ជាតិ
លោកស្រី ភឿង សកុណា៖«មហោស្រពភាពយន្តជប៉ុន ជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ជប៉ុន»
× ភ្នំពេញ៖ ក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពនេះបានជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកស្រីក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ ក្នុងការរៀបចំមហោស្រពនេះផងដែរ។
ឆ្លៀតរំឭកពីទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន ដែលបានចាប់ផ្ដើមក្នុងឆ្នាំ១៩៥៣ ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេល៦៧ឆ្នាំ លោកស្រី ភឿង សកុណា ថាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ លើវិស័យសេដ្ឋកិច្ច សិល្បៈវប្បធម៌ និងទេសចរណ៍ ដែលមានភាពលេចធ្លោគួរកត់សម្គាល់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ដដែល ក៏បានលើកឡើងដែរថា មហោស្រពជប៉ុនបានរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌របស់កម្ពុជា តាមរយៈការជំរុញកម្ពុជា ជាដែនដីនៃការថតភាពយន្តបរទេស។ រាល់មហោស្រពភាពយន្តជប៉ុន ក្រុមផលិតករភាពយន្តជប៉ុនតែងបានមកចូលរួម ដែលជាឱកាសឱ្យជប៉ុនស្គាល់ពីកម្ពុជា និងជំរុញឱ្យមានការថតភាពយន្តនៅកម្ពុជា ទាំងភាពយន្តឯកសារ និងភាពយន្តផ្សេងទៀតកាន់តែសម្បូរបែប។ បង្កើតឱកាសសម្រាប់បណ្ដុះផ្នត់គំនិតឱ្យយុវជនកម្ពុជាស្រឡាញ់ចូលចិត្ត និងចូលរួមសកម្មភាពក្នុងវិស័យភាពយន្ត កាន់តែច្រើនឡើង។
លោកស្រី ភឿង សកុណា បញ្ជាក់បន្ថែម៖«ជាក់ស្ដែងមានក្រុមយុវជនចូលរួមប្រឡងភាពយន្តខ្នាតខ្លី តាមកម្មវិធីផ្សេងៗជាច្រើន ហើយក្នុងចំណោមនោះក៏មានអ្នកខ្លះបានក្លាយជាផលិតករភាពយន្ត ដោយមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ភាពយន្តជប៉ុនមានលក្ខណៈអប់រំជ្រាលជ្រៅ ជាពិសេសផ្នែកភាពយន្តបែបមនោសញ្ចេតនា ដែលមានគុណភាពខ្ពស់ តែតម្លៃផលិតទាប ដែលជាបទពិសោធមួយស្របតាមស្ថានភាព ភាពយន្តនៅកម្ពុជានាពេលបច្ចុប្បន្ន»។
មហោស្រពភាពយន្តជប៉ុនក្នុងឆ្នាំ២០២០នេះ ត្រូវបានប្រព្រឹត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ភាពយន្ត១៣រឿង ក្នុងមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០២០នេះ ត្រូវបានសម្រិតសម្រាំង រឿងបែបមនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រហារ និងកំប្លែងជាដើម។ ភាពយន្តទាំងនេះ ឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះ ក៏ផ្ដល់ឱកាសដ៏ល្អសម្រាប់អ្នកទស្សនា អាចស្គាល់ប្រទេសនិងប្រជាជនជប៉ុនផងដែរ។
Tag:
សិល្បៈ
ភាពយន្ត
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com