ជាតិ
សង្គមជាតិ
សាមគ្គី​គ្នា និង​ការពុះពារ នាំ​ឲ្យ​យុវ​សិស្ស​វិទ្យាល័យ​ទួល​ទំពូង ជាប់​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​២០២០
08, Nov 2020 , 8:29 am        
រូបភាព
លោក​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ផ្តល់​ពាន​រង្វាន់​ដល់​ក្រុម​យុវសិស្ស​វិទ្យាល័យទួលទំពូង​ដែល​បាន​ជាប់ជ័យ​លាភីលេខមួយពីកម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ២០២០​
លោក​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ផ្តល់​ពាន​រង្វាន់​ដល់​ក្រុម​យុវសិស្ស​វិទ្យាល័យទួលទំពូង​ដែល​បាន​ជាប់ជ័យ​លាភីលេខមួយពីកម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ២០២០​
ដោយ:
​ភ្នំពេញ​៖​យុវ​សិស្ស​ថ្នាក់​ទី​១១​មួយក្រុម​នៅ​វិទ្យាល័យ​ទួល​ទំពូង​បានទទួល​ជ័យលាភី​លេខ​មួយ​លើ​គូប្រជែង​ដែល​មកពី​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្នុង​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​២០២០​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​២៤ ខែតុលា ដែល​ជជែក​លើ​ប្រធានបទ​ស្តីពី​«​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​យុវជន​នា​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០»​។

 
​សូម​តាមដាន​ស្តាប់​វីដេអូ​សម្ភាស រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​យុវ​សិស្ស ហេង គីម​ឡុង ដែលជា​សមាជិក​ក្រុម​យុវ​សិស្ស​ទួល​ទំពូង​ដែល​ទើបតែ​ទទួលបាន​ជ័យលាភី​លេខ​មួយ​ក្នុង​កម្ម​វី​ធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​២០២០​ដូចតទៅ​៖ 
 
 
 
​វា​មិន​មែ​មន​ជា​រឿង​ងាយស្រួល​ឡើយ សម្រាប់​យុវ​សិស្ស​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​ទួល​ទំពូង ដែលមាន​សមាជិក​ចំនួន​៥​នាក់​ជា​«​ក្រុម​បដិសេធ​» យកឈ្នះ​លើ​«​ក្រុម​ស្រប​» មកពី​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ជជែក​ដេញដោល​លើ​ប្រធានបទ​ស្តីពី​«​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​អភិ​វ​ឌ្ឃ​សមត្ថភាព​យុវជន​នា​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០»​។
ពួកគេ​បាន​ឆ្លងកាត់​ការប្រកួត​ឈ្នះ​ចំនួន​៣​ជុំ​រួចមកហើយ ជាមួយនឹង​ក្រុម​យុវ​សិស្ស​ចំនួន​៣​ក្រុម  ក្នុងចំណោម​ក្រុម​ទាំង​១៦​ក្រុម​ដែល​មកពី​វិទ្យាល័យ​ទូទាំង​ប្រ​ទស​ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ តាំងពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២០​។ 
 
​ការប្រកួត​ជជែក​ដេញដោល​ជុំ​ដំបូង ក្រុម​យុវ​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​បាន​ប្រកួត​យកឈ្នះ​លើ​ក្រុម​ស្រប​យុវ​សិស្ស​វិទ្យាល័យ​ព្រែក​ថ្មី​ដែល​ជជែក​លើ​ប្រធានបទ​ស្តីពី​«​ការគោរព​ច្បាប់​ចរាចរណ៍​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។ ជុំ​ទី​២​យកឈ្នះ​លើ​ក្រុម​ស្រប​វិទ្យាល័យ​ចំណេះដឹង និង​បច្ចេកទេស​ហ៊ុនសែន​ជម្ពូ​វ័ន លើ​ប្រធានបទ​«​កម្ពុជា​គួរ​ជំរុញ​ការសិក្សា​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ជាជាង​ការសិក្សា​ដោយផ្ទាល់​នៅក្នុង​សាលារៀន​»​។ រួមទាំង​ជុំ​ទី​៣ យកឈ្នះ​លើ​ក្រុម​បដិសេធ​វិទ្យាល័យ​ព្រែកលាប លើ​ប្រធានបទ​«​យុវជន​បច្ចុប្បន្ន​គួរផ្តោត​លើ​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ជាជាង​ផ្តោតទៅលើ​ការសិក្សា​ជំនាញ​ផ្សេងៗ​នៅ​ឧ​ត្ត​មសិ​ក្សា​»​។ 
 


ក្រុមយុវសិស្សវិទ្យាល័យទួលទំពូង ដែលទទួល​បានជ័យ​លាភីលេខមួយពីកម្មវិធីជជែក​ដេញដោលយុវជនថ្នាក់ជាតិ២០២០ ដែល​រៀបចំឡើង​ដោយក្រសួងអប់រំ យុវជន និងកីឡា 

​យុវ​សិស្ស ហេង គីម​ឡុង ដែលជា​សមាជិក​ក្រុម​វិទ្យាល័យ​ទួល​ទំពូង បាន​បញ្ជាក់ថា កត្តា​ដែល​ក្រុម​របស់ខ្លួន​ទទួលបាន​ជ័យលាភី​នេះ ក៏ដោយ​សារ​មានការ​ខិតខំ​ប្រឹង​ពី​សមាជិក​ក្រុម​ទាំងមូល​ដែល​ចេះ​រួបរួមសាមគ្គី​គ្នា និង​ការខិតខំ​ប្រឹងប្រែង គឺជា​កត្តា​នាំ​ឲ្យ​ទទួលបាន​ជ័យជម្នះ​សម្រាប់​លើកមុខ​មាត់​វិទ្យាល័យ​របស់ខ្លួន​។ 
 
