អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ពិភពលោក នាំគ្នា​ផ្ញើ​សារ​អបអរ​លោក បៃ​ឌិន ដែល​ឈ្នះ​លោក ត្រាំ​
08, Nov 2020 , 9:55 am        
រូបភាព
មេដឹកនាំនានា ផ្ញើសារអបអរប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន និងអនុប្រធានាធិបតីជាប់ឆ្នោត កាម៉ាឡា ហារីស ។ រូបភាព AFP
មេដឹកនាំនានា ផ្ញើសារអបអរប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន និងអនុប្រធានាធិបតីជាប់ឆ្នោត កាម៉ាឡា ហារីស ។ រូបភាព AFP
​មេដឹកនាំ​ពិភពលោក នាំគ្នា​ផ្ញើ​សារ​អបអរ​លោក ចូ បៃ​ឌិន ដែល​ទទួល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ក្រោយ​ទទួលបាន​ចំនួន​ប្រតិភូ​ច្រើនជាង​លោក ដូ​ណា​ល់ ត្រាំ ។ ក្នុង​សារ​របស់ខ្លួន មេដឹកនាំ​នានា បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ត្រៀម​ធ្វើការ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រៀងៗ​ខ្លួន និង​កិច្ចការ​ពិភពលោក​ដែរ​។​

 
​បើតាម​លទ្ធផល​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​នៅ​អាមេរិក លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ មាន​ចំនួន​ប្រតិភូ​តំណាង​អ្នកបោះឆ្នោត​ចំនួន​២៩០ ដែល​លើសពី​ចំនួន​ត្រូវការ​២៧០ ក្នុងការ​ក្លាយជា​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក​។ លោកស្រី កា​ម៉ា​ឡា ហារី​ស ក៏​ក្លាយជា​អនុ​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​អាមេរិក​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ផងដែរ​។ លោក ដូ​ណា​ល់ ត្រាំ ឯណោះ ប្រកាសថា រឿង​មិនទាន់​ចប់​ត្រឹម​នេះឡើយ​។ 
 
 
​ប្រទេស​នានា និង​សម្ព័ន្ធមិត្ត​អាមេរិក​ទាំង​តូច​ទាំង​ធំ​មាន​កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង​ជាដើម សុទ្ធតែ​បាន​អបអរ​ជ័យជម្នះ​លោក បៃ​ឌិន ។ ខាងក្រោម​នេះ​ជា​សារ​អបអរសាទរ​របស់​មេ​ដឹកនាំ​បរទេស​មួយចំនួន​ផ្ញើ​ទៅកាន់​លោក បៃ​ឌិន​៖
 
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ​៖ ក្នុងនាម​រដ្ឋាភិបាល​កាណាដា ខ្ញុំ​សូម​អបអរ​លោក ចូ បៃ​ឌិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស ចំពោះ​ការជាប់ឆ្នោត​ជា​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​អាមេរិក​។​
 
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​៖ ពលរដ្ឋ​អាមេរិក បានជ្រើសរើស​ប្រធានាធិបតី​របស់ខ្លួន​ហើយ​។ យើង​មាន​កិច្ចការ​ជាច្រើន​ត្រូវធ្វើ​ដើម្បី​ជម្នះ​ការ​ប្រឈម​សព្វថ្ងៃ​។ តោះ​ធ្វើការ​ជាមួយគ្នា​។​
 
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន​៖ សូម​អបអរ​លោក ចូ បៃ​ឌិន ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក និង​លោកស្រី កា​ម៉ា​ឡា ហារី​ស ចំពោះ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​ឲ្យ​ជិតស្និទ្ធ​លើ​បញ្ហា​អាទិភាព​រួមគ្នា​ចាប់ពី​បម្រែបម្រួល​អាកាសធាតុ ពាណិជ្ជកម្ម និង​សន្តិសុខ​។​
 
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី​៖ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ទំនាក់ទំនង​រស់​រវើក​រវាង​ឥណ្ឌា និង​អាមេរិក នឹង​កាន់តែ​រឹងមាំ​ជាមួយ​ការគាំទ្រ និង​ការដឹកនាំ​របស់​អ្នក​។ លោក ម៉ូ​ឌី ដែលមាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​លោក ត្រាំ មិនបាន​អបអរ​លោក បៃ​ឌិន ផ្ទាល់​ឡើយ តែ​សាទរ​លោកស្រី ហារី​ស ដែលមាន​ដើមកំណើត​ឥណ្ឌា​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន​៖ សូម​អបអរ​លោក ចូ បៃ​ឌិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស​។ សម្ព័ន្ធភាព​ប្រទេស​ទាំងពីរ រឹងមាំ ហើយ​ទំនាក់ទំនង​កំពុង​មាំទាំ​។ ខ្ញុំ​រង់ចាំ​ធ្វើការ​ជាមួយ​អ្នក​ដើម្បី​តម្លៃ​រួម​។​
 
​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល​៖ ទំនាក់ទំនង​អន្ត​រអា​ត្ល​ង់​ទិ​ករ​បស់​យើង នឹង​គ្មានអ្វី​ជំនួស​បានឡើយ ប្រសិនបើ​យើង​ត្រូវ​ទប់ទល់​បញ្ហា​ប្រឈម​ដូច​បច្ចុប្បន្ន​៕
 
 

Tag:
 ​ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com