ជាតិ
និស្សិតកសិកម្មកម្ពុជា១៩៩នាក់ នឹងទៅចុះកម្មសិក្សា១១ខែនៅអ៊ីស្រាអែល
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ កម្ពុជា នឹងបញ្ជូននិស្សិតកម្ពុជាជំនាញកសិកម្មចំនួន ១៩៩នាក់ ទៅសិក្សារយៈពេល១១ខែនៅប្រទេសអ៊ីស្រាអែល។ ក្នុងនោះមាននិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១៦៨នាក់ និស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ២០នាក់ និស្សិតសាកលវិទ្យាល័យស្វាយរៀងចំនួន ៤នាក់ និងនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំចំនួន ៧នាក់។ នេះបើតាមលោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរនិស្សិត លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ «និស្សិតទាំង១៩៩នាក់ បន្ទាប់ពីបញ្ចប់កម្មសិក្សា ត្រូវចូលរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាពកសិកម្មទំនើប»។
តាមរយៈការសហប្រតិបត្តិការ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយក្រុមហ៊ុន Agrostudies ផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកសិកម្ម ចាប់តាំងពីឆ្នាំ ២០០៨ ក្នុងគោលបំណងលើកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្ដី និងការអនុវត្តសមត្ថភាពនិស្សិតបន្ថែម។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុជា បានបញ្ជូននិស្សិតចំនួន ១២៧១នាក់ទៅហាត់ការ នៅប្រទេសអ៊ីស្រាអែល៕
Tag:
និស្សិតកសិកម្ម
សាកលវិទ្យាល័យភូមិន្ទកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com