លោក សំ កុសល ចែករំលែក​គន្លឹះ​ពង្រីក​អាជីវកម្ម​ដែល​លោក​គិតថា​ល្អ​បំផុត​
ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក សំ កុសល ចែករំលែក​គន្លឹះ​ពង្រីក​អាជីវកម្ម​ដែល​លោក​គិតថា​ល្អ​បំផុត​
07, Nov 2020 , 8:29 pm        
រូបភាព
លោក សំ កុសល នាយកប្រតិបត្តិក្រុមហ៊ុន Business Cambodia និងជាអ្នកនិពន្ធសៀវភៅស្ដីពីអាជីវកម្ម (រូប​ពីហ្វេសប៊ុក Sam Kosal
លោក សំ កុសល នាយកប្រតិបត្តិក្រុមហ៊ុន Business Cambodia និងជាអ្នកនិពន្ធសៀវភៅស្ដីពីអាជីវកម្ម (រូប​ពីហ្វេសប៊ុក Sam Kosal
​ភ្នំពេញ​៖ ការលក់​គម្រោង​អាជីវកម្ម និង​ការលក់​គំរូ​អាជីវកម្ម គឺជា​វិធី​ពង្រីក​អាជីវកម្ម​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ដែល​ទើបតែ​បង្កើត​អាជីវកម្ម ពិសេស​ម្ចាស់​អាជីវកម្ម​ដែល​មិនសូវមាន​ដើមទុន​។ នេះ​ជាការ​លើកឡើង​របស់លោក សំ កុសល ជា​អ្នកនិពន្ធ​សៀវភៅ​ស្ដីពី​អាជីវកម្ម និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Business Cambodia​។ តាម​លោក សំ កុសល  ការលក់​គម្រោង​អាជីវកម្ម ប្រៀបដូចជា​ការចូល​ភាគហ៊ុន​គ្នា ដែល​អាចជួយ​ឱ្យ​ម្ចាស់​គម្រោង​ដែល​មិនសូវមាន​ទុន អាច​ទទួលបាន​ប្រាក់​ដំណើរការ​អាជីវកម្ម​ខ្លួន​។ ប៉ុន្តែ​ដើម្បី​លក់​គម្រោង​អាជីវ​កម្មបាន ម្ចាស់​គម្រោង​ត្រូវតែ​សិក្សា​ពី​អាជីវកម្ម​របស់ខ្លួន ក៏ដូចជា​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​បច្ចេកទេស​ឱ្យបាន​ល្អិតល្អន់​។ រីឯ​ការលក់​គំរូ​អាជីវកម្ម (​ហ្វ្រេ​ន​ឆាយ​) គឺជា​ការលក់​គំរូ​នៃ​ការ​បើកហាង ដែល​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន ដោយ​ឱ្យ​អ្នកផ្សេង​ដំណើរការ​អាជីវកម្ម​នោះ ក្រោម​យីហោ​របស់ខ្លួន​។ យ៉ាងណាក៏ដោយ​លោក សំ កុសល ក៏បាន​ដាស់តឿន​ផងដែរ​ថា ការ​មាន​ក្ដី​ស្រមៃ​ចង់​បង្កើត​អាជីវកម្ម​ធំ គឺជា​រឿង​ល្អ ប៉ុន្តែ​ត្រូវតែ​ចាប់ផ្ដើម​ធ្វើ​វាពី​ចំណុច​តូច​ទៅ ទើប​អាជីវកម្ម​នោះ​មិន​ងាយ​ដួលរលំ​។​



​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោកអ្នក​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍ រវាង កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សំ កុសល ដូចតទៅ​៖ 









 
«​វិធី​ទាំងពីរ​ខាងលើនេះ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ទើបតែ​ចាប់ផ្ដើម​បើក​អាជីវកម្ម​ដំបូង ហើយ​មិនមាន​ដើមទុន ដោយ​អាច​រកប្រាក់​មក​ពង្រីក​អាជីវកម្ម​របស់ខ្លួន​បាន​។ អ្នក​អាច​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង ដោយ​លក់​តាម​រទេះ ហើយ​អ្នកលក់​គំនិត​គំរូ​អាជីវកម្ម​របស់​អ្នក​ទៅ​អ្នកដទៃ ដើម្បី​យក​ដើមទុន​នោះ មក​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ អាជីវកម្ម​ដែល​ប្រើ​ដើមទុន​តិច​មាន​ច្រើន តែ​ខ្ញុំ​សូម​លើក​យកតែ​៣​មក​បង្ហាញ គឺ​ការលក់​ចេកអាំង ការបង្កើត​វេ​ប​សាយ​លក់​ស្បែកជើង និង​អាជីវកម្ម​កាត់សក់​។ អាជីវ​កម្មនេះ ប្រើ​ដើមទុន​តិច​បំផុត យើង​មិនចាំបាច់​ទៅ​ជួល​ផ្ទះ ឬ​ជួល​ហាង​គេ នាំ​តែ​អស់ប្រាក់​ច្រើន​ទេ គឺ​យើង​លក់​នៅផ្ទះ ឬ​នៅតាម​ផ្លូវ​សិន​ទៅ ចាំ​អាជីវកម្ម​យើង​ដើរ​ហើយ ចាំ​យើង​ពង្រីក​វា​ទៅ​លក់​ក្នុង​ហាង​«​។ នេះ​គឺជា​ការបញ្ជាក់​របស់លោក សំ កុសល​៕
 

Tag:
 អាជីវកម្ម​
 ​ជំនួញ​
 ​មុខរបរ​
 ​សំ កុសល
© រក្សាសិទ្ធិដោយ thmeythmey.com