ជាតិ
លោក ហ៊ុន ម៉ា​នី​៖ ៩​វិច្ឆិកា មានន័យថា កម្ពុជា​ត្រូវការ​សិទ្ធិ​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​
08, Nov 2020 , 3:26 pm        
រូបភាព
រូប ភាព ពី ហ្វេសប៊ុក លោក  ហ៊ុន  ម៉ានី
រូប ភាព ពី ហ្វេសប៊ុក លោក ហ៊ុន ម៉ានី
​ភ្នំពេញ​៖ ថ្ងៃទី ៩ វិច្ឆិកា ២០២០ ជា​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ របស់​កម្ពុជា​។ ជា​ឯករាជ្យភាព​របស់​កម្ពុ​ជា​ដែល​កើតចេញពី​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះវររាជបិតា ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ដោយ​អត្ថាធិប្បាយ​ថា ឯករាជ្យភាព មិនមែន​មានន័យ​ត្រឹមតែ​ជា​ពាក្យពេចន៍ ពំនោល និង​ការចងចាំ​ប៉ុណ្ណោះ​ទេ​។​

 
​ទិវា​ឯករាជ្យ​ជាតិ​ថ្ងៃទី​៩​ខែវិច្ឆិកា មានន័យ​ធំធេង​សម្រាប់​លោក ហ៊ុន ម៉ា​នី ដែលជា​អ្នកតំណាងរាស្ត្រ​។ មួយថ្ងៃ​មុន​ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​មួយ​នេះ លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន បង្ហាញ​ពី​ការយល់ឃើញ​របស់លោក​ចំពោះ​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ទទួលបាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​មកវិញ​ពី​រដ្ឋាភិបាល​អាណាព្យាបាល​បារាំង តាមរយៈ​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​
 
​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​រូបនេះ បាន​លើកឡើងថា ឯករាជ្យភាព ជា​របត់​ដែល​កម្ពុជា​អាច​ដណ្តើមបាន​មកវិញ​ដោយ​ជោគជ័យ​នូវ​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​របស់​ប្រទេសជាតិ ដោយ​ខ្មែរ​ខ្លួនឯង​។ លោក ហ៊ុន ម៉ា​នី បន្ត​ពន្យល់ថា​៖ «​យើង​មិន​ទទួលយក​ជាដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​សូម​ថែរក្សា​សិទ្ធិ​ក្នុងការ​ឆ្លើយតប​ដោយ​សមាមាត្រ ទាំង​សិទ្ធិ​ការពារ​ខ្លួន​ក្នុងនាម​ជា​ប្រទេស​អធិបតេយ្យ​»​។​
 
​ដោយសារ​សរសេរ​សារ​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅក្នុង​សម័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ពោលគឺ​ក្រោយពី​ការដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍ និង​ការទទួលបាន​នូវ​សន្តិភាព​ពេញលេញ​ចាប់ពី​ចុងឆ្នាំ​១៩៩៨​នោះមក លោក ហ៊ុន ម៉ា​នី ក៏​មិនបាន​ភ្លេច​រំឭក​អំពី​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ​នានា​ផងដែរ​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​ថា សម្រាប់​លោក ហ៊ុន ម៉ា​នី ការប្រឹងប្រែង​របស់​ក​ម្ពុ​ជា​ខ្លួនឯង នៅតែ​ជា​ចលករ​ដ៏​ចាំបាច់ ដើម្បី​កម្ពុជា​ខ្លួនឯង​។ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​អធិប្បាយ​ដូច្នេះ​ថា​៖ «​ក្នុងនាម​ជា​កូន​ខ្មែរ យើង​ត្រូវ​ចាំ​ថា យើង​ត្រូវ​ចេះ​ជួយ​ខ្លួនឯង ខំប្រឹង​ដោយ​ខ្លួនឯង សម្រេច​ជោគជ័យ​ដោយ​ខ្លួនឯង​ផ្អែកលើ​ស្មារតី ជឿថា​ខ្មែរ​ធ្វើបាន​។ យើង​សម្រេចបាន​ច្រើនណាស់​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​រយៈពេល​ជាង​៤០​ចុងក្រោយ និង​ជាពិសេស រយៈពេល​២០​ឆ្នាំក្រោយ​នយោបាយ​ឈ្នះ ឈ្នះ​។ ប៉ុន្តែ​ការងារ​ដែល​ត្រូវបំពេញ​សម្រាប់​អនាគត​កម្ពុជា ដូច​ចែង​ក្នុង​ទស្សន​: 3C នៅមាន​ច្រើន​ទៀត​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​២០៥០»​។​
 
​នៅពេលដែល​លោក ហ៊ុន ម៉ា​នី កំពុង​រំឭក​អំពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា គឺ​អ្នក​តំ​ណា​រាស្ត្រ​រូបនេះ​ចង់​បញ្ជាក់ថា ឯករាជ្យភាព​នោះ​ហើយ​ដែលជា​មូលដ្ឋាន​មួយ​នៃ​សន្តិភាព​សម្រាប់​កម្ពុជា​។ កម្ពុជា ដែល​សម្រាប់​លោក គឺ​ធ្លាប់ជា​ប្រទេស​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ និង​ការបែកបាក់​ផ្ទៃក្នុង ហើយក៏​កំពុង​ត្រូវបាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃនេះ​៕ 
 

Tag:
 ឯករាជ្យ​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com