ពីនេះ ពីនោះ
ក្រៅតែពីរសជាតិផ្អែមឆ្ងាញ់ «ស្វាយ» ក៏ជាឱសថក្នុងការព្យាបាលផងដែរ
× ស្វាយជាដំណាំហូបផ្លែមួយប្រភេទ ដែលប្រជាជនយើងពេញនិយមដាំដុះ នៅតាមផ្ទះ ឫដាំជាចម្ការ ។ ក្រៅពីដាំយកផ្លែ ស្វាយ មានមុខងារក្នុងការព្យាបាល លើការពិបាករំលាយអាហារ ទល់លាមក និង បញ្ហាលើស្បែកផងដែរ ។
ស្លឹកខ្ចី និងផ្លែខ្ចី ប្រើជាអន្លក់ និង ងូតព្យាបាលខាន់លឿង ។ ចំពោះផ្លែទុំ ហូបសម្រាប់ព្យាបាលទល់លាមក ពិបាករំលាយអាហារ ដែលបណ្ដាលមកពីរោគសរសៃប្រសាទ ឫក្រពះខ្សោយ ធ្វើឲ្យស្រស់ស្រាយដល់ខួរក្បាល សម្រួលដល់អាការក្អួត ត្រជាក់សាច់ ជំនួយកម្លាំង ។ រីឯជ័ររបស់ផ្លែវិញ លាបព្យាបាលកមរមាស់ ។ ចំណែកសំបកដើមប្រើប្រាស់ក្នុងការព្យាបាល ឈាមរដូវធ្លាក់ច្រើនខុសប្រក្រតី ឬសដូងបាត ឈាមតាមលាមក ក្អកធ្លាក់ឈាម បត់ជើងធំមានឈាម ។ ហើយសំបកស្វាយ ផ្សំលាយ ស្លឹក និងសំបកព្រីង ចំបកបារាំង ឆុងផឹកសម្រាប់ទប់ឈាម ពីសរីរាង្គក្នុង ។
សំបកដើមដាំហូប ព្យាបាលក្អួត រាក ។ រំងាស់ខាប់ សម្រាប់បៀមបំបាត់ឈឺធ្មេញ ឫជ្រលក់សំឡី បិតលើកន្លែងរលាកភ្លើង ។ ជ័រពីសំបកដើម លាយប្រេងដូង លាបព្យាបាលកមរមាស់ និង រោគប៉ារ៉ាសិតលើស្បែកផ្សែងៗ ។ ស្លឹកស្វាយវិញ ដាំហូបព្យាបាលត្អើក រោគក្នុងបំពង់ក ស្រេកទឹកខុសប្រក្រតី ក្អក ធ្លាក់ឈាម ឬសដូងបាតមានឈាម រាក ឈឺក្រពះ របួស ដំបៅ រាកមួល លាយទឹកឃ្មុំ ផឹកព្យាបាល ស្អកក ។ ស្លឹកស្វាយស្ងួតកិនជាម្សៅ ព្យាបាល ទឹកនោមផ្អែម ។ ស្លឹកស្វាយនៅខ្ចីៗ ឆុងទឹកផឹកព្យាបាលរោគស្ងួត រុំារៃ ក្អក ហឺត ។ ផ្កាស្វាយហាលស្ងួត កិនជាម្រៅព្យាបាលរាកមួលរុំារៃ ធ្លាក់ស របួស ដំបៅ អាហារមិនរំលាយ និងរោគធ្លាក់ឈាមផ្សេងៗ ។ ឯសាច់ក្នុងគ្រាប់ស្វាយវិញ មានប្រសិទ្ធិភាពក្នុងការព្យាបាលដូចផ្កាផងដែរ និងប្រើជា ថ្នាំទំលាក់ព្រូន ជាពិសេសព្រូនចង្កេះ ។
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ ទំព័រ 137
© រក្សាសិទ្ធិដោយ thmeythmey.com