​យុវ​សិស្ស ហេង គីម​ឡុង បាន​ប្រាប់​ពី​គន្លឹះ​សំខាន់​ដែល​នាំ​ឲ្យ​ជាប់​ជ័យលាភី​ដូច្នេះ​ថា​៖«​ចំណុច​សំខាន់បំផុត​នោះ​គឺ​ការ​សាមគ្គី​គ្នា គឺ​ពួក​ខ្ញុំ​សហការគ្នា ទោះ​ពេលទំនេរ ឬ​ពេល​រវល់​ក៏​ពួកយើង​ស្វែងរក​ពេលវេលា​មកជួប​គ្នា​ដើម្បី​ស្វែងរក​គំនិត​រៀងខ្លួន និង​សាមគ្គី​គ្នា​រក​គំនិត​ដ៏​ល្អ​មួយ​ដើម្បី​ដាក់ចូល​សម្រាប់​គាំទ្រ​លើ​ប្រធានបទ ឬ​បដិសេដ​លើ​ប្រធានបទ​។ ចំណុច​សំខាន់​នោះ​គឺ ការស្វែងយល់​ប្រធានបទ​។  
 
​សម្រាប់​ការស្វែងយល់​ប្រធានបទ​គឺជា​ចំណុច​សំខាន់​មួយ​។ បើ​យើង​អត់​យល់​ពី​ប្រធានបទ ក៏​យើង​អត់​អាច​ទៅ​ជជែក​ដេញដោល​បានដែរ ក៏​យើង​មិនអាច​វែកញែក​រក​ខុស រក​ត្រូវ​បានឡើយ​។ យើង​ក៏ត្រូវ​ស្រាវជ្រាវ​រក​ទឡ្ហីករណ៍ និង​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​»​។  
 
​ការប្រកួត​ជជែក​ដេញដោល​លើ​ប្រធានបទ​ផ្សេងៗ​ក្នុង​រយៈពេល​៤​ខែ​កន្លងមកនេះ ក្រុម​យុវ​សិស្ស​វិទ្យាល័យ​ទួល​ទំពូង គឺ​ទទួលបាន​បទពិសោធ និង​ចំណេះដឹង​ជាច្រើន​។ យុវ​សិស្ស គីម​ឡុង​និយាយ​ដូច្នេះ​ថា​៖«​យើង​ធ្លាប់តែ​ស្គាល់​មិត្តភក្តិ​នៅក្នុង​សាលា​។ ពេល​យើង​ចេញទៅ​ប្រកួត​ទៅ គឺ​យើង​ស្គាល់​មិត្តភក្តិ​ដទៃ​ច្រើន​។ ហើយ​យើង​ក៏​ទទួលបាន​បទពិសោធន៍ ទោះ​ជាប់ក្តី ឬ​ធ្លាក់​ក្តី ក៏​យើង​ទទួលបាន​បទពិសោធន៍ ពួកគាត់​អាច​វែកញែក​រក​ខុស រក​ត្រូវ​។ ពួកគាត់​អាច​ចេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា អាច​និយាយ​គ្នា​រក​ខុស រក​ត្រូវ​ដោយ​សន្តិវិធី​។ ហើយ​យើង​ក៏​ទទួលបាន​បំ​ណិ​ន​ស្រាវជ្រាវ​ច្រើន​ដែល​យើង​អាច​ឈ្វេងយល់​ពី​ប្រភព និង​ចំណេះដឹង​ផ្សេងៗ​»​។ 


យុវសិស្ស ហេង គីមឡុង សមាជិកក្រុម​យុវសិស្សវិទ្យាល័យទួលទំពូង 

​យុវ​សិស្ស គីម​ឡុង ចង់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​នៅតាម​វិទ្យាល័យ​នីមួយៗ បន្ត​រៀបចំ និង​បង្កើត​ឲ្យ​មាន​កម្មវិធី​ជជែក​ដេញដោល​លើ​ប្រធានបទ​ផ្សេងៗ សម្រាប់​ពង្រឹង​ដល់​សមត្ថភាព​យុវ​សិស្ស​ឲ្យ​ចេះ​និយាយ​ជា​សាធារណៈ​បន្ថែមទៀត​។​
 
​តាមរយៈ​បទពិសោធ​ដែល​ក្រុម​យុវ​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ទទួលបាន​នេះ យុវ​សិស្ស គីម​ឡុង បាន​ណែនាំ​ដល់​យុវ​សិស្ស​ជំនាន់​ក្រោយ​កុំ​មាន​ភាពភ័យខ្លាច​ក្នុងការ​ប្រកួតប្រជែង​ក​ម្ម​វិធី​ជជែក​ដេញដោល​ថ្នាក់ជាតិ​លើ​ប្រធានបទ​ផ្សេងៗ​។ «​យើង​ត្រូវ​ដឹងថា ពេល​យើង​ឡើងទៅ​និយាយ​នៅលើ​ឆាក គឺ​យើង​បញ្ចេញ​នូវ​អ្វីដែល​យើង​គិត និង​បញ្ចេញ​នូវ​អ្វីដែល​យើង​ចង់បង្ហាញ​»​។  នេះ​ជាការ​លើកឡើង​របស់​យុវ​សិស្ស​គីម​ឡុង​៕ 
 

Tag:
 យុវ​សិស្ស​
 ​វិទ្យាល័យ​ទួល​ទំពូង​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com