អន្តរជាតិ
ឥណ្ឌូណេស៊ី ស្នើ​ចិន និង​កូរ៉េខាងត្បូង​ជួយ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​រំដោះខ្លួន​ចេញពី​អាណានិគម​បច្ចេកវិទ្យា​ជប៉ុន​
08, Nov 2020 , 7:29 pm        
រូបភាព
ដោយ:
​​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​មើលឃើញ​ពី​សក្តានុពល​ធំ​មួយ​របស់ខ្លួន​ក្នុងការ​បង្កើត​រថយន្ត​ប្រើ​ដោយ​អគ្គិសនី ខណៈ​មធ្យោបាយ​ប្រើប្រាស់​របស់​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន​ស្ទើរតែ​ទាំងអស់​ជា​ផលិតផល​មកពី​ជប៉ុន​។ សម្រាប់​ឥណ្ឌូណេស៊ី ដើម្បី​ទាញ​យកបាន​សក្តានុពល​នេះ ឥណ្ឌូណេស៊ី បាន​សុំ​ឲ្យ​ចិន និង​កូរ៉េខាងត្បូង​ជួយ​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យា​មួយ​នេះ​។​

 
​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​វិនិយោគ​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan នៅ​ថ្ងៃ​៧ វិច្ឆិកា បាន​ឲ្យ​ដឹងថា ឥណ្ឌូណេស៊ី កំពុងតែ​សំឡឹង​ឃើញ​ឱកាស​ដ៏​ធំ​មួយ​ទៅកាន់​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ហើយ​ក៏បាន​ស្នើសុំ​ទៅកាន់​ចិន និង​កូរ៉េខាងត្បូង ដើម្បី​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុងការ​សម្រេច​មហិច្ឆតា​ដ៏​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា បច្ចេកវិទ្យា​ក្នុង​ការផលិត​រថយន្ត​ប្រើ​ដោយ​អគ្គិសនី មាន​លក្ខណៈសាមញ្ញ​ជាង​ប្រើ​ដោយ​ម៉ាស៊ីន ដែល​ចំណុច​សាមញ្ញ​នេះហើយ ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី មានលទ្ធភាព​ក្នុងការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង​។ 
 
​រដ្ឋមន្ត្រី​រូបនេះ បន្តថា លោក គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ដ្បិត​បច្ចុប្បន្ន​រថយន្ត​ប្រមាណ ៩៦ ភាគរយ ដែល​ឥណ្ឌូណេស៊ី​ប្រើប្រាស់​បច្ចុប្បន្ន ត្រូវបាន​ផលិត​ដោយ​ជប៉ុន​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ អភ័យទោស​ឲ្យ​ខ្ញុំ​ទៅ​ចុះ និយាយ​ឲ្យ​ស្មោះ​ទៅ បច្ចុប្បន្ន​យើង កំពុងតែ​ស្ថិតក្រោម​អាណានិគម​បច្ចេកវិទ្យា​របស់​ជប៉ុន​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។ 
 
​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី រូបនេះ បន្ថែមថា ឥណ្ឌូណេស៊ី បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​បង្កើត​ឧស្សាហកម្ម​រថយន្ត​អគ្គីសនី ដោយសារ​ឥណ្ឌូណេស៊ី មាន​វត្ថុធាតុដើម​សម្រាប់​ការផលិត​អាគុយ​ស្រាប់ ជាមួយនឹង​សំណើសុំ​ជំនួយ​បច្ចេកទេសផ្នែក​ប​ច្ចេ​វិទ្យា​ពី​ចិន និង​កូរ៉េខាងត្បូង​។ លោក អះអាងថា ជប៉ុន បាន​មិន​សប្បាយ​ចិត្តនឹង​ឥណ្ឌូណេស៊ី ដោយ​ថែមទាំង​បាន​ចោទថា ឥណ្ឌូណេស៊ី លម្អៀង​ទៅ​ចិន​ទៀតផង​។ 
 
​តាម​លោក Luhut ក្នុង​មហិច្ឆតា​របស់​ឥណ្ឌូណេស៊ី ការផលិត​រថយន្ត​អគ្គិសនី​នេះ មិន​ត្រឹមតែ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ក្នុងស្រុក ឬ​តំបន់​នោះទេ ក៏ប៉ុន្តែ​សម្រាប់​តម្រូវការ​សកល ដែល​ឥណ្ឌូណេស៊ី រំពឹងថា ខ្លួន​នឹង​អាច​ក្លាយជា​ប្រទេស​ផលិត​ផលិតផល​ប្រើ​ដោយ​អគ្គិសនី​ធំ​បំផុត​លំដាប់​ទី​២ ឬ​ទី​៣ របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២៧ ផងដែរ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com