ជាតិ
ក្រៅពីតំបន់ឆ្នេរ ខេត្តកែបកំពុងអភិវឌ្ឍសហគមន៍ទេសចរណ៍បន្ថែមដើម្បីបង្កើនភាពសម្បូរបែប
× ខេត្តកែប បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ដ្បិតថាសម្រស់ឆ្នេរកែប មានខ្សាច់សក្បុស។ ជាមួយនឹងសក្តានុពលទេសចរណ៍ឆ្នេរខ្សាច់ ខេត្តកែបកំពុងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូ-ទេសចរណ៍ដើម្បីធ្វើឲ្យតំបន់ទេសចរណ៍ខេត្តនេះកាន់តែមានភាពសម្បូរបែប ដើម្បីជាផ្នែកមួយទាក់ទាញទេសចរបន្ថែម។ នេះបើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ប្រាប់សារព័ត៌មាន ThmeyThmey25 កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក សោម ចិន្តា បានថ្លែងដូច្នេះថា « យើងមានគម្រោងពង្រីកផ្លូវនៅតាមមាត់សមុទ្រ។ ទីពីរការពង្រីក ផលិតផលទេសចរណ៍ថ្មីនៅឆ្នេរអង្កោល ព្រោះទីនោះមានឆ្នេរក្សាច់វែងស្អាត ប៉ុន្តែត្រូវការលម្អរឲ្យកាន់តែស្អាត។ ឆ្នេរអង្កោល នឹងប្រែមុខមាត់ថ្មីនៅពេលឆាប់ៗនេះ »។ លោកបន្តថា ភ្ញៀវទេសចរ ទៅកម្សាន្តនៅខេត្តកែប អាចងូតទឹកលេងកម្សាន្តបាន ដែលធ្វើឲ្យឆ្នេរកែបតែងមានទេសចរច្រើនទៅលេងមិនចេះដាច់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែបរូបនេះ បានបន្ថែមថា សហគមន៍អេកូ-ទេសចរណ៍ភ្នំវល្លិ៍ ក៏ជាទិសដៅទេសចរណ៍ថ្មីដ៏សំខាន់មួយទៀតផងដែរក្នុងខេត្តកែប។ រដ្ឋបាលខេត្តកែបក៏កំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឲ្យកាន់តែមានភាពល្អប្រសើរ។
ឆ្នេរកែប រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកែប
លោក ចិន្តា បញ្ជាក់ដូច្នេះថា៖ «តំបន់ (ទេសចរណ៍)សំខាន់មួយទៀត គឺនៅតំបន់ប្រវត្តិសាស្ត្រ សម័យសង្គ្រាមភ្នំវល្លិ៍ដែលជាតំបន់មានសក្តានុពល អេកូ-ទេសចរណ៍ និងកសិ-ទេសចរណ៍ ដំណាំហូបផ្លែ និងម្រេច ។ សក្តានុពលទេសចរណ៍នៅតំបន់នោះមានភ្នំ មានធម្មជាតិស្រស់ស្អាត ម្យ៉ាងវិញទៀត តំបន់នេះជាតំបន់ខ្មែរក្រហម អ៊ីចឹងនរណាក៏ចង់ស្គាល់តំបន់មួយនេះដែរ»។
គួរបញ្ជាក់ផងដែរ ខេត្តកែបទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ភ្ញៀវទេសចរ ដោយកាលពីថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី និងពិធីបុណ្យអុំទូក ខេត្តកែបទទួលបានទេសចរជិត ៤ម៉ឺននាក់៕
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប
Tag:
តំបន់ឆ្នេរ
សហគមន៍ទេសចរណ៍
ខេត្តកែប
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com