ខ្សែប្រយុទ្ធវ័យក្មេង វុធ តុលា របស់ក្លិបបាល់ទាត់ខេត្តព្រែវែង គ្រងស្បែកជើងមាសប្រចាំពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០ ក្រោយរកគ្រាប់បាល់បានច្រើនជាងគេ។ វិសាខា ជាក្រុមម្ចាស់ជើងឯក រីឯណាហ្គាវើលជើងឯករង និងព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣។ ក្រៅពីនេះ ក៏មានពានលក្ខណៈឯកជនជាច្រើនទៀតផងដែរ។
កីឡាករ វុធ តុលា ជាខ្សែប្រយុទ្ធមួយរូបដែលមានល្បឿនលឿន និងពោរពេញដោយទេពកោសល្យក្នុងការលេងនិងរកគ្រាប់បាល់។ ជាក់ស្តែងរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមខេត្តព្រៃវែងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ដែលទើបបញ្ចប់ការប្រកួតផ្លូវការកាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយឆ្លងកាត់៦ប្រកួតពីវគ្គ១៨ក្រុមចុងក្រោយដល់វគ្គផ្តាច់ព្រ័ត្រ ខ្សែប្រយុទ្ធ វុធ តុលា រកបានគ្រាប់បាល់សរុបចំនួន៦គ្រាប់។ គ្រាប់បាល់នេះ ជួយឲ្យរូបគេគ្រងស្បែកជើងមាសក្នុងពានរង្វាន់ថ្នាក់ដឹកនាំប្រទេសកម្ពុជាប្រចាំឆ្នាំ២០២០។ សម្រាប់តំណែងជាម្ចាស់ស្បែកជើងមាស តុលា ទទួលបានថវិកាលើកទឹកចិត្តចំនួន៣លានរៀលផងដែរ។
តាមរយៈការរួមចំណែក៦គ្រាប់ពីកីឡាករ វុធ តុលា ជួយក្រុមម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តមួយនេះឡើងពីវគ្គ១៦ក្រុមដល់វគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣ជាមួយភ្នំពេញក្រោន។ វាជាប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដែលមានក្រុមថ្នាក់ខេត្ត ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គដណ្តើមយកលេខ៣ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ដែលបានបង្កើតតាំងពីឆ្នាំ២០០៧។
ជាមួយគ្នានេះខ្សែបម្រើ ច្រឹង ពលរដ្ឋ របស់ក្លិបបាល់ទាត់វិសាខាទទួលបានពានរង្វាន់កីឡាករល្អជាងគេ អមជាមួយថវិកាលើកទឹកចិត្តចំនួន៣លានរៀល។ ចំណែកពានរង្វាន់អ្នកចាំទីល្អជាងគេបានទៅលើកីឡាករ កែវ សុខសិលា អ្នកចាំទីរបស់ក្រុមវិសាខា ខណៈពានរង្វាន់គ្រូបង្វឹកល្អជាងគេធ្លាក់ទៅលើគ្រូបង្វឹកក្លិបវិសាខា Colum Curtis ដោយពួកគេទាំងពីរទទួលបានថវិកាលើកទឹកចិត្តម្នាក់ៗ៣លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់សម្រាប់អាជ្ញាកណ្តាលល្អជាងគេផងដែរ។
ក្រុមបាល់ទាត់វិសាខាបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ក្រោយយកឈ្នះណាហ្គាវើលដ៍ ២-០ នាជំនួបវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ។ គ្រាប់បាល់ទាំងពីររបស់វិសាខារកបានម្នាក់១គ្រាប់ដោយកីឡាករ កែវ សុខផេង និងកីឡាករ ឆេង ម៉េង។ ការរកបានគ្រាប់បាល់នាំមុខ និងបញ្ជូនឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ ជួយឲ្យកីឡាករ កែវ សុខផេង ដែលរៀបការកាលពីពេលថ្មីៗក្លាយជាកីឡាករល្អប្រចាំការប្រកួត។
ក្រៅពីពាន និងមេដាយក្រុមជើងឯកវិសាខា ទទួលបានថវិកាលើកទឹកចិត្តចំនួន១០០លានរៀល និងកៅអីឡើងទៅលេងក្នុងវគ្គជម្រុះ Play off ក្នុងព្រឹត្តិការណ៍ AFC Cup 2021។ ចំណែកក្រុមណាហ្គាវើលដ៍ ដែលរងការខកចិត្តជាលើកទី៦ក្នុងការគ្រងតំណែងជើងឯក ទទួលបានថវិកាលើកទឹកចិត្តចំនួន៦០លានរៀល។
ចំណែកក្រុមព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល ៤-២។ បន្ថែមលើនេះក្រុមឡើងមកពីថ្នាក់ខេត្តមួយនេះ ជាប់ជាក្រុមលេងមានការយោគយល់ជាងគេ(Fair Play)ប្រចាំពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ។ សម្រាប់តំណែងចំណាត់ថ្នាក់លេខ៣ ព្រៃវែង ទទួលបានថវិកាលើកទឹកចិត្តចំនួន៣០លានរៀល៕