ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្របពេល​លោក បៃ​ឌិន ឈ្នះឆ្នោត​, លោក កឹម សុខា ថា «​អ្នកណា​ឈ្នះ​ក៏ដោយ ឲ្យ​តែ​ជា​មិត្ត​ល្អ​នឹង​ខ្មែរ ហើយ​ជួយ​ខ្មែរ​»
08, Nov 2020 , 12:49 pm        
រូបភាព
​ភ្នំពេញ​៖ «​អ្នកណា​ឈ្នះ​ក៏ដោយ ឲ្យ​តែ​ជា​មិត្ត​ល្អ​នឹង​ខ្មែរ ហើយ​ជួយ​ខ្មែរ​»​។ លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​បែបនេះ ស្របពេល​ដែល​លោក ចូ បៃ​ឌិន ឈ្នះឆ្នោត ជា​ប្រធានាធិបតី ទី​៤៦ របស់​អាមេរិក​។​


 
​សម្តី​លោក កឹម សុខា ហាក់​មិន​ខ្វល់​ពី​សមាសភាព​បុគ្គល​ណា​ឡើយ តែ​សំខាន់​ឲ្យ​តែ​បុគ្គល​នោះ បង្កើត​ទំនាក់ទំនង​ល្អ និង​មិន​ធ្វើទុក្ខបុកម្នេញ​កម្ពុជា​។ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តាមដាន​ព្រឹត្តិការណ៍​បោះឆ្នោត​នៅ​អាមេរិក​នេះ បាន​បង្ហោះ​រូបលោក ចូ បៃ​ឌិន និង​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការជជែក​ដេញដោល​គ្នា​កន្លងមក ដោយ​អម​ជាមួយ​សំណេរ​នៅ​ថ្ងៃទី​៨ វិច្ឆិកា ដូច្នេះ​ថា​៖«​ខ្ញុំ​តែងតែ​គាំទ្រ និង​អបអរសាទរ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុង​ពិភពលោក មិនថាឡើយ​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​ប្រទេស​ណា​ឡើយ ជាពិសេស​នៅ​កម្ពុជា​យើង​»​។​
 
​លោក ចូ បៃ​ឌិន (Joe Biden) បានទទួល​សំឡេង​ចំនួន​២០​បន្ថែមទៀត​ពីរ​ដ្ឋ Pennsylvania ដែល​នាំ​ឲ្យ​លោក​ទទួលបាន​ប្រតិភូ​សរុប​២៨៤ ហើយ​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទី ៤៦​របស់​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
 
​តាមរយៈ​គណនី Twitter ផ្លូវការ​របស់ខ្លួន លោក បៃ​ឌិន បានប្រកាស​ជា​សាធារណៈ​ថា លោក​មាន​កិត្តិយស​ដែល​ត្រូវបាន​ប្រជាជន​អាមេរិក​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស​ក្នុង​កាលៈទេសៈ​នេះ ថ្វីបើ​ផ្លូវ​សម្រាប់​ការដឹកនាំ​ទៅមុខ​មិន​ងាយស្រួល​ក្តី​។ លោក​បាន​ថ្លែង​ដូច្នេះ​៖ «​ការងារ​ចំពោះមុខ​យើង​នឹង​លំបាក ប៉ុន្តែ​ខ្ញុំ​សន្យា​នឹង​អ្នក​ថា ខ្ញុំ​នឹង​ធ្វើជា​ប្រធានាធិបតី​សម្រាប់​ប្រជាជន​អាមេរិក​ទាំងអស់គ្នា ទាំង​អ្នកបោះឆ្នោត និង​អ្នក​មិន​បោះឆ្នោត​ឲ្យ​ខ្ញុំ​»​។​
 
​ស្ថិតក្នុង​វ័យ ៧៧ ឆ្នាំ លោក បៃ​ឌិន នឹង​ក្លាយជា​ប្រធានាធិបតី​ដែល​ចាស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែរ​៕

Tag:
 កឹម សុខា​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com