រកួត​មួយ​ដ៏​ជក់ចិត្ត​ផងដែរ ដ្បិត​ក្រុម​ទាំងពីរ​សម្បូរ​ដោយ​យុវជន​ដូចគ្នា​៕   
 



Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com