កីឡាជាតិ
ជាតិ
ក្លិប​បាល់ទាត់​នគរបាលជាតិ ចែកផ្លូវ​ជាមួយ​កីឡាករ​នី​ហ្សេ​រី​យ៉ា​៣​រូប និង​ជប៉ុន​១​រូប​
07, Nov 2020 , 3:39 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​នគរបាលជាតិ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ប្រកាស​ពី​ការចែក​ផ្លូវ​ជាមួយ​កីឡាករ​បរទេស​ចំនួន​៤​រូប ក្រោយ​ផុត​សុពលភាព​កិច្ចសន្យា​។ ប៉ុន្តែ​ក្លិប​នេះ មិនបាន​បញ្ជាក់​មូលហេតុ​លម្អិត ពាក់ព័ន្ធ​ការចែក​ផ្លូវ​នេះ​នោះទេ​។ 

 
​ក្រោយ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៩​ក្នុងចំណោម​១៣​ក្រុម ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០ ក្រុមបាល់ទាត់​នគរបាល​ជាតិ បានសម្រេច​មិន​បន្ត​កិច្ចសន្យា​ជា​កីឡាករ​នី​ហ្សេ​រី​យ៉ា​៣​រូប និង​ជប៉ុន​១​រូប​។ កីឡាករ​ទាំងនេះ​រួមមាន​ខ្សែការពារ​ជនជាតិ​ជប៉ុន Masaki Tomohiro, ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា Orobosa Okaro, Okaro Matthew Osa និង​ខ្សែបម្រើ Degule Momoh​។ 
 
​តែ​យ៉ាងណា យើង​មិន​បានដឹង​មូលហេតុ​ជាក់លាក់​ពាក់ព័ន្ធ​ការចែក​ផ្លូវ​នេះ​ទេ ថា​តើ ខាង​ភាគី​ក្លិប​សម្រេច​មិន​បន្ត​កិច្ចសន្យា​ថ្មី​ឲ្យ ឬ​ខាង​ភាគី​កីឡាករ​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​នោះទេ​? សារព័ត៌មាន​ថ្មីៗ​បាន​ព្យាយាម​ទាក់ទង​លោក សារ៉េត ស៊ីដន អ្នកចាត់ការ​ទូទៅ​ក្លិប​នគរបាលជាតិ ដើម្បី​បកស្រាយ​បញ្ហា​នេះ តែ​ទូរ​សព្ទ​ចូល មិនមាន​អ្នកទទួល​។ 
 
​កីឡាករ​ជនជាតិ​ជប៉ុន Masaki Tomohiro បាន​ចូលរួម​ជាមួយ​ក្លិប​នគរបាលជាតិ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ ក្រោយ​ចាក​ចេញពី​អាស៊ី​អឺរ៉ុប​។ រូបគេ​ជា​អតីត​កីឡាករ​របស់​ក្លិប​អាស៊ី​អឺរ៉ុប ដែល​បាន​រួមរស់​ជិត​៣​រដូវ​កាល​។ 
 
Masaki បានមក​កាន់​ទឹកដី​កម្ពុជា​នៅ​ឆ្នាំ​២០១៤ ដោយ​ចូលរួម​ជាមួយ​ក្លិប​ត្រាយ​អាស៊ី​(​អង្គ​រថា​យ​ហ្គឺ​រ​បច្ចុប្បន្ន​)​។ ប៉ុន្តែ​ក្រោយ​រួមរស់​បាន​៣​រដូវ​កាល​ជាមួយ​ក្លិប​មាន​ថ្នាក់ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ រូបគេ បានសម្រេច​ចិត្ត​ចាក​ចេញទៅ​ចូលរួម​ជា​អាស៊ី​អឺរ៉ុប​។ បន្ទាប់មក​រូបគេ ក៏បាន​ផ្ទេរ​ទៅកាន់​ក្លិប​ប៉ូលិស​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​។ 
 
​ចំណែក​កីឡា​ករនី​ហ្សេ​រី​យ៉ា​ទាំង​៣​រូប​ភាគច្រើន​ចូលរួម​ជាមួយ​ក្លិប​នគរបាលជាតិ តាំងពី​រដូវ​កាល​ឆ្នាំ​២០១៩៕ 
 
 
 
 

Tag:
 បាល់ទាត់​
  នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com