ជាតិ
បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី ១០-១២ វិច្ឆិកា​
09, Nov 2020 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ប្រកាស​ព័ត៌មាន​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​ថ្ងៃទី ៨ វិច្ឆិកា ដោយ​បញ្ជាក់ថា វិ​សម្ពាធ កំពុងស្ថិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើដំណើរ​ឆ្ពោះ​មក​ទិសបស្ចឹម ដោយ​បង្កើន​ឥទ្ធិពល​ទៅជា​កូន​ព្យុះ​ទី​២១ អេ​តូ នៅ​ថ្ងៃទី ១០ វិច្ឆិកា​។ បើតាម​ក្រសួង​ធនធានទឹក ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​រាជធានី​-​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី ១០-១២ វិច្ឆិកា​។​


​ចាប់ពី​ថ្ងៃទី ១០-១២ វិច្ឆិកា បណ្ដា​រាជធានី​-​ខេត្ត​នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​ភាគខាងត្បូង នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ក្រសួង​ធនធានទឹក បន្ថែមថា បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀងខ្យល់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​។ 
 
​ផ្អែកលើ​ស្ថានភាព​អាកាសធាតុ​ខាងលើ ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​តាមដាន​ព័ត៌មាន​អាកាសធាតុ ពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ដោយ​យថាហេតុ​៕ 
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com