អន្តរជាតិ
អាមេរិក លុបឈ្មោះ​ក្រុម​ជ្រុលនិយម​ដែល​ចិន​ចាត់ទុកជា​ក្រុម​ភេរវកម្ម ពី​បញ្ជី​អង្គការ​ភេរវ​ករ​របស់ខ្លួន
07, Nov 2020 , 7:59 pm        
រូបភាព
​អាមេរិក នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ប្រកាសថា ខ្លួន​បាន​លុប​ចលនា​ជ្រុលនិយម​មួយ​ឈ្មោះ​ចលនា​ឥស្លាម​តួ​កេ​ស្ថាន​ខាងកើត (ETIM) ដែល​ចិន​ចាត់ទុកជា​ក្រុម​ភេរវកម្ម ចេញពី​បញ្ជី​អង្គការ​ភេរវកម្ម​របស់ខ្លួន ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង​។ ក្រសួងការបរទេស​អា​មេ​រិ​ក​អះអាងថា មិនមាន​ព័ស្តុតាង​ណា​បញ្ជាក់​ពី​ការបន្ត​សកម្មភាព​រប​ស់ ETIM ឡើយ តែ​ចិន​ប្រាប់​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​នេះ​វិញ​ជាបន្ទាន់​។​

 
​ចលនា​ឥស្លាម​តួ​កេ​ស្ថាន​ខាងកើត ត្រូវបាន​ទីក្រុង​ប៉េកាំង​ចាត់ទុកជា​អង្គការ​ភេរវកម្ម​ដែល​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ភាគ​ខាងលិច​ស៊ីន​ជាំ​ង និង​ការវាយប្រហារ​កន្លងមក​នៅ​ទឹកដី​ចិន​។ នៅ​ឆ្នាំ​២០០៤ រដ្ឋបាល​ប្រធានាធិបតី ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស បាន​បញ្ចូល​ចលនា​នេះ​ទៅក្នុង​បញ្ជី​អង្គការ​ភេរវ​ករ​របស់ខ្លួន នៅពេលដែល​អាមេរិក​កំពុង​ធ្វើ​យុទ្ធនា​បោសសម្អាត​ក្រុម​ភេរ​វករ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នៅ​មិន​ឆ្ងាយ​ពី​ស៊ីន​ជាំ​ង​។​
 
​ប៉ុន្តែ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ដក ETIM ចេញពី​បញ្ជី​វិញ​។ ក្នុង​ព្រឹ​ត្ត​ប័ត្រ​សហព័ន្ធ ដែលជា​បណ្ដុំ​ឯកសារ​ច្បាប់​របស់​អាមេរិក រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា លោក​ដក​ការចុះឈ្មោះ ETIM ពី​បញ្ជី​អង្គការ​ភេរ​វករ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយថា ETIM ត្រូវ​ដកចេញ​បញ្ជី​ព្រោះ​ច្រើនជាង​មួយ​ទស្សវត្ស​រ៍ហើយ​ដែល​មិនមាន​ព័ស្តុតាង​ណា​បង្ហាញថា ETIM មាន​ទៀតឡើយ​។​
 
​ទីក្រុង​ប៉េកាំង ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​។ ETIM ត្រូវបាន​ទីក្រុង​ប៉េកាំង ចាត់ទុកជា​ក្រុម​ភេរវកម្ម​ដែល​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ជាច្រើនលើក​ដូចជា​នៅ​ស៊ីន​ជាំ​ង​នៅ​២០០៩ និង​នៅ​ឃុន​មីង​នៅ​ឆ្នាំ​២០១៤​ជាដើម​។ ការវាយប្រហារ​ទាំងនេះ​ហើយ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​ដើម្បី​យុទ្ធនាការ​បោសសម្អាត​គំនិត​ជ្រុលនិយម ភេរវ​និយម និង​ការ​បំបែក​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ជនភាគតិច​វី​ហ្គ័​រ​ជាង​មួយ​លាន​នាក់ ស្ថិតក្នុង​ជំរំ​កែប្រែ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែវិច្ឆិកា លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បន្ត​រៀបរាប់​សកម្មភាព​រប​ស់ ETIM ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ភេរ​វករ​អន្តរជាតិ​ផង​នោះ​។ លោក Wang ថា ETIM ចូលរួម​ក្នុង​សកម្មភាព​ដែល​បង្ក​ការ​គំរាម​ដល់​សន្តិសុខ និង​ស្ថិរភាព​របស់​ចិន និង​តំបន់​។ ក្នុងន័យនេះ មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ​បាន​ប្រាប់​ឲ្យ​អាមេរិក​កែប្រែ​ការសម្រេចចិត្ត​របស់ខ្លួន​វិញ​ភា្ល​ម​។​
 
«​ភេរវកម្ម គឺជា​ភេរវកម្ម​។ អាមេរិក គួរតែ​ផ្លាស់ប្ដូរ​កំហុស​របស់ខ្លួន មិនត្រូវ​បិទបាំង​អង្គការ​ភេរវកម្ម និង​ឈប់​បង្អាក់​កិច្ច​ស​ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​ភេរវកម្ម​ទៀត​។​» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​និយាយ​បែបនេះ ក្រោយ​ចោទ​អាមេរិក​ថា អនុវត្ត​ស្តង់ដា​ពីរ​ជាន់​លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​៕
 
 
 
 

Tag:
 អាមេរិក​
  ចិន​
  ETIM
© រក្សាសិទ្ធិដោយ thmeythmey.com