ជាតិ
ស្រឡាញ់​ព្រៃឈើ​! ជំរុញ​ឲ្យ​យុវជន ឡោ វុ​ឌ្ឍី បង្កើត​ក្រុម «​ដើរ​ព្រៃ​» ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា
08, Nov 2020 , 10:29 pm        
រូបភាព
ដោយ:
«​ដើរ​ព្រៃ​» ជា​ក្រុម​អ្នកទេសចរ​បែប​ផ្សងព្រេង រុករក​តំបន់​ទេសចរណ៍ធម្មជាតិ​ថ្មីៗ បាន​បង្កើតឡើង​ដោយ ក្រុម​អ្នកទេសចរ​ចំនួន​៣​រូប កាលពី​ឆ្នាំ​២០១៧​។ លោក ឡោ វុ​ឌ្ឍី ជា​អ្នកគ្រប់គ្រង​ក្រុម​ដើរ​ព្រៃ  បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ពី​មូលហេតុ​បង្កើត​ក្រុម​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​ថ្មីៗ និង​ជួយ​រក​ចំណូល​ដល់​ប្រជាជន​ក្នុង​សហគមន៍​ទេសចរណ៍​។​



​សូម​អញ្ជើញលោក អ្នកនាង ទស្សនា​វីដេអូ​សម្ភាស​រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក ឡោ វុ​ឌ្ឍី អ្នកគ្រប់គ្រង​ក្រុម​ដើរ​ព្រៃ ដូចតទៅ​៖

 
​បន្ទាប់ពី​បានធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង នៅក្នុង​ព្រៃ​ឡង់​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៣ បានធ្វើ​ឲ្យ​លោក ឡោ វុ​ឌ្ឍី ដែលមាន​ដើមកំណើត​ជា​អ្នកទីក្រុង​ភ្នំពេញ មានចិត្ត​ស្រឡាញ់​ព្រៃឈើ និង​ចង់​ចូលរួម​អភិរក្ស ជាពិសេស​ចង់រក​ចំណូល​បន្ថែម​ជួយ​ប្រជាជន​ក្នុង​សហគមន៍​។ លោក ឡោ វុ​ឌ្ឍី បាន​រៀបរាប់ថា​៖ « ទៅដល់​ព្រៃ​ឡង់​ឃើញ​ប្រជាជន​នៅក្នុង​សហគមន៍​គាត់​ពឹងផ្អែក​ទាំងស្រុង​លើ​អនុផល​នៃ​ព្រៃឈើ​ដូច្នេះ​ជីវភាព​គាត់​ពិបាក យើង​មានគំនិត​ថា​ចង់​ជួយ​ប្រជាជន​ក្នុង​សហគមន៍​។ ពេលនោះ​យើង​មានគំនិត​ពីរ​ដែល​អាចជួយ​ប្រជាជន​នៅ​ទីនោះ​បាន គឺ​ទីមួយ យើង​ផ្សព្វផ្សាយ​ដោយ​វីដេអូ​បង្ហាញ​ពី​សម្រស់​ព្រៃ​ស្អាត​របស់ព្រៃ​ឡង់ និង​ទី​ពីរ យើង​ធ្វើ​តំបន់​នោះ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​»​។​
 
​លោក វុ​ឌ្ឍី បាន​បន្ថែមទៀតថា ការនាំ​ទេសចរ​ចូលក្នុង​ព្រៃ​គឺជា​រឿង​មួយ​ដ៏​ល្អ ព្រោះ​វា​អាចធ្វើ​ឲ្យ​ទេសចរ អាចជួយ​ការពារ​ព្រៃឈើ​ដោយ​ប្រយោល និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន​ក្នុង​សហគមន៍ ដូច្នេះ​ទើប​លោក​វុ​ឌ្ឍី និង​មិត្តភក្តិ ពីររូប​ទៀត សម្រេចចិត្ត​បង្កើត​ក្រុម ដើរ​ព្រៃ នេះ​ឡើង​ក្នុង​ឆ្នាំ​២០១៧​។ 
 
«​ក្រុម​ដើរ​ព្រៃ​បាន​ជួយ ដល់​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា គឺ​បច្ចុប្បន្ន​មាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ដូច្នេះ​យើង​ឃើញថា​យើង​បាន​បង្កើន​ចំណូល​ដល់​សហគមន៍ ក្រៅពី​ចំណូល​នៃ​អនុផល​ព្រៃឈើ ប្រជាជន​អាច​រកចំណូលបាន​មួយទៀត​គឺ​នាំ​ភ្ញៀវ​ចូល​ព្រៃ​។ មួយទៀត​យើង​បាន​ជួយ​ផ្សព្វផ្សាយ​សម្រស់​ព្រៃឈើ​ស្អាតៗ ដែលមាន​អ្នក​អត់​ស្គាល់​ពីមុនមក យក​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ទេសចរ​គាត់​ចាប់អារម្មណ៍​ចង់​ស្គាល់ »​។ នេះ​ជាការ​លើកឡើង​របស់លោក ឡោ វុ​ឌ្ឍី ពីអ្វី​ដែល​ក្រុម​ដើរ​ព្រៃ​បាន​ជួយ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​។​
 
​អ្នកគ្រប់គ្រង​ក្រុម​ដើរ​ព្រៃ​រូបនេះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​មិនអាច​បង្កើត ក្រុម​ដើរ​ព្រៃ​ឡើង ក្នុង​ឆ្នាំ​២០១៣ ព្រោះ​រូបលោក និង​មិត្តភក្តិ​មាន​ភាព​មមាញឹក​ជាមួយ​ការងារ​ផ្ទាល់ខ្លួន និង​ត្រូវការ​ពេល​ស្រាវជ្រាវ​បន្ថែមទៀត​ក្នុងការ​បង្កើត​ក្រុម​មួយ​នេះ ទើប​ឆ្នាំ​២០១៧ ក្រុម​ដើរ​ព្រៃ បានចេញ​ជា​រូបរាង​ឡើង​៕
 

Tag:
 ឡោ វុ​ឌ្ឍី​
  ដើរ​ព្រៃ​
  ទេសចរណ៍ធម្មជាតិ​
  សម្ភាសន៍​
  វីដេអូ​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com