ជាតិ
សុខភាព
រដ្ឋមន្ត្រីអប់រំ សម្រេចបិទសាលារៀន នៅភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍
× ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍។
បើតាមសេចក្តីជូនដំណឹងរបស់លោក ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី៨វិច្ឆិកា ការសម្រេចផ្អាកដំណើរការនៃសាលារៀនទាំងនេះ គឺដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺCOVID-19 ដោយមានអាណាព្យាបាលប្រមាណ៩០០នាក់ បានប្រាស្រ័យទំនាក់ទំនងជាមួយនឹងគណៈប្រតិភូលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានគេរកឃើញជំងឺកូវីដ-១៩ ។
គិតត្រឹមថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ បានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៨ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា រកឃើញថា មានប្រាស្រ័យទាក់ទងនឹងគណ:ប្រតិភូលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលមានជំងឺកូវីដ-១៩។ នេះតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ដោយអះអាងថា ក្រៅពីមានសាលាឯកជនទាំង៨នេះ ក៏មានក្លឹបហាត់កីឡាការ៉ាតេដូ១កន្លែង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១កន្លែង ក៏មានជាប់ព័ន្ធពាន់នឹងគណៈប្រតិភូហុងគ្រីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com