ជាតិ
អាមេរិក អបអរ​កម្ពុជា ក្នុង​ខួប​ឯករាជ្យ​លើក​ទី​៦៧ និង​បង្ហាញ​បំណង​ជួយ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រជាធិបតេយ្យ និង​ឯករាជ្យ​
08, Nov 2020 , 4:43 pm        
រូបភាព
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ភ្នំពេញ​៖ កម្ពុជា ប្រារព្ធ​ខួប​ឯករាជ្យ ៦៧​ឆ្នាំ ដែល​ទទួលបាន​ពី​បារាំង (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២០)​។ អាមេរិក ចូលរួម​អបអរសាទរ​កម្ពុជា និង​បង្ហាញ​ពី​បំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។​



​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៦ វិច្ឆិកា ដូច្នេះថា «​ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ខ្ញុំ​សាទរ​ចំពោះ​ប្រជាជន​កម្ពុជា នៃ​ខួប​ឯករាជ្យ​លើក​ទី​៦៧​។ យើង​មាន​កិត្តិយស​ដែល​ប្រឈមមុខ​នឹង​បញ្ហា​រួមគ្នា ក្នុងនាម​ជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​សុខា​មាល​ភាព សុវត្ថិភាព និង​វិបុលភាព​នៃ​ប្រទេសជាតិ​យើង​ទាំងពីរ​។ យើង​ទន្ទឹងរង់ចាំ​ការឈាន​ទៅមុខ​បន្ថែមទៀត នៃ​ចំណង​ការទូត​កម្ពុជា​-​អាមេរិក ដើម្បី​ជួយ​កសាង​កម្ពុជា ឱ្យ​កាន់​តែមាន​វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ​កម្ពុជា​»​។​
 
​កម្ពុជា ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ និង​ខួប​លើក​ទី​៦៧ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​សម្តេច​ព្រះវររាជ​បិតា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណាព្យាបាល​បារាំង​។​
 
​គួរ​បញ្ជាក់ថា ចំណង​ការទូត​កម្ពុជា​-​អាមេរិក មាន​រយៈពេល​៧០​ឆ្នាំ​មកហើយ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៥០​មក​។ ទំនាក់ទំនង​ទ្វេភាគី​ទាំងពីរ រយៈពេល​ចុងក្រោយ​នេះ មិនសូវ​ជា​ល្អ​ឡើយ ដោយសារ​អាមេរិក​តែងតែ​ចេញមុខ​រិះគន់​កម្ពុជា លើ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​៕
 
 

Tag:
 ឯករាជ្យ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com