COVID-19
អន្តរជាតិ
មីយ៉ាន់ម៉ា បោះឆ្នោតសភាក្នុងបរិបទ COVID-19, បក្សលោកស្រី ស៊ូជី រំពឹងឈ្នះមួយអាណត្តិទៀត ស្រ្តីមីយ៉ាន់ម៉ា ទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសភា។ រូបភាព AFP
× មីយ៉ាម៉ា នៅថ្ងៃទី៨ ខែវិច្ឆិកា កំពុងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្នាក់ជាតិ និងថ្នាក់តំបន់។ បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី រំពឹងថា នឹងឈ្នះសំឡេងភាគច្រើនដើម្បីបន្តដឹកនាំប្រទេសមួយអាណត្តិទៀត ប៉ុន្តែសំឡេងភាគច្រើននេះ ទំនងមិនច្រើនដូចលទ្ធផលឆ្នាំ២០១៥ ឡើយ។
ប្រជាជនមីយ៉ាន់ម៉ា នាំគ្នាឈរតម្រង់ជួរតាំងពីព្រលឹមស្រាងៗនៅការិយាល័យបោះឆ្នោតរបស់ពួកគេ មុនការបោះឆ្នោតផ្លូវការចាប់ផ្ដើមនៅម៉ោង៦ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា និងបិទវិញនៅម៉ោង៤ល្ងាច។ វិធានការការពារជំងឺ COVID-19 ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយអ្នកបោះឆ្នោតនាំគ្នាម៉ាស់ និងរបាំងមុខ ឯមន្ត្រីរៀបចំការបោះឆ្នោត ពាក់អាវការពារ ម៉ាស់ ស្រោមដៃ និងមានការបាញ់អាល់កុលលើដៃសម្លាប់មេរោគសម្រាប់អ្នកទៅបោះឆ្នោតផងដែរ។
អ្នកមានសិទ្ធិបោះឆ្នោតមានប្រមាណ៣៨លាននាក់ ឯបក្សនយោបាយជិត៩០ ឈរឈ្មោះដើម្បីដណ្ដើមកៅអីសភាថ្នាក់ខ្ពស់ចំនួន១៦១ កៅអីសភាជាន់ទាប៣១៥ កៅអីសភាតំបន់និងរដ្ឋ៦១២ និងតំណែងរដ្ឋមន្ត្រីកិច្ចការជនជាតិភាគតិច២៩កន្លែងផង។ ដើម្បីដឹកនាំប្រទេសបាន បក្សនយោបាយទាំងអស់ ត្រូវឈ្នះកៅអីសភាសហព័ន្ធ (សភាថ្នាក់ទាបបូកសភាថ្នាក់ខ្ពស់) ចំនួន៣២២។ គណបក្ស ឬសម្ព័ន្ធភាពដែលឈ្នះកៅអីគ្រប់គ្រាន់ ទើបអាចស្នើបេក្ខជនប្រធានាធិបតីបាន។
បក្សកាន់អំណាចសព្វថ្ងៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ត្រូវបានមើលឃើញថា នឹងឈ្នះការបោះឆ្នោតជាថ្មី។ លោកស្រី អ៊ុងសាន ស៊ូជី ដែលមិនអាចធ្វើប្រធានាធិបតីបាន និងដឹកនាំនយោបាយតាមតំណែងទីប្រឹក្សារដ្ឋ នៅតែជាឥស្សរជននយោបាយមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ាដដែល បើទោះជា៥ឆ្នាំកន្លងទៅ រងការរិះគន់ច្រើនបរទេស ពិសេសការមិនយកចិត្តទុកដាក់លើក្រុមជនជាតិរ៉ូហ៊ីងយ៉ា។
សម្រាប់ការបោះឆ្នោតលើកនេះ បក្សកាន់អំណាច ទំនងជាមិនអាចទទួលបានកៅអីសភាច្រើនដូចឆ្នាំ២០១៥ ។ ក្រៅពីរឿងរ៉ូហ៊ីងយ៉ា រដ្ឋាភិបាលរបស់លោកស្រី ស៊ូជី ក៏បាត់បង់ទំនុកចិត្តពីក្រុមជនភាគតិច ព្រោះមិនអាចទប់ស្កាត់យោធាពីការធ្វើប្រតិបត្តិការទល់នឹងក្រុមជនភាគតិចប្រដាប់អាវុធបាន។ កន្លងទៅ បក្សជនជាតិភាគតិច ក៏ផ្ដល់ការគាំទ្រខ្លាំងដល់បក្សលោកស្រី ស៊ូជី ក្នុងសភាដែរ។
គូប្រជែងធំរបស់បក្ស NLD គឺបក្សសាមគ្គីនិងអភិវឌ្ឍសហភាពដែលគាំទ្រដោយយោធា។ បក្សប្រឆាំងដ៏ធំនេះ មានធនធានច្រើន និងមានការរៀបចំបានល្អ ព្រោះមានមេដឹកនាំយោធានៅពីក្រោយខ្នង។ ទោះមិនអាចដណ្ដើមកៅអីសភាដើម្បីដឹកនាំប្រទេស បក្សនេះក៏អាចធ្វើព្យុះធ្វើភ្លើងមិនឲ្យបក្ស NLD ចេះសេះលែងដៃដែរ៕
Tag:
បោះឆ្នោតមីយ៉ាន់ម៉ា
COVID-19
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com